en     km
en     km

សម្ដេច ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជាមិនប្ដូរមន្ត្រីចាស់តែថែមមន្ត្រីថ្មី

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ៧ កញ្ញានេះថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះរហូតដល់ថ្ងៃនេះ មិនមែនមកពីសម្ដេចតែម្នាក់ឯងនោះទេ ផ្ទុយទៅវិញ គឺបានមកពីមន្ត្រីចាស់ៗរបស់សម្ដេចទៅវិញ ។ដូចនេះគណបក្សនេះ​ នឹងមិនដូរមន្ត្រីចាស់ៗចេញទេ គឺមានតែថែមកម្លាំងថ្មី។ សម្ដេចថា នេះជាភាពខ្លាំងរបស់គណបក្សប្រជាជនដែលឈ្នះឆ្នោតរហូតមកនេះ។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍!

 

បន្ទាប់ពីសម្ដេចហ៊ុនសែន ត្រូវបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដោយរដ្ឋសភារួចមកកាលពីថ្ងៃទី៦ កញ្ញាម្សិលមិញនេះ សម្ដេចបានបើកអង្គប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ដើម្បីរៀបចំគណៈរដ្ឋមន្ត្រីនិង យុទ្ធសាស្ត្រដឹកនាំរាជរដ្ឋាភិបាលនិងការអភិវឌ្ឍប្រទេស។

ក្នុងកិច្ចប្រជុំនេះ សម្ដេច ហ៊ុន សែន បានបង្ហាញពីជំហរថា គណបក្សប្រជាជនកម្ពុជា មិនអាចដកមន្ត្រីចាស់ៗរបស់ខ្លួននោះទេគឺត្រូវបញ្ចូលកម្លាំងថ្មីថែមទៀត បើទោះបីជាមានអ្នករិះគន់យ៉ាងណាក្ដី។

ជាងនេះ សម្ដេច ថា គណបក្សណាដែលមានការដកតំណែង ដោះដូរតំណែង មន្ត្រីរបស់ខ្លួននោះ គណបក្សនោះនឹងដួលជាក់ជាមិនខាន។ យ៉ាងណាមិញ គណបក្សបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះគ្រប់លើកនៃការបោះឆ្នោតនេះ គឺដោយសារគណបក្សនេះ មិនមានការដោះដូរមន្ត្រីចាស់នោះ ព្រោះមន្ត្រីទាំងនោះ ជាអ្នកមានសមត្តភាពគ្រប់គ្រាន់។

សម្ដេចថា ការកែទម្រង់សំខាន់ លើប្រសិទ្ធភាពការងារមិនសំខាន់លើការដោះដូរមនុស្សនោះទេ ហើយការដូរមនុស្សមិនខុសពីការសម្លាប់ខ្លួននោះទេ។

សម្ដេច ហ៊ុន សែន៖«គេថាកំណែទម្រង់ទាល់តែដូរមនុស្ស។ខ្ញុំសូមបញ្ជាក់ថាបើកែទម្រង់ហើយដូរមនុស្សមិនខុសពីការសម្លាប់ខ្លួននោះទេ។ការកែទម្រង់សំខាន់ លើប្រសិទ្ធភាពការងារមិនសំខាន់លើការដោះដូរមនុស្សនោះទេ។ ខ្ញុំមិនខ្វល់ទេ សំខាន់ប្រសិទ្ធភាពការងារ។ ខ្ញុំសួរ កាញារីទ្ធ ម្សិលមិញ ស្រាអ្វីដែលឆ្ងាញ់ ។ គេថាស្រាឆ្ងាញ់ទាល់តែស្រាចាស់។ ធ្វើនយោបាយបើធ្វើគ្រាន់តែដោះដូរម នុស្សគណបក្សនយោបាយ មួយនោះនឹងស្លាប់ ហើយមេដឹកនាំ នយោបាយមួយនោះនឹងស្លាប់។ រក្សាចាស់បង្កើនថ្មីនេះហើយ ជាទម្លាប់ របស់ហ៊ុន សែន ។ តើសមិទ្ធផលដែលទទួលបានកន្លងមកតើបានមកពី ហ៊ុនសែន ម្នាក់ឯងឬបានមកពី រាជរដ្ឋាភិបាលទាំងមូលបើគ្មានការចូលរួមពីសមាជិករាជរដ្ឋាភិបាល មិនអាចជោគជ័យបាននោះទេ»។

សម្ដេច ហ៊ុន សែន មិនមានការភ្ញាក់ផ្អើលទេ ​ចំពោះអ្នកមិនបោះឲ្យគណបក្សប្រជាជនព្រោះអ្នកទាំងនេះប្រឆាំងផ្កាប់មុខទោះស្លាប់ទៀតក៏នៅតែប្រឆាំងដែរ។ យ៉ាងណា សម្ដេចក៏ប្រៀបធៀបវាទៅនឹងសាសនាផងដែរ មិនអាចទាញយកសម្លេងបានទាំងអស់នោះទេ។

សម្ដេច ហ៊ុន សែន៖ «ខ្ញុំមិនភ្ញាក់ផ្អើលទេចំពោះ អ្នកមិនបោះឲ្យគណបក្សប្រជាជនព្រោះ អ្នកទាំងនេះប្រឆាំងផ្កាប់មុខទោះស្លាប់ក៏មិន បោះឆ្នោតឲ្យគណបក្ស ប្រជាជនដែរ។ គ្មានអ្នកណាអាចធ្វើឲ្យប្រជាជនស្រឡាញ់ទាំងអស់នោះទេ រួមទាំងសាសនាផងដែរ។សាសនានៅលើលោកនេះក៏មិនអាច យកប្រជាជនបានទាំងអស់ដែរ។ គ្មានអ្នកណាអាចធ្វើឲ្យប្រជាជនស្រឡាញ់ទាំងអស់នោះទេ រួមទាំងសាសនាផងដែរ។ សាសនានៅលើលោកនេះក៏មិនអាច យកប្រជាជនបានទាំងអស់ដែរ។ ដូច្នេះគ្មានគណបក្សនយោបាយណាមួយ យកចិត្តប្រជាជនបានទាំងអស់ទេទាំងគណបក្ស ប្រជាជនក៏ដោយ»។

យ៉ាងណាក្ដី អ្នកវិភាគនយោបាយវ័យក្មេងកញ្ញា លី ស្រីស្រស់ បានប្រាប់វិទ្យុស្រ្តីថា ការដឹកនាំដោយមិនប្ដូរមន្ត្រីចាស់ចេញនោះទេ គឺនឹងមិនសូវមានប្រសិទ្ធិភាពឡើយ។

គួររំលឹកថា សម្ដេច ហ៊ុន សែន ត្រូវបានសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ឱ្យក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមួយអាណត្តិទៀត ពោលគឺបន្តដឹកនាំកម្ពុជាចំនួន៥ឆ្នាំទៀត។ សម្ដេចហ៊ុនសែន ធ្លាប់មានប្រសាសន៍ថា សម្ដេចនឹងនៅកាន់អំណាចដឹកនាំប្រទេសកម្ពុជារយៈពេល ១០ឆ្នាំបន្តទៀតហើយថាមានគណបក្សប្រជាជនកម្ពុជាទើបមានសន្តិភាព និងការអភិវឌ្ឍ៕

Share

ព័ត៌មានទាក់ទង

Image