ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា នឹងត្រូវផ្សព្វផ្សាយមុនពេលកំណត់។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំផ្សព្វផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ម្សិលមិញ។
សេចក្ដីប្រកាសរបស់ក្រសួងអប់រំ បានប្រាប់ឲ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនឹងត្រូវប្រកាសនៅថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា សម្រាប់គ្រប់មណ្ឌលនៅរាជធានីភ្នំពេញ និងខេត្ដកណ្ដាល។ ដោយឡែកសម្រាប់ខេត្ដផ្សេងៗទៀត លទ្ធផល នឹងត្រូវប្រកាសនៅថ្ងៃចន្ទ ទី១០ ខែកញ្ញា។ បន្ថែមពីនេះ លទ្ធផលប្រឡងក៏នឹងត្រូវបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំផងដែរ។
ក្រសួងអប់រំ បានបញ្ជាក់ថា ការប្រកាសលទ្ធផលនេះ ធ្វើឡើងមុនកាលបរិច្ឆេទកំណត់ ដោយសារតែដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុ តាមប្រព័ន្ធកុំព្យូទ័រ បានប្រព្រឹត្ដទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកចិត្ដទុកដាក់ និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធ។
យ៉ាងណារដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន កាលពីថ្ងៃទី០៤ ខែកញ្ញា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ដោយបង្ហាញសុទិដ្ឋិនិយមថា លទ្ធផប្រឡងនៅឆ្នាំ២០១៨នេះ សិស្ស និទ្ទេស អេ នឹងមានចំនួនកើនឡើងជាងកាលពីឆ្នាំ២០១៧ បើទោះជាលោកមិនទាន់អាចបញ្ជាក់ពីចំនួនជាក់លាក់ក៏ដោយ។ ដំណើរការសំណេរ នៅឆ្នាំនេះ ក្រសួងអប់រំ បានវាយតម្លៃថា គឺមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ដោយហេតុថា បេក្ខជនប្រឡង បានគោរពនូវបទបញ្ញត្ដិ នៃការប្រឡងបានយ៉ាងល្អ ដោយស្ទើរតែគ្មានសិស្សណាម្នាក់នាំសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ ចូលមណ្ឌលប្រឡងឡើយ។
សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០១៨នេះ មានបេក្ខជនសរុប ១សែន ១ម៉ឺន ៥ពាន់ ២៦៨នាក់ (១១៥២៦៨នាក់) ហើយសិស្សស្រីមាន ៥ម៉ឺន ៨ពាន់ ១៥៨នាក់ (៥៨១៥៨នាក់)។ រយៈពេលពីរថ្ងៃ នៃការប្រឡងនេះ មានបេក្ខជនអវត្ដមានសរុប ១ពាន់ ៨៩៩នាក់ (១៨៩៩នាក់) ក្នុងនោះមានសិស្សស្រី ៧៤៤នាក់៕