en     km
en     km

ក្រុមហ៊ុនចិនមួយគ្រោងវិនិយោគលើដើមទុនជាងមួយពាន់លានដុល្លារនៅខេត្តកោះកុង

Share

ភ្នំពេញ៖ ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមេនគ្រុប ខូអិលធីឌី ខេមបូឌា (UNION Development Group Co., Ltd. Cambodia) គ្រោងវិនិយោគទឹកប្រាក់ ១ ២០០លានដុល្លារ ដើម្បីបើកការដ្ឋានសាងសង់ «ក្រុងវិស្សមកាលទេសចរណ៍» នៅក្នុងដើមឆ្នាំ២០១៩ ក្នុងការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ៣ សីហា ម្សិលមិញ។

តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងពាណិជ្ជកម្មនេះដដែលបញ្ជាក់ថា គម្រោងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សារវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក លីតាវ (Li Tao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេម បូឌា កាលពីថ្ងៃទី ៣ សីហា។

លោក លី តាវ ប្រាប់លោក ប៉ាន សូរស័ក្តិ ថានេះគឺគម្រោង «ក្រុងវិស្សមកាលទេសចរណ៍» ដែលនឹងសង់លើផ្ទៃដីសរុបចំនួន ១,២០០ហិកតា រួមមានហេដ្ឋារចនាសម្ព័ន្ធចម្រុះដូចជា សណ្ឋាគារលំដាប់ផ្កាយ៥ ខុនដូទំនើប បឹងកាឡូ ការិយាល័យធ្វើការ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកម្សាន្តខ្នាតអន្តរជាតិ។

លោក ប៉ាន សូរស័ក្ដិ គាំទ្រ និងមានជំនឿថា គម្រោង «ក្រុងវិស្សមកាលទេសចរណ៍»នេះ នឹងជួយពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា លើកស្ទួយកិត្តិនាមរបស់កម្ពុជា ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាវិនិយោគិនចូលវិនិយោគនៅកម្ពុជាបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុនចិននេះ បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ ៣៦,០០០ហិកតា។

រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានកំពុងសម្រុកអនុវត្តន៍គម្រោងទៅតាមផែនការ ដោយបានបណ្តាក់ទុនវិនិយោគចំនួនជាង ១,៥០០លានដុល្លារហើយ លើការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនរួមមាន៖ ប្រព័ន្ធគមនាគមន៍ ក្លឹបវាយកូនហ្គោល ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅអន្តរជាតិ សួនលម្អ បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនី ជាដើម៕

Share

Image
Image
Image