ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញបម្រាមហាមលក់ចែកចាយបន្តថ្នាំវ៉ាក់សាំងជំងឺឆ្កែឆ្កួត ( Rabies Vaccine) ដែលផលិតនៅរោងចក្រក្នុងប្រទេសចិនខុសស្តង់ដារច្បាប់។
ថ្នាំវ៉ាក់សាំងបង្ការឆ្កែឆ្កួតផលិតនៅចិននាំចូលមកកម្ពុជាដោយក្រុមហ៊ុន K-MAN Co,…Ltd។ ការប្រមានធ្វើឡើងបន្ទាប់ពីស្ថានទូតខ្មែរប្រចាំនៅប្រទេសចិនរកឃើញថាក្រុមហ៊ុនផលិត Changchun Changsheng Life Sciences Ltd បានចែកចាយថ្នាំវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតនៅប្រទេសចិនខុសស្តង់ដារ។
យោងតាមសេចក្តីជូនដំណឹងក្រសួងសុខាភិបាលអំពាវនាវឱ្យគ្រឹះស្ថានលក់ឱសថក្នុងស្រុកដែលប្រតិបត្តិការនាំចូល ឬចែកចាយត្រូវប្រមូលថ្នាំវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត( Rabies Vaccine) មកវិញ។
ក្រសួងសុខាភិបាលក៏ណែនាំឱ្យមន្ទីរសុខាភិបាលទាំំងអស់ រួមទាំងមន្ទីរពេទ្យឯកជន ឬ ក្លីនិច ត្រូវបញ្ឈប់ការប្រើប្រាស់ដើម្បីព្យាបាលអ្នកជំងឺ និងចែកចាយ ឬតាំងលក់ថ្នាំវ៉ាក់សាំងបង្ការឆ្កែឆ្កួតនៅលើទីផ្សារកម្ពុជា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ឱ្យដឹងថា ថ្នាំវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទាំងអស់ក្រសួងបានប្រមូលទុកអស់ហើយ គ្មានលក់នៅលើទីផ្សារកម្ពុជាទៀតទេ។លោកអះអាងថា ពុំទាន់មានរបាយការណ៍បង្ហាញអំពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំវ៉ាក់សាំងប្រភេទនេះនៅឡើយទេ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រមាននឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថាននាំចូលឱសថ និងឱសថស្ថានណាដែលនៅបន្តតាំងលក់វ៉ាក់សាំងប្រភេទនេះនៅលើទីផ្សារកម្ពុជា៕