រុស្ស៊ី ៖ យោងតាមសារព័ត៌មាន Asia Times ប្រទេសរុស្ស៊ី បានបង្កើននាវាចម្បាំងរបស់ខ្លួន នៅសមុទ្រ មេឌីទែរ៉ាណេ ចំពេលដែលសហរដ្ឋអាមេរិក គំរាមវាយប្រហារដោយកាំជ្រូចជាថ្មីម្ដងទៀត ទៅលើទីតាំងមួយចំនួនរបស់ប្រធានាធិបតី ស៊ិរី លោក បាសា អាល់អាសាដ ដែលគំរាមវាយលុក តំបន់ Idlib គ្រប់គ្រងដោយពួក ឧទ្ទាម គាំទ្រដោយអាមេរិក។
តាមសារព័ត៌មានដដែល នាវាចម្បាំងតូចៗចំនួន ១១គ្រឿង ត្រូវបានបញ្ជូនទៅតំបន់នោះ ដើម្បីការពារជំហររបស់ប្រទេស ស៊ីរី ដែលត្រៀម បើកការវាយលុក ចូលក្នុងតំបន់ Idlib ក្នុងគោលបំណង ដើម្បីរឹបអូសតំបន់នោះមកគ្រប់គ្រងវិញ។ នាវាចម្បាំង ចំនួន ១១គ្រឿងនេះ ក្នុងនោះមាននាវាមុជទឹកចំនួន ២គ្រឿង ហើយនាវាទាំងនោះផ្ទុកដោយកាំជ្រួចទៀតផង។ សេចក្ដីរាយការណ៍បានបញ្ជាក់ទៀតថា ការបញ្ជូននាវានេះ ធ្វើឡើងដោយការបញ្ជារបស់ប្រធានាធិបតី រុស្ស៊ី ប្លាឌីមៀពូទីន ហើយវាកើតឡើង ចំពេលដែលប្រធានាធិបតី បាសា អាល់អាសាដ បានស្នើជាសំងាត់ទៅរដ្ឋាភិបាលទីក្រុង មូស្គូ ឲ្យជួយទប់ទល់ ខ្លាចមានការប្រហារជាថ្មីទៀត ដោយអាមេរិក។
ប្រទេសរុស្ស៊ី បានចូលពាក់ព័ន្ធក្នុងសង្គ្រាមស៊ីវិលនៅប្រទេស ស៊ីរី នៅឆ្នាំ២០១៥ ក្នុងអន្ដរកាលដែលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ចោទរបបលោក បាសា អាល់អាសាដ ថា បានប្រើប្រាស់ អាវុធគីមី វាយប្រហារជនស៊ីវិល ហើយក្រោមលេសនេះ រុស្ស៊ី សម្រេចចូលពាក់ព័ន្ធ និងរបប បាសា អាល់អាសាដ ដើម្បីការពាសម្ព័ន្ធមិត្ដរបស់ខ្លួន។
តែយ៉ាងណាក៏ដោយ អាមេរិក អង់គ្លេស បារាំង បានវាយប្រហារដោយកាំជ្រួច ទៅលើមូលដ្ឋានសឹកប្រទេស៊ីរី ក្រោមការគ្រប់គ្រង របស់លោក បាសាអាល់អាដ ចំនួន ២លើកមកហើយ។ លោកប្រធានាធិបតីអាមេរិក ឌូណាល់ត្រាំ បានធ្វើការព្រមានជាថ្មីម្ដងទៀតថា លោកនឹងវាយប្រហារដោយប្រើប្រាស់កាំជ្រួច និងយន្ដហោះជាថ្មីទៀត ទៅលើទីតាំងមួយចំនួន នៃកងទ័ពរបស់លោក បាសា អាល់អាដ ប្រសិនបើ តំបន់ Idlib របស់ពួកឧទ្ទាមត្រូវបានវាយប្រហារនោះ។
កាលពីថ្ងៃទី០៧ កញ្ញា ម្សិលមិញ អាល្លឺម៉ង់ បារាំង អង់គ្លេស ហូឡង់ ប៊ែលសិក ប៉ូឡូញ បានស្នើសុំ ឲ្យក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិទប់ស្កាត់រឿងនេះជាបន្ទាន់។ មកដល់ពេលនេះ គម្រោងវាយលុកដើម្បីកាន់កាប់តំបន់ អាលីដ ផ្ដើមឡើងដោយប្រធានាធិបតី ស៊ីរី បាសាអាល់អាដ ស្ថិតនៅក្នុងស្ថានភាពរៀបចំខ្លួនរួចស្រេចទៅហើយ។ តំបន់អាលីដ គឺជាមូលដ្ឋាន ដ៏រឹងម៉ាំរបស់ពួកឧទ្ទាមគាំទ្រដោយអាមេរិក ហើយទីនោះជាជំរុំជនភៀសខ្លួន ដែលរត់ចេញពីតំបន់មួយចំនួនគ្រប់គ្រងដោយលោក អាសាដ។ ទីតាំងដ៏រឹងម៉ាំនេះ បានធ្លាក់ក្រោមការគ្រប់គ្រងដោយពួកឧទ្ទាមនៅឆ្នាំ២០១៤៕