loader

បក្សតូចៗត្រៀមលើកបញ្ហាជាតិធំៗជជែកក្នុង«ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់»

ភ្នំពេញ៖ គណបក្សតូចៗមួយចំនួនដែលចូលរួមក្នុង«ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់» នឹងត្រៀមយកបញ្ហាជាតិធំៗមួយចំនួន ទៅជជែកពិភាក្សាជាមួយរាជរដ្ឋាភិបាលតាមរយៈ«ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់» ​ដែលទើបបង្កើតឡើងដោយប្រមុខរដ្ឋាភិបាល។ គណបក្សតូចៗទាំងនោះរំពឹងថា គំនិតយោបល់របស់ខ្លួន នឹងត្រូវបានរដ្ឋាភិបាលយកទៅពិចារណាដើម្បីជាធ្វើការកែ។

(លោក សោម លាភ​ រាយការណ៍ពីព័ត៌មាននេះ!)

បញ្ហាជាតិធំៗមួយចំនួនរួមមាន៖  អំពើពុករលួយ បញ្ហាអន្តោប្រវេសន៍ ភាពអសកម្មរបស់មន្រ្តីរាជការ បញ្ហាក្នុងវិស័យកសិកម្ម ​និងបញ្ហាព្រំដែនជាដើម នឹងត្រូវលើកយកទៅពិភាក្សាជាមួយរដ្ឋាភិបាលតាមរយៈ«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»នៅពេលខាងមុខឆាប់នេះ។ នេះបើតាមការឱ្យដឹងពីគណបក្សនយោបាយមួយចំនួនដែលវិទ្យុស្រ្តីបានសម្ភាសន៍។

«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន សែន បន្ទាប់ពីគណបក្សតូចៗទាំងនោះ ពុំទទួលបានអសនៈក្នុងរដ្ឋសភាក្រោយបោះឆ្នោតសភានីតិកាលទី ៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨។ សម្រាប់សម្តេច ហ៊ុន សែន ការបង្កើតឱ្យមាន«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»នេះឡើង គឺដើម្បីប្រមូលគំនិត យោបល់ ការរិះគន់ ការស្ថាបនា ដែលជាធាតុចូលមួយឈានទៅកែលម្អភាពអសកម្មរបស់រដ្ឋាភិបាលថ្មី ពោលគឺជួយទប់ស្កាត់កុំឱ្យបក្សកាន់អំណាច«ជិះសេះលែងដៃ»។

លោក គុច លី អ្នកនាំពាក្យគណបក្សខ្មែរតែមួយបានប្រាប់វិទ្យុស្ត្រីថា​ ការផ្តួចផ្ដើមគំនិតរបស់នាយករដ្ឋមន្រ្តីបង្កើត«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»នេះឡើង ជាការល្អប្រសើរសម្រាប់សង្គមប្រជាធិបតេយ្យ ព្រោះបានផ្តល់ឳកាសដល់អ្នកដឹកនាំគណបក្សផ្សេងទៀត បានបញ្ចេញមតិយោបល់រិះគន់ និងកែលម្អចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល។

លោក គួច លី បន្ថែមថា គណបក្សលោក ត្រៀមលើកយកបញ្ហាអំពើពុករលួយ និងភាពអសកម្មនានារបស់មន្រ្តីបក្សកាន់អំណាចទៅរិះគន់ដើម្បីឱ្យរដ្ឋាភិបាលកែប្រែ។ យ៉ាងណាលោកថា ប្រសិនបើការលើកឡើងរបស់គណបក្សគ្មានការប្រសិទ្ធិភាព ឬមិនត្រូវបានអើពើពីថ្នាក់ដឹកនាំ នោះបក្សលោកនឹងពិចារណាដើរចេញពី«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»នេះ។

លោក គួច លី៖« មន្រ្តីរាជការណាដែលអសកម្មទទួលប្រាក់បៀវត្សហើយអត់ធ្វើការងារ អ៊ីចឹងអាការរិះគន់ទិទានដើម្បីស្ថាបនាហ្នឹង គឺជាការល្អ។ ខ្ញុំបារម្ភរឿង អ្នកដែលចូលទៅអត់ធ្វើការងារទៅវិញទេ អាអង្គុយហៃអើណាស់ អាហ្នឹងដែលលោកមានប្រសាសន៍មិញហ្នឹង អាហ្នឹងចាយថវិការដ្ឋអត់ប្រយោជន៍ហើយ ខ្ញុំអត់គាំទ្រទេនូវចំណុចហ្នឹង ប្រហែលជាមាន គុជ លី ហើយមុនគេហើយធ្វើការរិះគន់។ បើសិនជារិះគន់មិនបាន ហើយចូលទៅធ្វើអ្វីមិនកើត ហើយក្រុមប្រឹក្សានោះជំទាស់ ហើយចាំតែអង្គុយហៃអើគាំទ្រលើគំនិតរបស់រាជរដ្ឋាភិបាលទាំងអស់ គុច លី នឹងដើរចេញពីដំណែងហើយ»។

បច្ចុប្បន្នមានគណបក្សចំនួន១៦ បានចូលរួមជាមួយរដ្ឋាភិបាលក្នុងការបង្កើត«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»នេះ។ តែថ្មីៗនេះមានគណបក្សចំនួនពីរ ក្នុងចំណោមបក្សចំនួនបួនដែលបានបដិសេធពីដំបូងនោះ បានបង្ហាញជំហរចង់ចូលរួមក្រុមប្រឹក្សានេះវិញ នោះគឺគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉េង វីរៈ និងគណបក្សមាតុភូមិយើង។ បើតាមមន្រ្តីរដ្ឋាភិបាលប្រធានឬថ្នាក់ដឹកនាំនៃគណបក្សដែលបានចូលរួមក្នុងក្រុមប្រឹក្សានេះនឹងទទួលឋានៈស្មើនឹងទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី។

ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឱ្យដឹងថា ក្នុងនាមលោក ជាប្រធានគណបក្ស ហើយបានចូលរួមក្នុងក្រុមពិភាក្សានេះ លោកនឹងប្រឹងឱ្យអស់ពីលទ្ធភាពដើម្បីជជែកពិភាក្សា និងស្នើបញ្ហាប្រឈមផ្សេងៗ ជាមួយបក្សដទៃក៏ដូចជាបក្សកាន់អំណាចឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន បើទោះបីជាលោកមិនដឹងថាទទួលបានលទ្ធផលបែបណាក៏ដោយចុះ។

លោក ពេជ្រ ស្រស់៖«ចំណុចនេះខ្ញុំបានវាយតម្លៃ ហើយក៏សួរត្រង់ទៅនាយករដ្ឋមន្ត្រីហ៊ុន សែន ដែរ ថាយើងនឹងតស៊ូមតិឱ្យអស់លទ្ធភាពជាមុនសិន ចំពោះលទ្ធភាពយ៉ាងណាយ៉ាងណីនោះ យើងនឹងមើលទៅលើប្រធានបទនៃការជជែកគ្នាពិគ្រោះ ជាមួយគ្នា ហើយយើងមើលលើផលប៉ះពាល់ និង យកគំនិតរួមថាគួរតែកែតម្រូវយ៉ាងណា ប៉ុន្តែអារឿងប្រសិទ្ធភាព ឬមិនប្រសិទ្ធភាពខ្ញុំសុំមិនធ្វើការអធិប្បាយពីព្រោះវាមិនទាន់ដល់កិច្ចការងារពិគ្រោះ កន្លែងហ្នឹងខ្ញុំមិនទាន់ហ៊ាមទស្សទាយមុនទេបាទ៎ »។

ក្រោយការបោះឆ្នោតថ្ងៃទី ២៩ កក្កដា​ ដែលមានតែគណបក្សប្រជាជនកម្ពុជាទទួលជ័យជំនះនោះ គណបក្សនេះបានរៀបចំឱ្យមានកិច្ចពិភាក្សាគ្នាជំវិញបញ្ហាប្រទេសជាតិ ដែលចូលរួមពីគ្រប់គណបក្ស។ ការធ្វើបែបនេះ ទំនងជាការបង្ហាញថាអន្តរជាតិថា បើទោះបីជាកម្ពុជាគ្រប់គ្រង់ដោយរបបឯកបក្សមែន ក៏នៅតែមានការរួមសាមគ្គីគ្នារវាងគណបក្សកាន់អំណាច និងគណបក្សគ្មានអាសន្នៈដើម្បីបានចូលរួមបម្រើប្រជាពលរដ្ឋ។

គេសង្កេតឃើញថា បច្ចុប្បន្ននៅលើបណ្ដាញសង្គមហ្វេសបុក មានការរិះគន់មិនតិចនោះទេចំពោះការបង្កើតក្រុមពិភាក្សានេះ ដោយថាជាការបំផ្លាញលុយជាតិ និងចូលទៅមានតែចាក់ខ្សែតាមគណបក្សបក្សកាន់អំណាចតែប៉ុណ្ណោះ។

សព្វថ្ងៃប្រជាពលរដ្ឋជាច្រើនបានសម្ដែងនូវការព្រួយបារម្ភចំពោះជីវភាព និងសុវត្តិភាពនៃការរស់នៅ ស្របពេលដែលកសិផលរបស់ពួកគាត់ពុំមានទីផ្សារ។ មិនតែប៉ុណ្ណោះ ពួកគាត់ក៏បានបង្ហាញការមិនពេញចិត្តចំពោះវត្តមានជនជាតិវៀតណាម ជាពិសេសជនជាតិចិនដែលតែងតែបង្កភាពអនាធិបតេយ្យដល់សង្គមកម្ពុជា។

លោក សុខ សុវណ្ណវឌ្ឍនាសាពង្ស ឬដែរគេស្គាល់ថា​ឈ្មោះ វិល្លាម ហ្កាំង ប្រធានគណបក្សខែ្មរក្រោកដែលបានចូលរួមក្នុងក្រុមប្រឹក្សានេះ លោកនឹងលើកយកបញ្ហាសេដ្ឋកិច្ច បញ្ហាអសន្តិសុខក្នុងសង្គម បញ្ហាទីផ្សារកសិផលពិសេសបញ្ហាអន្តោប្រវេសន៍ចិន និងវៀតណាម ដែលកំពុងបង្កភាពអនាធិបតេយ្យក្នុងប្រទេសដើម្បីរកដំណោះស្រាយ។

លោក វិល្លាម ក៏ត្រៀមលើកយកបញ្ហាកោះត្រល់ និងបញ្ហាល្ខោនខោលទៅពិភាក្សាជាបន្តបន្ទាប់ផងដែរ ព្រោះលោកយល់ថា បញ្ហាទាំងពីរនេះជារឿងសំខាន់ដែលថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់។ តែយ៉ាងណាលោកថា បញ្ហាកោះត្រល់ និងរឿងល្ខោនខោលលោកនឹងដោះស្រាយតាមមធ្យោបាយរបស់ខ្លួនជាមុនសិន មុនយកទៅពិភាក្សាក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ​និងផ្ដល់យោបល់។

លោក សុខ សុវណ្ណវឌ្ឍនាសាពង្ស៖«រឿងល្ខោនខោលហ្នឹង ក៏យើងអាចហ្នឹងធ្វើ យើងកំពុងសិក្សា បើសិនជាយើងសិក្សាថាតើទម្រង់ល្ខោនខោល វាប្រកួតប្រជែងមិនឈ្នះគេ រហូតដល់ចាញ់ ឬក៏មិនត្រូវបានចុះក្នងបញ្ជីអង្គការយូនេស្កូ វាដោយសារអីតែយើងមានឯកសារតឹកតាងមិនរឹងមាំ ដោយសារកញ្ចប់ថវិការរបស់ក្រសួងវប្បធម៌ហ្នឹងមិនបានដាក់ទៅដល់ដៃអ្នកស្រាវជ្រាវ។ អ៊ីចឹងយើងត្រូវសិក្សាបន្តទៀត ដើម្បីយកវាយកទៅជាយោបល់ ដើម្បីមានការកែប្រែ ដើម្បីឈានដល់ការលើកស្ទួយលើកកម្ពស់ផ្នែកហ្នឹងនៅកម្ពុជា ព្រោះវប្បធម៌គឺជាដួងព្រលឹងរបស់ជាតិ បើយើងបាត់បង់ដួងព្រឹងខ្លួនបានន័យថា ជាតិក៏បាត់បង់ដូចគ្នាទៅហ្នឹងការបាត់បង់ទឹកដីដែរ»។

ជុំវិញការបង្កើតឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ អតីតប្រធាននៃអតីតគណបក្សប្រឆាំងលោក សម រង្ស៊ី ធ្លាប់បានរិះគន់ការបង្កើតក្រុមប្រឹក្សានេះថា គឺជាការគិតខុសរបស់នាយករដ្ឋមន្រ្តី។

លោក សម រង្ស៊ីសរសេរថា លោក ហ៊ុន សែន គិតខុស ដែលតែងតាំងមនុស្សមកពីគណបក្សអំពិលអំពែកទាំង ១៩ ឲ្យធ្វើជា “រដ្ឋមន្ត្រីអាយ៉ង” ក្នុង “រដ្ឋាភិបាលថ្មី” របស់លោក ដែលការណ៍នេះ មិនស្របច្បាប់នោះទេ។ លោក បន្ថែមថា ការរៀបចំវេទិកានេះឡើង គឺរិតតែធ្វើឱ្យស្ថានការណ៍នយោបាយនៅកម្ពុជាកាន់តែធ្លាក់ដុនដាបខ្លាំង។

ជុំវិញរឿងនេះមជ្ឈដ្ឋានអ្នកវិភាគយល់ថា រដ្ឋាភិបាលពុំចាំបាច់បង្កើត«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»នោះទេព្រោះនាំឱ្យខាតបង់ទាំងពេលវេលា និងធនធានថវិកាជាតិឥតប្រយោជន៍។ អ្នកវិភាគយល់ថា ប្រមុខរដ្ឋាភិបាលគម្បីចាប់យកសង្គមស៊ីវិលជាដៃគូពិភាក្សាវិញ ព្រោះថាសង្គមស៊ីប្រៀបបានជាកញ្ចក់ឆ្លុះឱ្យឃើញការពិតក្នុងសង្គម។

យោងតាមទំព័រហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានៅថ្ងៃនេះឱ្យដឹងថា លោកបានចូលរួមប្រជុំជជែកសម្រេចលើ សេចក្តីព្រាងព្រះរាក្រឹត្យស្តីអំពីការបង្កើតនូវឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលកិច្ចប្រជុំនេះធ្វើនៅវិមានសន្តិភាព៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x