អន្ដរជាតិ៖ សហភាពអឺរ៉ុប និងប្រទេសអង់គ្លេស បានធ្វើការព្រមានជាថ្មីម្ដងទៀតទៅលើរដ្ឋាភិបាលប្រធានាធិបតីបាសាល់អាល់អាសាដ អោយបញ្ឈប់ផែនការលុកលុយតំបន់ដែលពួកឧទ្ទាមកំពុងកាន់កាប់ដោយព្រមានថា អាចប្រឈមនឹងការវាយបកដោយការសងសឹក។
ការព្រមាននេះធ្វើឡើងនៅមុនកិច្ចប្រជុំមួយរបស់ពួកយោធារុស្ស៊ី អៀររង់ និងតួកគី ស្ដីអំពីតំបន់អេដលីប Id lib ដែលពួកឧទ្ទាមកំពុងកាន់កាប់ ហើយកងទ័ពស៊ីរីដាក់ផែនការវាយកម្ទេចឆាប់ៗនេះ ។
តាមទីភ្នាក់ងារសារព័ត៌មាន AP សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងដោយ តំណាងប្រទេសប៊ែលហ្ស៊ិក អង់គ្លេស បារាំង អាល្លឺមង់ អ៊ីតាលី ញ៉ូដេលី ប៉ូឡូញ ស៊ុយអ៊ែត បានបញ្ជាក់ថា គេត្រូវការអោយតំបន់ Id lib ស្ថិតនៅក្នុងស្ថានភាពអហិង្សា ហើយបើរងការវាយប្រហារនឹងនាំអោយផ្ទុះការសងសឹក។
សហរដ្ឋអាមេរិកបានប្រកាសថា គេបានរកឃើញអាវុធគីមីច្រើនថែមទៀតដែលកងទ័ពអាសាដ ត្រៀមវាយប្រហារទៅលើតំបន់ Id lib។
កាលពីដើមសប្ដាហ៍នេះ លោកដូណាល់ត្រាំ បានសរសេរលើ Twitter របស់លោកដោយព្រមានថា បើតំបន់អេដលីបរងការវាយប្រហារមែននោះ គឺ សហរដ្ឋអាមេរិក និងសម័្ពន្ធមិត្តអង់គ្លេស បារាំង នឹងវាយប្រហារជាថ្មីទៀតទៅលើកងទព័ប្រធានាធិបតីអាសាដ ។
តំបន់អេលីបនៃភាគឦសាន ប្រទេសស៊ីរី បានក្លាយជាជំរុំជនភៀសខ្លួនដ៏ធំរបស់ពួកឧទ្ទាមដែលអាមេរិកគាំទ្រ ហើយទីជម្រកនេះ កើតមានតាំងពីប្រទេសស៊ីរីធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមនៅឆ្នាំ ២០១១។
ដោយសារសង្រ្គាមស៊ីវិលធ្វើអោយប្រជាជនស៊ីរី ៣៥ម៉ឺននាក់បានស្លាប់ និងជនភៀសខ្លួនកើនឡើងច្រើនលាននាក់ ទៅនៅប្រទេសជិតខាង៕