ភ្នំពេញ៖ សត្វស្វាក្តាមជាង ៥ពាន់ក្បាលត្រូវបាននាំចេញទៅបណ្តាលប្រទេសជឿនលឿនមួយចំនួនដើម្បីធ្វើការស្រាវជ្រាវ និងពិសោធន៍ធ្វើជាឱសថសម្រាប់ព្យាបាលមនុស្ស និងសត្វ។ នេះបើយោងតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆមាសទី១ ឆ្នាំ២០១៨នេះ។
បើតាមរបាយការណ៍ មានក្រុមហ៊ុនចំនួន៦ ដែលមានកសិដ្ឋានស្រាវជ្រាវចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្តាមយកកូននាំចេញមានចំនួន ៧ទីតាំងនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយមានស្វាក្តាមសរុបចំនួន ៥៥ ៤៤៦ក្បាល។ ក្នុងនោះកូនកើតក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០១៨ មានចំនួន ៥៩៧៩ក្បាល ដឹកជញ្ជូនក្នុងស្រុកបានចំនួន ១០៧៣ក្បាល និងនាំចេញបានចំនួន៥០០៨ក្បាល។
ក្រសួងកសិកម្មបានផ្តល់លិខិតអនុញ្ញាតដឹកជញ្ជូនសត្វព្រៃក្នុងស្រុកចំនួន ៩សន្លឹក មានសត្វក្តាមចំនួន១០៧៣ក្បាល និងផ្តល់លិខិតអនុញ្ញាតដឹកជញ្ជូនសម្រាប់នាំចេញទៅក្រៅប្រទេសចំនួន ១៨សន្លឹក មានសត្វស្វាក្តាមសរុបចំនួន ៥០០៨។
តាមរយៈការចុះធ្វើជំរឿនសត្វស្វានៅទីសាធារណៈ និងតំបន់សួនសត្វនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ធំ កំពង់ចាម កំពង់ធំ ក្រចេះ បាត់ដំបង និងខេត្តព្រះសីហនុ ក្រសួងបានរាប់ឃើញសត្វស្វាសរុបចំនួន២៩៧០ក្បាល ក្នុងនោះមាន សត្វស្វាក្តាមចំនួន ២៧៤៣ក្បាល ស្វាត្រោសមានចំនួន២២៦ក្បាល និងស្វាព្រាមចំនួន១ក្បាល។
ដោយឡែករបាយការណ៍នៃការនាំចេញសត្វស្វាក្តាមកាលពីឆ្នាំ២០១៧ មានចំនួន៤៣១០ក្បាល។
យោងតាមរបាយការណ៍ក្រសួងកសិកម្មដដែលឱ្យដឹងថា នៅកម្ពុជាមានកសិដ្ឋាន ៧សម្រាប់ចិញ្ចឹម និងបង្កាត់ពូជស្វាក្តាម ដើម្បីនាំចេញទៅក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង និងអូស្ត្រាលីជាដើម។ ស្វាក្ដាមត្រូវបាននាំចេញក្នុងគោលដៅ ដើម្បីសិក្សាស្រាវជ្រាវផ្នែកឱសថមនុស្ស និងសត្វ។
សត្វស្វាក្តាម គឺជាប្រភេទសត្វ ដែលចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃលិចទឹក តំបន់ព្រៃភ្នំ តំបន់ព្រៃកោងកាង តាមឆ្នេរសមុទ្រ និងតំបន់កសិកម្ម។ បើតាមក្រសួងកសិកម្មដដែល ស្វាក្តាមមានវត្តមានស្ទើរតែទូទាំងតំបន់នៃប្រទេសកម្ពុជា និងបណ្តាប្រទេសនានានៃភូមិភាគអាស៊ីអាគ្នេយ៍រួមមាន៖ ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងកោះសូម៉ាត្រា៕