ភ្នំពេញ៖ យោធាកម្ពុជា និងយោធាកូរ៉េ រីករាយនឹងពង្រឹងចំណងមិត្តភាព នៃទំនាក់ទំនងយោធានៃប្រទេសទាំងពីរសារឡើងវិញ។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងការពារជាតិនៅថ្ងៃទី ០៤ សីហានេះ។
យោតាមការចុះផ្សាយនេះដដែលបញ្ជាក់ថា យោធាកូរ៉េខាងជើងដែលតំណាងដោយលោក Jong Nam Chol អនុព័ន្ធយោធានៃសាធារណៈប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំនៅកម្ពុជា ក្នុងជំនួបការងារ និងជាការលា លោក ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិកាលពីថ្ងៃទី ៣ សីហាម្សិលមិញ។
ក្នុងជំនួបនោះ លោក Jong Nam Chol មានប្រសាសន៍ថា រូបលោកផ្ទាល់បានកាន់តំណែងជាអនុព័ន្ធយោធាសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា តាំងពីខែមិថុនា ឆ្នាំ២០១៥ ហើយបានធ្វើការជាមួយភាគីកម្ពុជារហូតមក។
មិនតែប៉ុណ្ណោះ លោក Jong Nam Chol រំលឹកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍តាំងពីដើមមក រវាងកម្ពុជា និងកូរ៉េ ពោលគឺតាំងពីសេនាប្រមុខ គីម អ៊ីលស៊ុង។ យ៉ាងណាមិញលោកបន្ថែមថា កន្លងមកទំនាក់ទំនងរវាងប្រទេសទាំងពីរមានឱបសគ្គខ្លះៗផងដែរ។
លោក Jong Nam Chol បង្ហាញគំនិតថា ចង់ជំរុញឲ្យនាយកដ្ឋានទំនាក់ទំនងការបរទេសក្រសួងការពារជាតិ នៃប្រទេសទាំងពីរ រិះរកវិធីសាស្ត្រយ៉ាងណា ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសជាតិទាំងពីរ ត្រូវបានពង្រឹង និងជិតស្និតដូចដើមវិញ។
ជាការឆ្លើយតប ភាគីកម្ពុជា សម្តែងការគាំទ្រចំពោះការលើងឡើងរបស់លោក Jong Nam Chol ចំពោះគំនិតចង់ជំរុញឲ្យនាយកដ្ឋានទំនាក់ទំនងការបរទេស នៃក្រសួងការពារជាតិទាំងពីរ បានជួបពិភាក្សាគ្នាលើកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អប្រសើរឡើងវិញ រវាងក្រសួងការពារជាតិ ក៏ដូចជាកងទ័ព នៃប្រទេសទាំងពីរ គឺកម្ពុជា និង កូរ៉េ នៅក្នុងដំណាក់កាលថ្មី ៕