ភ្នំពេញ ៖ មន្ដ្រីក្រសួងធនធានទឹក ប្រាប់ឲ្យពលរដ្ឋ ដែលរស់នៅក្នុងខេត្ដស្ទឹងត្រែង មានការប្រុងប្រយ័ត្ន ព្រោះទឹកអាចនឹងឡើងមកវិញ នៅអំឡុងពីរថ្ងៃទៀត ខណៈទឹកបានស្រកចុះតាំងពីដើមខែកញ្ញាមក។ យ៉ាងណាអាជ្ញាធរខេត្ដនេះ អះអាងថា បានត្រៀមរួចហើយដើម្បីជួយពលរដ្ឋ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ស្ថានភាពនៅទន្លេមេគង្គលើបានស្រកចុះសន្សឹមៗ ចាប់តាំងពីដើមខែកញ្ញាមក តែមន្ដ្រីធនធានទឹក បញ្ជាក់ថា ទឹកអាចនឹងងើបឡើងវិញ មកបន្ដិច ក្នុងអំឡុងពីរទៀត នៅខេត្ដស្ទឹងត្រែង ដែលប្រជាពលរដ្ឋគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់។ លោក ចាន់ យុត្ថា មន្ដ្រីនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ថា ទឹកទន្លេមេគង្គក្រចេះ កំពង់ចាម និងស្ទឹងត្រែង មកដល់ថ្ងៃនេះបានស្រកចុះ ហើយទឹកនៅតែបន្ដស្រកទៀតក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃទៀត។ ក៏ប៉ុន្ដែទឹកនឹងងើបឡើងវិញបន្ដិច នៅអំឡុងពីរថ្ងៃទៀតចំពោះខេត្ដស្ទឹងត្រែង។
ករណីនេះ មន្ដ្រីនាំពាក្យ ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្ដមិនថា ស្ទឹងត្រែង ឬក៏ខេត្ដផ្សេងៗនោះទេ ត្រូវមានការប្រយ័ត្ន ជាប់ជានិច្ចបើទោះជាពេលនេះទឹកបានស្រកចុះខ្លះក៏ដោយ ៖«មកដល់ពេលនេះ គឺស្ថានភាពជំនន់ហ្នឹង គឺមិនទាន់ស្រកផុតទាំងស្រុងនៅឡើយទេ បានន័យថា ទឹកនៅមានកម្ពស់ខ្ពស់នៅឡើយ បើទោះបីជាឃើញថា បានស្រកហើយក៏ដោយ។ ដូច្នេះសុំអំពាវនាវឲ្យប្រុងប្រយ័ត្នបន្ថែមទៀត ហើយក្នុងរយៈពេល អាច ១ថ្ងៃ ២ខាងមុខនេះ ទឹកនៅខាងស្ទឹងត្រែង គឺចាប់ផ្ដើមងើបឡើងវិញហើយ»។
ទាក់ទិនរឿងនេះ លោក ម៉ែន គុង មន្ដ្រីនាំពាក្យ សាលាខេត្ដស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ស្រុកទាំងអស់ដែលមានទឹកលិច នៅពេលនេះទឹកបានស្រកអស់ហើយ ពីផ្ទះរបស់ប្រជាពលរដ្ឋ លើកលែងតែក្នុងស្រែ ចម្ការ តែប៉ុណ្ណោះ។ ស្របពេលដែលមានការបញ្ជាក់ថា ទឹកនឹងឡើងមកវិញនេះ មន្ដ្រីនាំពាក្យសាលាខេត្ដស្ទឹងត្រែង បញ្ជាក់ថា អាជ្ញាបានត្រៀមខ្លួនរួចហើយ ដើម្បីជួយពលរដ្ឋភ្លាមៗ ប្រសិនបើទឹកហក់ឡើងខ្លាំង។
លោក ម៉ែន គុង បន្ថែមទៀតថា អាជ្ញាធរក្នុងខេត្ដ បានរៀបចំផែនការយុទ្ធសាសន៍ចំនួន ០៣ ក្នុងការជួយពលរដ្ឋក្នុង ដែលមានដូចជា ក្ដាប់ស្ថានភាពទឹក នាំយកជំនួយទៅផ្ដល់ជូនពលរដ្ឋរងគ្រោះ និងវាយតម្លៃផលប៉ះពាល់ ដោយសារទឹកលិច ៖«ផែនការរបស់យើងមានបី ទី១ គឺបន្ដក្ដាប់សភាពការណ៍ស្ថានភាពទឹកជំនន់ ក្រែងវាហក់ឡើងវិញ ទី២ ត្រូវនាំយកស្បៀងអាហារ សម្ភារប្រើប្រាស់មួយចំនួន ដើម្បីឧបត្ថម្ភប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅគ្រប់ស្រុកទាំងអស់ និងទី៣ ចុះទៅវាយតម្លៃជាក់ស្ដែងផលប៉ះពាល់ចុងក្រោយ»។
កាលពីលិចទឹកអំឡុងខែកក្កដា និងសីហា បានបណ្ដាលឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងខេត្ដស្ទឹងត្រែង ប្រមាណជាង ៥ពាន់គ្រួសារ។
ដោយឡែកខេត្ដក្រចេះ ឯណោះវិញលោក ប៉ែន លីណាត់ មន្ដ្រីនាំពាក្យសាលាខេត្ដក្រចេះ បានប្រាប់ឲ្យដឹងថា ទឹកទន្លេមេគង្គនៅខេត្ដក្រចេះ មិនទាន់បានស្រកចុះនៅឡើយទេ ក៏ប៉ុន្ដែទឹកនៅហ្នឹង មិនហក់ឡើងដូចកាលពីប៉ុន្មានសប្ដាហ៍មុនឡើយ។ យ៉ាងណាអាជ្ញាធរក្នុងខេត្ដនេះ បានត្រៀមខ្លួនជានិច្ចដើម្បីជួយពលរដ្ឋ ប្រសិនបើទឹកឡើង ឬក៏មានការឈឺថ្កាត់ ៖«បាទយើងទាំងអាជ្ញាធរខេត្ដ អាជ្ញាធរស្រុក ហើយនិងឃុំ សង្កាត់អី យើងនៅចាំជួយគាត់ជាប្រចាំ ទាំងសុខភាព ទាំងសន្ដិសុខ»។
ទឹកជំនន់បានហក់ឡើង ហូរចូលលិចក្រុងក្រចេះ និងស្រុកចំនួន ០៤ ដែលនៅក្នុងនោះមានផ្ទះជាង មួយពាន់ខ្នង និងសាលារៀន ៤កន្លែង ត្រូវបានផ្អាកការសិក្សា។
យោងតាមការព្យាករណ៍កម្ពស់ទឹក ពីក្រសួងធនធានទឹក បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០៤ ខែកញ្ញានេះ ទឹកទន្លេមេគង្គ ខេត្ដស្ទឹងត្រែង មានកម្ពស់ ១០,០៨ម៉ែត្រ ខេត្ដក្រចេះ ២១,៦៩ម៉ែត្រ និងខេត្ដកំពង់ចាម ១៥,៣២ម៉ែត្រ។ បន្ថែមពីនេះ ក្រសួងធនធានទឹក បញ្ជាក់ទៀតថា កម្ពស់ទឹកនឹងបន្ដស្រកចុះទៀតនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
ជំនន់ទន្លេមេគង្គ បានបង្កឲ្យប៉ះពាល់ទៅដល់ខេត្ដចំនួន ០៨ ដែលមានដូចជា ខេត្ដស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្ដាល តាកែវ និងខេត្ដកំពង់ឆ្នាំ។ នេះបើយោងតាម មន្ដ្រីនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ លោក កែវ វី។
លោក កែវ វី បន្ថែមទៀតថា ខេត្ដទាំងប្រាំបីនេះ មាន ៤៥ស្រុក/ក្រុង និង ២៥០ឃុំ/សង្កាត់ បានរងផលប៉ះពាល់។ លោកបន្ដថា គិតមកដល់ថ្ងៃទី០៤ ខែកញ្ញា ប្រជាពលរដ្ឋមានចំនួន ៣៦នាក់បានស្លាប់ និងរងរបួស ៨២នាក់ ហើយក្នុងនោះមានកុមារចំនួន ១៥នាក់។ ពលរដ្ឋរងគ្រោះទាំងអស់នេះ មាននៅខេត្ដកំពង់ចាម ១៥នាក់ ខេត្ដព្រៃវែង ១៣នាក់ ស្ទឹងត្រែង ៤នាក់ ក្រចេះ ៣នាក់ និងខេត្ដត្បូងឃ្មុំ ម្នាក់។ លើសពីនេះផ្ទះ ១៦១ខ្នង ត្រូវបានរុះរើ សាលារៀនលិចទឹក ២៨៩កន្លែង វត្ដលិចទឹក ១២១កន្លែង និងមណ្ឌលសុខភាពលិចទឹក ២១កន្លែង។
លោក កែវ វី អំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យតាមដានព័ត៌មានស្ដីពីស្ថានភាពទឹកឲ្យបានជាប់ជានិច្ច ដើម្បីងាយក្នុងការបង្ការ និងប្រុងប្រយ័ត្ន។ បន្ថែមពីនេះលោកស្នើឲ្យអាណាព្យាបាលទាំងអស់ ដែលរស់នៅតាមបណ្ដោយដងទន្លេមេគង្គ ត្រូវមើលថែកូនឲ្យបានល្អ ដោយមិនត្រូវបណ្ដោយឲ្យកូនទៅលេងទឹកតែម្នាក់ឯងនោះទេ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឲ្យដឹងថា ខេត្ដចំនួនប្រាំ ក្នុងចំណោមខេត្ដដទៃទៀត នឹងមានភ្លៀងធ្លាក់ខ្លាំង រហូតដល់ថ្ងៃអាទិត្យ សប្ដាហ៍នេះ។ ខេត្ដទាំងនោះរួមមាន ខេត្ដមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងខេត្ដត្បូងឃ្មុំ ។ ចំណែករាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម និងខេត្ដកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ បន្ថែមពីនេះ ខេត្ដដទៃៗទៀត ភ្លៀងអាចធ្លាក់ពីតិចទៅ បង្គួរ៕