en     km
en     km

​ពលករ​ខ្មែរ​ខុសច្បាប់​ ២៣​ នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​អំពើ​ជួញដូរ​មនុស្ស​នៅម៉ាឡេស៊ី

Share

ភ្នំពេញ​៖​ អាជ្ញាធរ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ជួយ​សង្គ្រោះ​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​២៣​នាក់​ពី​ចំការ​ដាំ​ដំណាំ​មួយ​កន្លែង​នៃ​ទីក្រុង​ ALOR​ SETAR​។​ ក្នុង​ចំណោម​ពលករ​ទាំងនោះ​មានកូន​ក្មេង​ផង​ដែរ​។​ នេះ​បើ​តាម​ គេហទំព័រ​សារព័ត៌មាន​ The​ Star​ ។​

អាជ្ញាធរ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ជួយ​សង្គ្រោះ​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​២៣​នាក់​ពី​ចំការ​ដាំ​ដំណាំ​មួយ​កន្លែង​នៃ​ទីក្រុង​ ALOR​ SETAR​។ Phot: Taken from The Star News


​បើ​តាម​គេហទំព័រ​សារព័ត៌មាន​ The​ Star​ ដកស្រង​សំដី​ ប៉ូ​លី​ស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ម៉ា​ឡេ​ស៊ី​ថា​ អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​ពលករ​ ខ្មែរ​ រស់នៅ​និង​ធ្វើការ​ដោយ​ខុសច្បាប់​បាន​ ចំនួន​ ២៣​ នាក់​ ពី​ក្នុង​កសិដ្ឋាន​ដាំ​ដំណាំ​មួយ​កន្លែង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ក្នុង​នោះ​ប៉ូលិស​ម៉ា​ឡេ​រក​ឃើញ​ ពលករ​ ១១​ នាក់​ និង​ពល​ការិនី​ ៩​ នាក់​។​ ពួក​គេ​មាន​អាយុ​ចន្លោះ​ពី​ ២៥​ ឆ្នាំ​ ដល់​ ៣០​ ឆ្នាំ​។​ ក្នុង​ចំណោម​នោះ​ ក៏​មានកូន​ក្មេង​អាយុ​ចន្លោះ​ពី​ ៥​ឆ្នាំ​ ដល់​ ១០​ ចំនួន​ ៣​នាក់​ផង​ដែរ​។​

​ប៉ូលិស​រក​ឃើញ​ថា​ ពលករ​ខ្មែរ​ទាំងនោះ​ គ្មាន​លិខិត​អនុ​ញ្ញា​ការងារ​ ឬ​ ឯកសារ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ផុត​សុពលភាព​ ហើយ​អាជ្ញាធរ​ជឿ​ថា​ពួក​គេ​ត្រូវ​បាន​គេ​ជួញដូរ​កម្លាំង​ពលកម្ម​ក្នុង​អាជីវកម្ម​កសិដ្ឋាន​។​
​ជុំវិញ​ករណី​នេះ​ វិទ្យុ​ស្ត្រី​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​បាន​ទេ​នៅ​រសៀល​នេះ​ ព្រោះ​ទូរស័ព្ទ​ចូល​ជា​ច្រើន​លើក​គ្មាន​អ្នក​ទទួល​។​

​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុជា​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ សីហា​ ឱ្យ​ដឹង​ថា​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ចិន​ និង​ឥណ្ឌូ​នេ​ស៊ី​ បាន​ជួយ​សង្គ្រោះ​ពលករ​-​ ពល​ការិនី​ ខ្មែរ​ចំនួន​ ២៦​នាក់​។​ ក្នុង​នោះ​ពលករ​-​ ពល​ការិនី​ខ្មែរ​ ចំនួន​ ៧​ នាក់​ ជួយ​សង្គ្រោះ​និង​បញ្ជូន​មក​ស្រុក​កំណើត​វិញ​ កាលពីដើម​ខែសីហា​។​ពល​ការិនី​ខ្មែរ​ដែល​ចាញ់បោក​មេខ្យល់​យក​ទៅ​លក់​ដោយ​បង្ខំ​រៀប​ការ​ជាមួយ​ជនជាតិ​ចិន​ចំនួន​ ១៧​ នាក់​ ជួយ​សង្គ្រោះ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​។​

ជាមួយ​គ្នា​នេះ​ ពលករ​ជួយ​សង្គ្រោះ​ពីលើ​ទូក​នេសាទ​ពីរ​នាក់​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​នាំ​ត្រឡប់​មក​កម្ពុជា​ កាលពី​អំឡុង​ខែសីហា​។​

​បើ​តាម​រយៈ​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ដែល​គាំទ្រ​ដោយ​អង្គការ​វី​ន​រ៉ក់​អន្តរជាតិ​និង​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក​USAID​ ប្រចាំ​នៅ​កម្ពុជា​ បាន​ជួយ​ឧ​បត្ត​ម​គាំទ្រ​ក្នុង​ការ​កសាង​ជីវិត​ថ្មី​អតីត​ពលករ​ ពល​ការិនី​ដែល​រស់រាន​មានជីវិត​ពី​អំពើ​ជួញដូរ​មនុស្ស​បាន​ចំនួន​ជិត​៣០០០​នាក់​ ចាប់តាំងពី​ឆ្នាំ​ ២០១៥​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។​

​បើ​ តាម​របាយការណ៍​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៧​ឲ្យ​ដឹង​ថា​ ពលករ​ចំណាក់ស្រុក​ចំនួន​ ៩៨៦​ ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ថៃ​ វៀតណាម​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ ម៉ា​ឡេ​ស៊ី​ ឥណ្ឌូ​នេ​ស៊ី​ សឹ​ង្ហ​បុរី​ ចិន​ និង​ជប៉ុន​៕

Share

Image
Image
Image