ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលព្រមានចាត់វិធានផ្លូវច្បាប់ចំពោះម្ចាស់អាជីវកម្មផ្សព្ វផ្សាយលក់ឱសថ អាហារបំប៉ន និងផលិតផលគ្រឿងសម្អាង ដោយគ្មានការទទួលស្គាល់គុណភាព និងបញ្ជីការពីក្រសួង។ ការព្រមានរបស់ក្រសួងទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីមានការរឹបអូសឱសថនិងគ្រឿងសម្អាងក្លែងក្លាយរាប់រយតោនកាលពីថ្មីនេះ។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍
ក្រោយពីស្រាវជ្រាវបានរកឃើញថា ឱសថ អាហារបំប៉ន និងផលិតផលគ្រឿងសម្អាងដែលម្ចាស់ក្រុមហ៊ុនមួយចំនួន បានផ្សព្វផ្សាយលើបណ្ដាញសង្គម ដោយពុំបានចុះបញ្ជីការពីក្រសួងធ្វើអោយប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស។ ករណីនេះ ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនទាំងនោះ ព្រោះការផ្សព្វផ្សាយផលិតផលគ្មានគុណភាព។
ក្រសួងបានធ្វើការព្រមានដូចនេះ ធ្វើឡើងនៅក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី«ការគ្រប់គ្រងឱសថ» កាលពីថ្ងៃទី ២ កញ្ញា នៅទីស្តីការក្រសួងមហាផ្ទៃ។
លោកវេជ្ជបណ្ឌិត ង៉ែត វ៉ានថក ប្រធានសេវាឯកជនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្លែងថា អ្នកលក់ផលិតផលអាហារបំប៉ន និងគ្រឿងសម្អាងមួយចំនួន ផ្សព្វផ្សាយលក់នៅលើបណ្តាញសង្គមហ្វេសប៊ុកបានឃោសនាហួសពីការពិត ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយ ប្រឈមមុខចំពោះមុខច្បាប់។
លោកអំពាវនាវឱ្យម្ចាស់អាជីវកម្មត្រូវចុះបញ្ជីផលិតផលអាហារបំប៉ន់ និងគ្រឿងសម្អាងឱ្យបានត្រឹមត្រូវហើយត្រូវមានការទទួលស្គាល់គុណភាពពីក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិត ង៉ែត វ៉ានថក៖ «សព្វថ្ងៃគឺវាបញ្ហាឡេ បញ្ហាការផ្សាយលើហ្វេសប៊ុកដែលអត់មានប្រភពច្បាស់លាស់ជាពិសេសថ្នាំ ឡេ អត់បានចុះបញ្ជីការ ឬគ្រឿងសម្អាងមួយចំនួនដែលក្រសួងមិនបានអនុញ្ញាតកន្លែងនេះហើយគាត់ធ្វើការផ្សព្វផ្សាយដោយចិត្តឯង។ក្រសួងពាក់ព័ន្ធនឹងសហការណ៍ជាមួយសាលារាជធានីភ្នំពេញនឹងរឹតបណ្តឹងលើចំណុចនេះ មិនឱ្យមានការផ្សព្វផ្សាយប៉ះពាល់សុខភាពប្រជាពលរដ្ឋ ហើយក៏ដូចធ្វើឱ្យខូចកិត្យានុភាពក្នុងវិស័យសុខាភិបាលរបស់យើង»។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ បានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចសម្រេចកិនកម្ទេចគ្រឿងសម្អាង កែសម្ពស្សលាយសារធាតុគីមីទម្ងន់ជាង ៦០ តោន និង គ្រឿងផ្សំផលិតផលចំណីអាហារជាសារធាតុគីមីជាង៥០តោន កាលពីខែ មេសា ឆ្នាំ ២០១៨នេះ។
ពាក់ករណីនេះ មនុស្សយ៉ាងតិច ១០ នាក់ត្រូវក្រសួងមហាផ្ទៃបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ហើយបានរឹបអួសផលិតផលគ្រឿងសម្អាងក្លែងក្លាយ និងគ្រឿងឧបភោគជាង ១០០ តោន ក្នុងរយៈពេល ពាក់កណ្តាលឆ្នាំ២០១៨នេះ។
លោកឧត្តមសនីយន៍ទោ ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ឱ្យដឹង ក្នុងកម្មវិធីសិក្ខាសាលាថា ដើម្បីទប់ស្កាត់ការលក់ឱសថនិងគ្រឿងសម្អាងក្លែងក្លាយក្រសួងមហាផ្ទៃនឹងផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងឱសថទៅដល់អាជីវករនៅទូទាំងប្រទេស។ លោកថ្លែងបន្តថា ក្រសួងមហាផ្ទៃក៏នឹងទប់ស្កាត់ការផ្សព្វផ្សាយអាហារបំប៉ន់ និងគ្រឿងសម្អាងគ្មានគុណភាពនៅលើបណ្តាញសង្គមនានាផងដែរ។
លោកឧត្តមសនីយន៍ទោ ជា ប៊ុនថុល៖ «ទី១ យើងនឹងចេញជាលិខិតរបស់ក្រសួងសុខាភិបាល។ ទី២យើងសុំពីការគាំទ្រពីអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយបញ្ហានេះ ហើយទី៣ យើងធ្វើការត្រួតពិនិត្យទៅលើទីតាំងទាំងឡាយដែលធ្វើការផ្សព្វផ្សាយអាហារបំប៉ន់ដែលមិនស្របច្បាប់»។
សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី២៧ ខែសីហានេះ បានចុះបង្ក្រាបទីតាំងផលិត និងវេចខ្ចប់ប៊ីចេងក្លែងក្លាយមួយកន្លែង ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដោយរឹបអូសបានប៊ីចេងក្លែងក្លាយប្រមាណ ៧០០បាវ និងប៊ីចេងរាយមិនទាន់វេចខ្ចប់ទម្ងន់ ១៧តោនផ្សេងទៀត។
ជាមួយគ្នានេះ លោក ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិន និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជាបាននិយាយថាលោកនឹងជួយជំរុញផ្សព្វផ្សាយច្បាប់ស្តីពីឱសថ និងការចុះបញ្ជីការឱ្យបានត្រឹមត្រូវនៅច្រកចេញចូលតែមួយនៅតាមបណ្តាខណ្ឌនានានៅរាជធានីភ្នំពេញ។ លោកសង្កេតឃើញថា អ្នកលក់ផលិតផលអាហារបំប៉ន់សុខភាពនៅបណ្តាញអ៊ិនធ័រណិតមួយចំនួនផ្សព្វផ្សាយហួសពីការពិតដោយគ្មានការទទួលគុណភាពពីអាជ្ញាធរពាក់ព័ន្ធនោះទេ។
លោក ឡី សុភាព៖ «ធ្វើការផ្សព្វផ្សាយផ្លូវច្បាប់ដែលពាក់ព័ន្ធវិស័យសុខាភិបាល ជាពិសេសទៅលើផ្នែកឱសថ គ្រឿងសម្អាង អាហារបំប៉ន់ ចំណីអាហារ ហើយផ្តោតសង្កត់ធ្ងន់គឺទៅលើផ្នែកឱសថ ហើយនិងគ្រឿងសម្អាង អាហារបំប៉ន់ជារឿងសំខាន់ណាស់ ទៅតាមក្រុមហ៊ុនទីផ្សារបណ្តាញមួយចំនួនគឺវាមានអ្នកលក់បន្តគឺចេះតែនាំគ្នានិយាយមិនមានយាមតាមក្បាច់ផែន មិនបានឆ្លងកាត់ការរៀនសូត្រត្រឹមត្រូវ»។
កាលពីថ្ងៃទី ១៨ ខែ សីហា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃបានបង្ក្រាបឱសថក្លែងក្លាយជាង ១លានគ្រាប់ ដែលចែកចាយដោយក្រុមហ៊ុននាំចូលឈ្មោះ រស្មី សួគ៌។ ក្នុងនោះអាជ្ញាធររកឃើញឱសថចំនួន ២៣ មុខ មាន ៥០០កេស ស្មើនឹងជាង១លាន ៣សែនគ្រាប់ ឬស្មើជិត៧ម៉ឺនកញ្ចប់។ក្នុងនោះឱសថផុតកំណត់មានចំនួន ១២មុខ សរុប ២០ កេស។
ក្នុងសេចក្តីជូនដំណឹងមួយរបស់ខ្លួន គណៈកម្មាធិការចម្រុះបានសន្និដ្ឋានថា ទីតាំងខាងលើសង្ស័យមាន វេខខ្ចប់ឱសថក្លែងក្លាយ និងកែសុពលភាពឱសថ រក្សាទុក និងចែកចាយផលិតផលឱសថក្លែងក្លាយ និងផុតសុពលភាព គ្មានលិខិតអនុញ្ញាតឱ្យចែកចាយ ក្រុមហ៊ុនដំណើរការដោយមិនអនុឡោមតាមច្បាប់។
លោកវេជ្ជបណ្ឌិត ង៉ែត វ៉ានថក ប្រធានសេវាឯកជនមន្ទីរសុខាភិបាលរាជធានីភ្នំពេញអំពាវនាវឱ្យអ្នកប្រើប្រាស់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ត្រូវរាយការណ៍មកក្រសួងនិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការទប់ស្កាត់ការចែកចាយអាហារបំប៉នគ្មានគុណភាពនិងខុសច្បាប់៕