ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងបន្តប្រឹងប្រែងដ៏មុតស្រួចក្នុងការអភិវឌ្ឍជាតិ កាន់តែរីកចម្រើនបន្ថែមទៀត។
ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដីដូចនេះ នៅក្នុងកិច្ចប្រជុំរៀបចំក្បាលម៉ាស៊ីនដឹកនាំនៃរាជរដ្ឋាភិ បាលកម្ពុជា នៅវិមានរដ្ឋសភា នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។
តាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្ដី នយោបាយអភិវឌ្ឍន៍ជាតិក្នុងអាណត្តិថ្មី មាន ឧត្ដមគិត និងការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការបម្រើជាតិ និងប្រជាជន ឆ្ពោះទៅកាន់ស្ថានភាពល្អប្រសើរ។ សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះនឹងបន្តប្រឹងប្រែងដ៏មុតស្រួចក្នុងការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមស្ដាប់ប្រសាសន៍របស់សម្ដេច ហ៊ុន សែន !
នៅក្នុងន័យដដែលនេះ សម្ដេចក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ មន្រ្ដីគ្រប់ស្ថាប័ន និងគ្រប់ជាន់ថ្នាក់ ជួយផ្ដល់នូវការគាំទ្រ និងអនុវត្តន៍ឲ្យបានពេញទំហឹងនូវគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលសំដៅសម្រេចឲ្យបានជាផ្លែផ្កាជាឧត្ដមប្រយោជន៍របស់ប្រទេសជាតិ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីក្បាលម៉ាស៊ីនដឹកនាំ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ត្រូវបានអនុម័តទាំងស្រុងនេះហើយ រដ្ឋសភាក៏បានប្រកាសបោះឆ្នោតជ្រើសតាំង អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការទាំង ១០ផងដែរ។
ក្នុងនោះ រដ្ឋសភា បានបោះឆ្នោតគាំទ្រ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងលោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា។
ដោយឡែកសម្រាប់គណៈកម្មការទាំង១០ នៃរដ្ឋសភារួមមាន៖
១៖ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា។
២៖ លោក ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា។
៣៖ លោក ជា វណ្ណដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា។
៤៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា។
៥៖ លោក ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា។
៦៖ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា។
៧៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា។
៨៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។
៩៖ លោកស្រី ងិន សុផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា។
១០៖ លោក ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា៕