en     km
en     km

អតីតCNRPហៅសភានិងរាជរដ្ឋាភិបាលថ្មីថាជារបស់ក្លែងក្លាយតែមន្ត្រីបក្សCPP​មិនខ្វល់ឡើយ

Share

ភ្នំពេញ៖ រដ្ឋាភិបាលថ្មីនៃកម្ពុជា សម្រាប់អាណត្តិទី៦ មាននាយករដ្ឋមន្រ្តី១រូប គឺសម្តេច ហ៊ុន សែន ឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តីចំនួន ១៧រូប និងរដ្ឋមន្រ្តីចំនួន ២៩រូប ដែលទើបទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ​យ៉ាងណាក៏ដោយ អតីតគណបក្សប្រឆាំងមិនទទួលស្គាល់រដ្ឋាភិបាលថ្មីនេះឡើយ។ តែអ្នកនាំពាក្យបក្សកាន់អំណាចថា សារនយោបាយរបស់អតីតប្រឆាំងគ្មានន័យឡើយ។

លោក សោម លាភ រាយការណ៍ពីព័ត៌មាននេះ៖

 

គិតមកដល់ថ្ងៃទី ៧ កញ្ញានេះ សមាភាពរាជរដ្ឋាភិបាល និងរដ្ឋសភា ត្រូវបានបានសម្រេច ហើយបន្ទាប់ពីសភាបានបោះឆ្នោត ជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការ ជំនាញនៃរដ្ឋសភា ដោយបានផ្តល់សេចក្តីទុកចិត្ត ចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំបន្តទៀតដោយសម្ដេចហ៊ុនសែន។

បន្ទាប់ពីទទួលបានដំណែងជាប្រធានរដ្ឋសភាបន្ត សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាថ្មី បានប្ដេជ្ញាចិត្តនឹងខិតខំគ្រប់សកម្មភាព ដើម្បីបំពេញភារកិច្ចតួនាទីការពារផលប្រយោជន៍ជនរួមជាតិទូទៅដែលជាម្ចាស់ឆ្នោត ។

ដូចគ្នានេះដែរ សម្ដេច ហ៊ុន សែន ដែលបានក្លាយជានាយករដ្ឋមន្រ្តី នីតិកាលថ្មីនេះ ក៏បានប្ដេជ្ញាចិត្តដឹកនាំស្ថាប័ន នីតិប្រតិបត្តិរបស់ជាតិ ឱ្យសម្រេចជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលបាន សន្យាដោយគណបក្សប្រជាជនកម្ពុជា។

ស្របពេលដែរគណបក្សប្រជាជនកម្ពុជា កំពុងតែបង្កើតក្បាលម៉ាស៊ីនដឹកនាំថ្មី អតីតគណបក្សសង្គ្រោះជាតិបានចេញលិខិតមួយដោយមិនទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលថ្មីនេះឡើយ។

ក្នុងសេចក្ដីប្រកាសរបស់អតីតគណបក្សប្រឆាំងមួយនេះបានសរសេរថា  រដ្ឋសភាឯកបក្សនេះ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈ ពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរឡើយ។

ជាងនេះទៅទៀត បណ្ដាប្រទេសសេរីធំៗ ដែលជាម្ចាស់ជំនួយ និងជាទីផ្សារសំខាន់សម្រាប់កម្ពុជា ក៏មិនទទួលស្គាល់ របស់រដ្ឋសភាឯកបក្ស និងរដ្ឋាភិបាលដែលកើតចេញ ពីការបោះឆ្នោតក្លែងក្លាយកាលពីថ្ងៃទី ២៩ កក្កដានោះដែរ។

ទោះជាអតីតបក្សប្រឆាំង វាយប្រហារឬប្រមាថដូចនេះ តែសម្រាប់អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន្ តបាននិយាយនៅក្នុងបទ សម្ភាសជាមួយវិទ្យុស្រី្តថា ទោះជាបក្សដែលត្រូវបានរំលាយនេះ ខំព្យាយាមវាយប្រហារយ៉ាងណាក៏ដោយ គឺនៅមិនធ្វើអោយបក្សកាន់អំណាចឈឺក្បាលអ្វីឡើយ។

ស្របពេលនេះដែល រាជរដ្ឋាភិបាលថ្មី និងសភានីតិកាលទី៦ ត្រូវបានបង្កើតឡើង គេសង្កេតឃើញបក្សតូចៗ ដែលកំពុងក្លាយជាក្រុមប្រឹក្សាយោបល់ អោយបក្សកាន់អំណាចបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់គាំទ្ររដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី ។

សូមបញ្ជាក់ថា រដ្ឋសភាអាណត្តិថ្មីនេះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានអង្គុយលើអាសនៈទាំង ១២៥ នៃរដ្ឋសភា៕  

Share

Image
Image
Image