អ្នកវិភាគពីការអភិវឌ្ឍសង្គមកម្ពុជាមួយរូប បានប្រកាសឈប់ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លើរឿងដែលមិនជាប់ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវរបស់ខ្លួន ចាប់ពីដើមខែតុលា ឆ្នាំ២០១៥នេះតទៅ។
លោកកែម ឡី បានប្រកាសបែបនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកកាលពីថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០១៥ ដោយលោកថា នឹងឈប់ផ្តល់បទវិភាគដល់សារព័ត៌មានជាតិ និងអន្តរជាតិចាប់ពីខែតុលា២០១៥នេះតទៅ។
ការប្រកាសឈប់ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននេះ ដោយលោកមានមូលហេតុមួយចំនួន ដូចជា ចង់រក្សាពេលវេលាផ្ទាល់ខ្លួនក្នុងការស្រាវជ្រាវ និងសិក្សាបន្ថែម ការបណ្តុះយុវជនពីជំនាញស្រាវជ្រាវតាមលក្ខណវិទ្យាសាស្ត្រ និងពង្រឹងជីវភាពឡើងវិញ។ ម្យ៉ាងទៀត លោកកែម ឡី ក៏បញ្ជាក់មូលហេតុផងដែរថា លោកចង់ឲ្យអ្នកនយោបាយ និងអ្នកធ្វើសេចក្តីសម្រេចចិត្ត ចាប់ផ្តើមព្យាយាមប្រើប្រាស់ព័ត៌មាន ដែលចេញពីការសិក្សាស្រាវជ្រាវត្រឹមត្រូវ តាមលក្ខណវិទ្យាសាស្ត្រ ចង់រក្សាពេលវេលាផ្ទាល់ខ្លួន ក្នុងការស្រាវជ្រាវ និងសិក្សាបន្ថែមទៀត ចង់រក្សាពេលវេលាក្នុងការបណ្តុះយុវជន ពីជំនាញស្រាវជ្រាវតាមលក្ខណវិទ្យាសាស្ត្រ ចង់រក្សាពេលវេលាក្នុងការពង្រឹងគុណភាពនៃការសិក្សាស្រាវជ្រាវបន្ថែម ចង់រក្សាពេលវេលាសម្រាប់ធ្វើការស្រាវជ្រាវបន្ថែមក្នុងការពង្រឹងជីវភាពឡើងវិញ (អ្នកវិភាគដាច់បាយ)។
លោកកែម ឡី ក៏បានបញ្ជាក់ពីមូលហេតុសំខាន់មួយទៀតក្នុងការឈប់ផ្ដល់បទសម្ភាសន៍នេះផងដែរថា មានអ្នកស្តាប់ជាច្រើនបានសំណូមពរ និងចង់ឲ្យលោកវិភាគតែព័ត៌មានដែលមានលក្ខណវិទ្យាសាស្ត្រ និងមិនចង់ឲ្យលោកវិភាគគ្រប់តែបញ្ហាសង្គមនោះទេ។
យ៉ាងនេះក្ដី លោកកែម ឡី នៅតែបន្តផ្ដល់ការសម្ភាសន៍ សម្រាប់បទវិភាគដែលទាក់ទងនឹងទិន្នន័យចេញពីការសិក្សាស្រាវជ្រាវតាមលក្ខណវិទ្យាសាស្ត្រដូចជា ការសិក្សាស្រាវជ្រាវពីសុខភាពប្រជាសាស្ត្រ ការសិក្សាស្រាវជ្រាវពីសេដ្ឋកិច្ចសង្គម ការសិក្សាស្រាវជ្រាវពីបរិស្ថាន និងការគ្រប់គ្រងធនធានរ៉ែ និងធនធានធម្មជាតិ ការសិក្សាស្រាវជ្រាវពីការអប់រំ និងកសិកម្ម ការសិក្សាស្រាវជ្រាវពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចអភិវឌ្ឍសង្គម ការសិក្សាផ្សេងៗនៅថ្នាក់ជាតិ អាស៊ាន តំបន់ និងអន្តរជាតិ ការសិក្សាស្រាវជ្រាវពីជនចំណាកស្រុក និងមីក្រូហិរញ្ញវត្ថុជាដើម។
លោកកែម ឡី បញ្ជាក់ជាចុងក្រោយថា នៅតែផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មានបានលុះណាតែនៅក្នុងវេទិកាសាធារណៈ ក្នុងការបកស្រាយទូលំទូលាយ និងមានការពិភាក្សាពហុមតិ រវាងរដ្ឋាភិបាល សង្គមស៊ីវិល យុវជន និងតំណាងជនរងគ្រោះ៕