ភ្នំពេញ៖ក្រុមសហជីពធំៗក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែងជើងសម្រេចយកតួលេខជាង ២០០ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បរមាកម្មករកាត់ដេរឆ្នាំ ២០១៩ ដើម្បីចរចាជាមួយនិយោជក នៅសប្តាហ៍ក្រោយនេះ។ ទាក់ទិនរឿងនេះ ក្រុមថៅកែរោងចក្រពុំទាន់កំណត់តួលេខប្រាក់ឈ្នួលអប្បរមាកម្មករនៅឡើយទេ។ ប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងការងារបង្ហាញពីផលវិជ្ជាមានក្នុងការឡើងប្រាក់ខែកម្មកររោងចក្រ។
ក្រោយពីមានការពិភាក្សាគ្នានៅថ្ងៃទី ៦ កញ្ញា នេះ ក្រុមសហជីពធំៗក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែងជើងសម្រេចកំណត់តួលេខ ២១១.៤៩ ដុល្លារ សម្រាប់ប្រាក់ខែគោលកម្មកររោចក្រឆ្នាំ២០១៩ ដើម្បីដាក់លើតុចរចាជាមួយក្រុមនិយោជក នៅថ្ងៃទី ១០ ខែ កញ្ញានេះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(CLC) បានប្រាប់វិទ្យុស្ត្រីថា ក្រុមសហជីពសម្រេចយកតួលេខ ២១១.៤៩ ដុល្លារដាក់លើតុចរចាជាមួយនិយោជកដោយផ្អែកលើមូលដ្ឋានការរស់នៅរបស់កម្មករ រួមទាំងអតិផរណា កំណើនផលិតភាព និងកម្រិតចំណេញ មានកើនឡើងជាបន្តបន្ទាប់។
លោក អាត់ ធន់៖ «ខ្ញុំយល់ថាតួលេខនេះគឺវាជាតួលេខមួយមានការឯកភាពគ្នាជាក្រុមសំឡេងភាគច្រើនទោះបីបានមិនអស់តែតួលេខនឹងត្រូវយើងដាក់យកទៅចរចាហើយ។ចំនួនជាក់ស្តែងជាធម្មតាវាមិនបានទៅតាមអ្វីដែលយើងដាក់ពេលដំបូងវាតែងតែមានការជជែកគ្នា យ៉ាងហោចណាស់ក៏យើងបានឯកភាពគ្នាមានតួលេខរួមហើយ»។
លោក អាត់ ធន់ ជឿថាតួលេខនេះអាចនឹងធ្លាក់ចុះជាងនេះ នៅពេលចរចាប្រាក់ឈ្នួលអប្បរមា។ ទោះបីយ៉ាងណាលោក សង្ឃឹមថា ប្រាក់ខែគោលកម្មករសម្រាប់ឆ្នាំថ្មីនឹងបន្តកើនឡើងទៀត។
តាមការគ្រោងទុកក្រសួងការងារនឹងបើកកិច្ចប្រជុំចរចាត្រីភាគីប្រាក់ឈ្នួលអប្បរមាកម្មករ សម្រាប់ឆ្នាំ ២០១៩ នៅថ្ងៃទី៩ ខែ កញ្ញានេះ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ដែលតំណាងឱ្យភាគីថៅកែរោងចក្រមានប្រសាសន៍ថា ភាគីលោកពុំទាន់សម្រេចតួលេខកំណត់ប្រាក់ឈ្នួលអប្បរមាកម្មករជាក់លាក់នៅឡើយ ប៉ុន្តែលោកថា ភាគីថៅកែរោងចក្រមានរូបមន្តសម្រាប់គណនាតួលេខមានលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ចនិងសង្គម ហើយតួលេខនឹងបង្ហាញនៅថ្ងៃប្រជុំនៅពេលខាងមុខ។
លោក កាំង ម៉ូនីកា៖ «យើងមិនទាន់មានតួលេខទេបាទ ប៉ុន្តែយើងគ្រាន់តែមានមូលដ្ឋានសម្រាប់គិតរបស់យើងគឺយកតាមរូបមន្តដែលយើងបានព្រមព្រៀងគ្នា។រូបមន្តរបស់យើងមានលក្ខណបែបសេដ្ឋកិច្ចនិងសង្គម ហើយនៅក្នុងនឹងលក្ខណវិនិច្ឆ័យសេដ្ឋកិច្ចមានបួនចំណុច និងបែបសង្គមមានបីចំណុច ហើយយើងនឹងពិភាក្សាគ្នាជាក់ស្តែងនៅថ្ងៃប្រជុំចរចាគ្នា»។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញជំនឿថា ប្រាក់ខែគោលនឹងបន្តឡើងក្នុងតួលេខមួយដែលអាចទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ។ លោកថាលោកនឹងជំរុញឱ្យការចរចាប្រាក់ខែគោលចេញលទ្ធផលនៅមុខពិធីបុណ្យភ្ជំបិណ្ឌ។
លោក អ៊ិត សំហេង៖«រកតួលេខមួយដែលវាអាចឃិតជិតគ្នាហើយមានគំលាតតិចបំផុត ដើម្បីយកមកអនុម័តចុងក្រោយ ហើយខ្ញុំក៏សង្ឃឹមលទ្ធផលនឹងអាចចេញនៅមុនភ្ជំ។ហើយបងក្មួយកម្មករនិយោជិកនឹងទទួលបានព័ត៌មានដ៏ល្អមួយទាក់ទងទៅនឹងប្រាក់ឈ្នួលឆ្នាំ ២០១៩ខ្លួននៅមុនពេលភ្ជំបិណ្ឌឱ្យខ្ញុំសង្ឃឹមថាវាប្រសើរជាងឆ្នាំ ២០១៨»។
ប្រាក់ឈ្នួលអប្បបរមាកម្ពុជាត្រូវបានដំឡើងពី ១៥៣ ដុល្លារក្នុងមួយខែនៅឆ្នាំ ២០១៧ ដល់ ១៧០ មួយខែដុល្លារនៅឆ្នាំ ២០១៨នេះ។ ប្រាក់ឈ្នួលអប្បបរមាកម្ពុជា ប្រហាក់ប្រហែលនឹងវៀតណាម តែខ្ពស់ជាង បង់ក្លាដែស និង មីយ៉ាន់ម៉ា។
បើតាមលោក អាត់ ធន់ លោកមានជំនឿថា ប្រាក់ខែគោលកម្មករនឹងបន្តឡើងប្រហាក់ប្រហែលឆ្នាំ ២០១៨ដែរ។ តែចំពោះ លោក កាំង ម៉ូនីកា តំណាងឱ្យភាគីចៅកែរោងចក្រ យល់ថា តួលេខជាង២០០ ដុល្លាររបស់ក្រុមសហជីពហាក់ដូចជាខ្ពស់ពេក។
ក្នុងជំនួបសំណេះសំណាលជាមួយកម្មករខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពេលថ្មីៗនេះ សម្តេច ហ៊ុន សែន បានអះអាងថា ប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំ២០១៩នេះ អាចនឹងត្រូវតម្លើងក្នុងកម្រិតមួយ ដែលធានាដល់ជីវភាពរស់នៅរបស់ពលរដ្ឋ៕