en     km
en     km

ក្រសួងកសិកម្មទទួលស្គាល់សហគមន៍នេសាទ៣ថែមទៀតជួយទប់ស្កាត់បទល្មើសជលផល

Share

​​​​​​​ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបញ្ជីសហគមន៍នេសាទចំនួន ៣បន្លែមទៀត ស្ថិតក្នុងខេត្តព្រៃវែង និងកោះកុង ដើម្បីកំណត់ព្រំប្រទល់នេសាទក្នុងសហគមន៍នីមួយៗ ឈានទៅទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដែលបង្កឡើងដោយក្រុមទុច្ចរិតខិតខូចមួយចំនួន។នេះបើយោងតាម​សេចក្តីប្រកា​សរបស់ក្រសួងកសិកម្ម ចុះហស្ថលេខាដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១០ កក្កដា ដែលទើបចុះផ្សាយនៅថ្ងៃទី០៦ សីហាម្សិលមិញនេះ។

                                         សកម្មភាពចុះបង្ក្រាបបទល្មើសនេសាទពីសំណាក់រដ្ឋបាលជលផល និងសហគមន៍នេសាទ។

 

សហគមន៍នេសាទចំនួន៣ ដែលក្រសួងទើបទទួលស្គាល់នេះ មានសហគមន៍២ស្ថិតក្នុងខេត្តព្រៃវែង គឺសហគមន៍តេជោសំពៅមាស និងសហគមន៍នេសាទសាមគ្គីកំពង់ប្រាំង និងមួយទៀត ស្ថិតនៅក្នុងខេត្តកោះកុងគឺសហគមន៍ កោះខ្យង។

តាមការឱ្យដឹងពីលោក លី វុទ្ធី នាយកនៃនាយកដ្ឋានអភិវឌ្ឍន៍នេសាទនៃរដ្ឋបាលជលផល ឱ្យដឹងក្នុងកម្មវិទ្យុរបស់វិទ្យុស្រ្តីកាលពីថ្ងៃទី៥ កញ្ញា ថារហូតមកដល់ពេលបច្ចុប្បន្នសហគមន៍នេសាទនៅទូទាំងប្រទេសមានចំនួន ៥១៦សហគមន៍ ស្ថិតក្នុងខេត្តចំនួន ២០។ ក្នុងនោះសហគមន៍នេសាទតំបន់ទឹកសាបមានចំនួន ៤៧៥ សហគមន៍ស្ថិតនៅក្នុងខេត្តចំនួន១៦។ រីឯសហគមន៍ទឹកប្រៃ មានចំនួន ៤១សហគមន៍នេសាទស្ថិតក្នុងខេត្តចំនួន ៤នៅតំបន់ឆ្នេរសមុទ្រ។

បើតាមលោក លី វុទ្ធី សហគមន៍នេសាទ គឺជាក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិមួយឬច្រើន រួមគ្នាដោយស្ម័គ្រចិត្តចូលរួមគ្រប់គ្រង ថែរក្សា អភិរក្ស ការពារ និងអភិវឌ្ឍន៍ធនធានជលផលនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមាននិរន្តភាព ដើម្បីលើកស្ទួយកម្រិតជីវភាពពលរដ្ឋក្នុងសហគមន៍នោះឱ្យល្អប្រសើរឡើង។ប្រជាពលរដ្ឋអាចស្នើសុំបង្កើតជាសហគមន៍នេសាទបាន នៅពេលដែលពួកគេយល់ថា តំបន់ដែលពួកគេកំពុងរស់នៅមានធនធានជលផលចាំបាច់សម្រាប់រក្សាឬគ្រប់គ្រងឱ្យបានគង់វង្ស។

សូមបញ្ជាក់ថា សហភាពអឺរ៉ុបបានចំណាយថវិកា ១២០លានយូរ៉ូ ឬស្មើប្រមាណ១៣៨លានដុល្លារសហរដ្ឋអាមេរិក លើការគាំទ្រ ការការពារធនធានជលផល និងការលើកស្ទួយកម្រិតជីវភាពសហគមន៍នេសាទ តាមរយៈជំនួយរបស់សហភាពអឺរ៉ុបផ្តល់ដល់កម្ពុជារយៈពេល៥ឆ្នាំខាងមុខពីឆ្នាំ២០១៨-២០២២ ។ នេះបើតាមការគូសបញ្ជាក់ពីមន្រ្តីសហភាពអឺរ៉ុបផ្នែកជលផល ក្នុងកម្មវិធីសហភាពអឺរ៉ុបក្នុងកិច្ចអភិវឌ្ឍរបស់វិទ្យុស្រ្តីកាលពីថ្ងៃទី០៥ កញ្ញា៕

Share

Image
Image
Image