ភ្នំពេញ៖ អាជ្ញាធរប្រទេសម៉ាឡេស៊ីបានជួយសង្គ្រោះពលករខ្មែរខុសច្បាប់ចំនួន២៣នាក់ពីចំការដាំដំណាំមួយកន្លែងនៃទីក្រុង ALOR SETAR។ ក្នុងចំណោមពលករទាំងនោះមានកូនក្មេងផងដែរ។ នេះបើតាម គេហទំព័រសារព័ត៌មាន The Star ។
បើតាមគេហទំព័រសារព័ត៌មាន The Star ដកស្រងសំដី ប៉ូលីសប្រឆាំងការជួញដូរមនុស្សរបស់ម៉ាឡេស៊ីថា អាជ្ញាធរបានជួយសង្គ្រោះពលករ ខ្មែរ រស់នៅនិងធ្វើការដោយខុសច្បាប់បាន ចំនួន ២៣ នាក់ ពីក្នុងកសិដ្ឋានដាំដំណាំមួយកន្លែងនៅប្រទេសម៉ាឡេស៊ី។ ក្នុងនោះប៉ូលិសម៉ាឡេរកឃើញ ពលករ ១១ នាក់ និងពលការិនី ៩ នាក់។ ពួកគេមានអាយុចន្លោះពី ២៥ ឆ្នាំ ដល់ ៣០ ឆ្នាំ។ ក្នុងចំណោមនោះ ក៏មានកូនក្មេងអាយុចន្លោះពី ៥ឆ្នាំ ដល់ ១០ ចំនួន ៣នាក់ផងដែរ។
ប៉ូលិសរកឃើញថា ពលករខ្មែរទាំងនោះ គ្មានលិខិតអនុញ្ញាការងារ ឬ ឯកសារធ្វើដំណើររបស់ពួកគេផុតសុពលភាព ហើយអាជ្ញាធរជឿថាពួកគេត្រូវបានគេជួញដូរកម្លាំងពលកម្មក្នុងអាជីវកម្មកសិដ្ឋាន។
ជុំវិញករណីនេះ វិទ្យុស្ត្រីពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេនៅរសៀលនេះ ព្រោះទូរស័ព្ទចូលជាច្រើនលើកគ្មានអ្នកទទួល។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី ២៨ ខែ សីហា ឱ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ចិន និងឥណ្ឌូនេស៊ី បានជួយសង្គ្រោះពលករ- ពលការិនី ខ្មែរចំនួន ២៦នាក់។ ក្នុងនោះពលករ- ពលការិនីខ្មែរ ចំនួន ៧ នាក់ ជួយសង្គ្រោះនិងបញ្ជូនមកស្រុកកំណើតវិញ កាលពីដើមខែសីហា។ពលការិនីខ្មែរដែលចាញ់បោកមេខ្យល់យកទៅលក់ដោយបង្ខំរៀបការជាមួយជនជាតិចិនចំនួន ១៧ នាក់ ជួយសង្គ្រោះត្រឡប់មកស្រុកកំណើតវិញ។
ជាមួយគ្នានេះ ពលករជួយសង្គ្រោះពីលើទូកនេសាទពីរនាក់នៅប្រទេសឥណ្ឌូនេស៊ីត្រូវនាំត្រឡប់មកកម្ពុជា កាលពីអំឡុងខែសីហា។
បើតាមរយៈគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលគាំទ្រដោយអង្គការវីនរ៉ក់អន្តរជាតិនិងទីភ្នាក់ងារជំនួយអាមេរិកUSAID ប្រចាំនៅកម្ពុជា បានជួយឧបត្តមគាំទ្រក្នុងការកសាងជីវិតថ្មីអតីតពលករ ពលការិនីដែលរស់រានមានជីវិតពីអំពើជួញដូរមនុស្សបានចំនួនជិត៣០០០នាក់ ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ។
បើ តាមរបាយការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីឆ្នាំ២០១៧ឲ្យដឹងថា ពលករចំណាក់ស្រុកចំនួន ៩៨៦ ត្រូវបានជួយសង្គ្រោះនិងមាតុភូមិនិវត្តន៍ពីប្រទេសថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សឹង្ហបុរី ចិន និងជប៉ុន៕