អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានស្នើទៅតុលាការកម្ពុជា ឲ្យចោទប្រកាន់មេដឹកនាំសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ផងដែរ ក្នុងសំណុំរឿងមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានរដ្ឋាភិបាលចោទថា «ក្បត់ជាតិ»។តែរឿងនេះអ្នកនាំពាក្យក្រសួងយត្តិធម៌ចាត់ទុកការភ្ជាប់ករណីលោកកឹមសុខាទៅនឹងអាមេរិកនិងអាល្លឺម៉ង់ថាជាសិទិ្ធរបស់តុលាការ និងទំនាក់ទំនងការទូត។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពី១កញ្ញាថា មានជនជាប់ចោទ ២នាក់ទៀត ដែលតុលាការកម្ពុជាគួរចោទប្រកាន់ពាក់ព័ន្ធនឹងសំណុំរឿង «ក្បត់ជាតិ» ប្រឆាំងនឹងលោក កឹម សុខា គឺរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអាល្លឺម៉ង់។
លោក សម រង្ស៊ី លើកឡើងថា រដ្ឋាភិបាលប្រទេសទាំងពីរនេះបានជួយអតីតគណបក្សសង្គ្រោះជាតិក្នុងការរៀបចំសិក្ខាសាលា បណ្ដុះបណ្ដាលធនធានមនុស្សឲ្យយល់ដឹងអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការរៀបចំគោលនយោបាយរបស់អតីតបក្សបក្សប្រឆាំងមួយនេះ តាមរយៈវិទ្យាស្ថានជាតិប្រជាធិបតេយ្យ វិទ្យាស្ថានសាធារណរដ្ឋអន្ដរជាតិ និងអង្គការអាល្លឺម៉ង់ Konrad Adenauer Fondation។
លោកសមរង្ស៊ីបានបង្ហោះរូបភាពជនជាប់ចោទទាំង២រូបនេះ គឺមានលោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកស្រីអង់ជេឡែម៉ាកគែល អធិការបតីសហព័ន្ធអាល្លឺម៉ង់។
នៅក្នុងបទសម្ភាសខ្លីមួយជាមួយវិទ្យុស្រ្តី លោកជិនម៉ាលីនអ្នកនាំពាក្សក្រសួងយុត្តិធម៌ បានហៅ ការទាមទាររបស់លោកសមរង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិថា ជាការគិតហួសព្រំដែននៃច្បាប់។យ៉ាងណា អ្នកនាំពាក្យយល់ថា ជាឆន្ទៈនុសិទ្ធរបស់តុលាការ។
នៅពេលសូរថា តើ ទទួលយកការបានទេសការចង់តាំងខ្លួនជាចុងចោទរបស់លោកសមរង្ស៊ី ក្នុងសំណុំរឿងលោកកឹមសុខា លោកជីនម៉ាលីន និយាយថា លោកសមរង្ស៊ី ហាក់តាំងខ្លួន ជាចុងចោទដោយខុសសាច់រឿង។
ការស្នើឡើងរបស់លោក សម រង្ស៊ី នេះ គឺបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានសម្រេចបន្តពេលឃុំខ្លួនបណ្ណោះអាសន្នលើលោក កឹម សុខា ចំនួន ៦ខែទៀត បន្ទាប់ពីលោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីយប់ថ្ងៃទី៣ ខែកញ្ញាឆ្នាំដែលគិតមកដល់ពេលនេះមានរយៈ១២ខែហើយ។
ជុំវិញករណីនេះ វិទ្យុស្ត្រីបានចោទសួរថាតើ មាននីតិវិធីតវ៉ា ដូចម្ដេចទៀត ដូចជាចង់ សុំអន្តរាគមន៍ពីព្រះមហាក្សត្រឬទេ លោកស្រី ម៉េង សុធារី មេធាវីម្នាក់ របស់លោកកឹមសុខា មានប្រសាសន៍ថា ក្រុមមេធាវី មិនទាន់គិតដល់ត្រង់នេះទេ។តែលោកស្រីថាក្រុមមេធាវី កំពុងពិនិត្យសុំប្ដឹងជំទាស់ការបន្តឃុំខ្លួនលោកកឹមសុខា។
សូមជម្រាបថាតាម សេចក្ដីសម្រេចបន្តឃុំខ្លួនលើកទី៣របស់ចៅក្រមស៊ើមសួរនៃតុលាការរាជធានីភ្នំពេញ លោកកឹមសុខា ត្រូវបន្តឃុំខ្លួនរយៈ៦ខែទៀត ដែលនាំអោយលោកស្ថិតក្នុងពន្ធនាគារ ក្នុងសំណុំរឿងនេះមានរយៈពេល ១៨ខែ។ បន្ទាប់ពីរយៈពេលនេះ គឺជាឃុំខ្លួនហួសរយៈពេលនៃការឃុំខ្លួនបណ្ដោះអាសន្ន ដែលត្រូវដោះលែង បើតុលាការមិន បើកធ្វើការជំនុំជម្រះក្ដីប្រឆាំងអតីតប្រធានគណបក្សប្រឆាំងរូបនេះ៕