en     km
en     km

លទ្ធផល​ប្រឡង​ បាក់​ឌុ​ប​ នឹង​ត្រូវ​ប្រកាស​មុន​ពេលកំណត់​

Share

​ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រកាស​ថា​ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា​ នឹង​ត្រូវ​ផ្សព្វផ្សាយ​មុន​ពេលកំណត់​។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ម្សិលមិញ​។​

​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុ​ប​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃអាទិត្យ​ ទី​០៩​ ខែកញ្ញា​ សម្រាប់​គ្រប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ដកណ្ដាល​។​ ដោយឡែក​សម្រាប់​ខេត្ដ​ផ្សេងៗ​ទៀត​ លទ្ធផល​ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ ទី​១០​ ខែកញ្ញា​។​ បន្ថែម​ពី​នេះ​ លទ្ធផល​ប្រឡង​ក៏​នឹង​ត្រូវ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​ផង​ដែរ​។​

​ក្រសួង​អប់រំ​ បាន​បញ្ជាក់​ថា​ ការ​ប្រកាស​លទ្ធផល​នេះ​ ធ្វើ​ឡើង​មុន​កាលបរិច្ឆេទ​កំណត់​ ដោយសារ​តែ​ដំណើរការ​កំណែ​ និង​ដំណើរការ​ស្រង់​ បូក​ពិន្ទុ​ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​ បាន​ប្រព្រឹត្ដ​ទៅ​ដោយ​រលូន​ និង​តម្លាភាព​ប្រកបដោយ​ស្មារតី​យកចិត្ដទុកដាក់​ និង​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ប្រធាន​ អនុប្រធាន​ និង​សមាជិក​អនុ​គណៈកម្មការ​ទាំងអស់​ដែល​ពាក់ព័ន្ធ​។​

​យ៉ាងណា​រដ្ឋមន្ដ្រីក្រសួង​អប់រំ​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ កាលពី​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ ដោយ​បង្ហាញ​សុទិដ្ឋិនិយម​ថា​ លទ្ធ​ផ​ប្រឡង​នៅ​ឆ្នាំ​២០១៨​នេះ​ សិស្ស​ និទ្ទេស​ អេ​ នឹង​មាន​ចំនួន​កើនឡើង​ជាង​កាលពី​ឆ្នាំ​២០១៧​ បើ​ទោះជា​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ចំនួន​ជាក់លាក់​ក៏​ដោយ​។​ ដំណើរការ​សំ​ណេ​រ​ នៅ​ឆ្នាំ​នេះ​ ក្រសួង​អប់រំ​ បាន​វាយតម្លៃ​ថា​ គឺ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​ ដោយហេតុ​ថា​ បេក្ខជន​ប្រឡង​ បាន​គោរព​នូវ​បទបញ្ញត្ដិ​ នៃ​ការ​ប្រឡង​បាន​យ៉ាង​ល្អ​ ដោយ​ស្ទើរតែ​គ្មាន​សិស្ស​ណា​ម្នាក់​នាំ​សំណៅ​ឯកសារ​ ឬ​ឧបករណ៍​ហាមឃាត់​ ចូល​មណ្ឌល​ប្រឡង​ឡើយ​។​

​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុ​ប​ ឆ្នាំ​២០១៨​នេះ​ មាន​បេក្ខជន​សរុប​ ១​សែន​ ១​ម៉ឺន​ ៥​ពាន់​ ២៦៨​នាក់​ (១១៥២៦៨​នាក់​)​ ហើយ​សិស្ស​ស្រី​មាន​ ៥​ម៉ឺន​ ៨​ពាន់​ ១៥៨​នាក់​ (៥៨១៥៨​នាក់​)​។​ រយៈពេល​ពីរ​ថ្ងៃ​ នៃ​ការ​ប្រឡង​នេះ​ មាន​បេក្ខជន​អវត្ដមាន​សរុប​ ១​ពាន់​ ៨៩៩​នាក់​ (១៨៩៩​នាក់​)​ ក្នុង​នោះ​មាន​សិស្ស​ស្រី​ ៧៤៤​នាក់​៕

Share

Image
Image
Image