en     km
en     km

តុលាការដោះលែង លោក កឹម សុខា នៅក្រៅឃុំបណ្តោះអាសន្នដោយសារបញ្ហាសុខភាព

Share

 

ភ្នំពេញ៖ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិត្រូវ បានដោះលែងឱ្យ​នៅក្រៅ​ឃុំបណ្ដោះអាសន្នស្ថិតក្រោមការត្រួតពិនិត្យ។ ការដោះលែងឱ្យនៅក្រៅឃុំដោយ​សារបញ្ហា​សុខភាព។នេះបើតាមដីការបង្គាប់ឱ្យដោះលែងចេញ​ដោយ​ចៅ​ក្រម​ស៊ើសួរ លោក គី ឬទ្ធី ចុះថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០១៨។

ក្នុងដីកាដោះលែងលោក​ កឹម សុខានេះ បង្គាប់ឱ្យប្រធានមណ្ឌលកែប្រែទី ៣ ម៣  ឱ្យ​ដោះលែង​​បណ្ដោះអាសន្ន លើលោក កឹម សុខា ដោយដាក់ស្ថិតក្រោមការពិនិត្យពីបទ សន្ទិដ្ឋិភាពជាមួយបរទេស។

យ៉ាងណា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ​សាលាដំបូងរាជធានី​ភ្នំពេញ​ចុះថ្ងៃទី ១០ កញ្ញា បានបង្ហាញថាទៅសាធារណៈជនថា ចៅក្រមស៊ើបសួរបាន​សម្រេចដោះ​លែង លោក កឹម សុខា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នស្ថិតក្រោមការឃ្លំាមើលរបស់អាជ្ញាធរ។

យ៉ាងណាមិញ ការសម្រេចនេះដោយផ្អែកលើហេតុផលសុខភាពរបស់លោក កឹម សុខាផ្ទាល់ និងមានការធានាខាងនីតិវិធីច្បាស់លាស់ថា លោក កឹម សុខា​មិន​អាច​រត់​គេច​ខ្លួន​ពីនីតិវិធី​តុលាការ​បានឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ចាន់ ចេន មេធាវីការពារក្ដីឱ្យលោក កឹម សុខា បានប្រាប់​អ្នកសារព័ត៌មានថា​ការដោះលែង លោក កឹម សុខានេះ គឺធ្វើឡើងនៅព្រឹកម៉ោង ៣ និង ៣០ ទៀបភ្លឺ។

មកដល់ពេលនេះ សកម្មជន អ្នកគាំទ្រ និងអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សនេះ​ប្រមាណ ជា ៣០០ ទៅ៤០០នាក់ កំពុងតែទៅសួរសុខទុក្ខលោក កឹម សុខា នៅផ្ទះ​របស់ លោកផ្ទាល់នៅខ័ណ្ឌទួលគោក រាជធានីភ្នំពេញ៕

Share

Image
Image
Image