ភ្នំពេញ ៖ ព្រះមហាក្សត្រព្រះបាទបរមនាថ នរោត្ដម សីហមុនី បានត្រាស់បង្គាប់បញ្ចប់មុខតំណែង មន្ដ្រីខុទ្ទកាល័យ ទីប្រឹក្សា និងជំនួយការថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
ព្រះរាជក្រឹត្យបានបញ្ជាក់ថា បញ្ចប់មុខតំណែងទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សា ជំនួយការទាំងអស់របស់ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ដ្រី ទីប្រឹក្សា ជំនួយការទាំងអស់ របស់ខុទ្ទកាល័យ ឧបនាយករដ្ឋមន្ដ្រី ទីប្រឹក្សា ជំនួយការទាំងអស់ របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងទីប្រឹក្សាជំនួយការ អមក្រសួង ស្ថាប័នទាំងអស់ ដែលបានតែងតាំងដោយព្រះរាជក្រឹត្យ មុនថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
តែយ៉ាងក្រោយពេលដែលបញ្ចប់មុខតំណែងជនទាំងអស់នោះ ស្របតាមព្រះរាជក្រឹត្យហើយ រដ្ឋមន្ដ្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន អាចរៀបចំតែងតាំងសាជាថ្មី នូវមន្ដ្រីខុទ្ទកាល័យ ទីប្រឹក្សា និងជំនួយការ ឲ្យបំពេញការងារក្នុងសាមីខុទ្ទកាល័យ អមសាមីក្រសួង ស្ថាប័នឡើងវិញបាន។ នេះបើយោងតាមសារាចរណែនាំ ស្ដីការតែងតាំងមន្ដ្រីខុទ្ទកាល័យ ទីប្រឹក្សា និងជំនួយការថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ របស់សម្ដេច ហ៊ុន សែន ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨៕