ភ្នំពេញ ៖ ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នជំងឺរាតត្បាតផ្សេងៗ ដែលអាចកើតមានក្រោយពេលដែលទឹកជំនន់ស្រក។ ក្នុងករណីដែលបញ្ហាសុខភាព ត្រូវរូសរាន់នាំអ្នកជំងឺទៅមណ្ឌលសុខភាព ហើយបើសិនជាសង្ស័យមានជំងឺឆ្លង ត្រូវផ្ដល់ដំណឹងទៅសមត្ថកិច្ច ឬហៅទូរស័ព្ទទៅលេខ ១១៥។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលកាលពីដើមសប្ដាហ៍នេះ។
ជំនន់ទន្លេមេគង្គបានស្រកចុះខ្លះៗ នៅតាមខេត្ដមួយចំនួន ក្រោយទឹកស្រកអាចនឹងមានជំងឺរាតត្បាតផ្សេងៗ ដូចជា ជំងឺរាក ជំងឺគ្រុនឈាម ជំងឺកមរមាស់ និងជំងឺព្រួន ជាដើម។ ដើម្បីទប់ស្កាត់ការកើតជំងឺទាំងអស់នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ស្នើឲ្យពលរដ្ឋ ចម្អិនម្ហូបអាហារឲ្យមានអនាម័យ និងឆ្អិនល្អ។ បរិភោគទឹកស្អាត អនាម័យខ្លួនប្រាណជាប់ជានិច្ច លាងដៃនិងសាប៊ូ ទាំងមុន និងក្រោយពេលបាយ ពិសេសគឺក្រោយពេលបន្ទោរបង់រួច។
ជាងនេះ ត្រូវសម្រាន្ដក្នុងមុង សម្អាតខាងក្នុងនិងជុំវិញផ្ទះ លុបថ្លុកដែលមានដក់ទឹក ស្ដារ និងសម្អាតអណ្ដូងទឹកឡើងវិញមុន នឹងប្រើប្រាស់ ហើយជាពិសេសគឺត្រូវសាងសង់បង្គន់ឡើងវិញ។ បន្ថែមពីនេះ ប្រជាពលរដ្ឋ មិនត្រូវទៅជួសជុលខ្សែងភ្លើង ដែលបានធ្លាក់មក ដោយខ្លួននោះទេ។
តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ស្នើឲ្យប្រជាពលរដ្ឋត្រូវទៅពិនិត្យ និងព្យាបាលភ្លាម ដោយមិនត្រូវទុកយូរនោះទេ ប្រើសិនជាមានបញ្ហាសុខភាព។ លើសពីនេះបើសិនជាសង្ស័យថា មានជំងឺឆ្លងត្រូវប្រញាប់ផ្ដល់ដំណឹងទៅអាជ្ញាធរ ឬទូរស័ព្ទទៅលេខ ១១៥៕