en     km
en     km

បេឡាជាតិចំណាយជាង ៤លានដុល្លារលើការឧបត្ថម្ភជូនកម្មការិនីសម្រាលកូន

Share

(ភ្នំពេញ) ៖ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប ស ស បានចំណាយទឹកប្រាក់ចំនួនជាង១ម៉ឺន៥ពាន់លានរៀល ស្មើប្រមាណ ៤លានដុល្លារឧបត្ថម្ភជូនកម្មការិនីសម្រាលកូន​ជាង ៤ម៉ឺននាក់នៅរយៈពេល៨ខែក្នុងឆ្នាំ២០១៨នេះ។ នេះបើយោងតាមរបាយការណ៍របស់ ប ប ស។

 

សម្តេច ហ៊ុន សែន ចុះជួបកម្មករ-កម្មការនី។

 

រយៈពេល ៨ ខែក្នុងឆ្នាំ២០១៨នេះ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប ស ស បានចំណាយថវិកាជាង ៤លានដុល្លារសហរដ្ឋអាមេរិក ដើម្បីផ្តល់ជូនកម្មការិនីឆ្លងទន្លេ ដែលប្រាក់ឧបត្ថម្ភនេះត្រូវបានផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ប ស ស។

នៅរយៈពេលចុងក្រោយនេះ ពោលគឺនៅមុនការបោះឆ្នោតជាតិឆ្នាំ ២០១៨ ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានយកចិត្តទុកកម្មករ-កម្មការនី ពិសេសគឺកម្មការនីមានផ្ទៃពោះ។ បច្ចុប្បន្នកម្មការនីមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងនោះ កម្មការនីមានផ្ទៃពោះសម្រាលកូននឹងទទួលបានពេលវេលាឈប់សម្រាកការងាររយៈពេល ៣ខែ ហើយទទួលបានប្រាក់ខែ១២០%នៃប្រាក់ខែ គឺ៥០% ទទួលបានពីក្រុមហ៊ុន និង ៧០%ពីបេឡាជាតិ។

ចំពោះកម្មការិនីសម្រាលបានកូន១ ទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ សម្រាលបានកូនភ្លោះ ២ ទទួលបានថវិកា៨០ម៉ឺនរៀល ហើយបើសម្រាលបានកូន ៣ គឺទទួលបានថវិកា១លាន២សែនរៀល បូកប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលផ្សេងទៀតពីនាយករដ្ឋមន្រ្តី។

អ្នកស្រី ហៀក ហ៊ុច កម្មការនីកាត់ដេរសម្លៀកបំពាក់នៅសង្កាត់ចោមចៅនិយាយថា អ្នកស្រីបានទទួលប្រាក់ឧបត្ថម្ភមួយចំនួនពីខាងរោងចក្រ និងពីបេឡារបបសន្តិសង្គមពេលអ្នកស្រីឆ្លងទន្លេ។អ្នកស្រីបន្តថា ការទទួលបានប្រាក់ឧបត្ថម្ភនេះ បានសម្រួលដល់ការរស់នៅនិងកាត់បន្ថយការលំបាករបស់អ្នកស្រីបានមួយកម្រិតក្នុងពេលដែលអ្នកស្រីមិនទាន់អាចធ្វើការរកប្រាក់ចំណូលបាន។

កម្មការនីរូបនេះបន្ថែមថា ក្រុមគ្រូពេទ្យបានបំពេញការងារបានល្អ គ្មានការរើសអើងចំពោះកម្មករដែលមានប័ណ្ណប ស ស នោះទេ។

យោងតាមទិន្នន័យខាងលើ មានកម្មការនីសម្រាលកូនក្នុងខែមករាមានចំនួន ៣៨៨១នាក់, ខែកុម្ភៈមាន៤៤៣០នាក់ ,ខែមីនាមាន៤៨២២នាក់ ,ខែមេសាមាន៤៦៩០នាក់, នៅខឧសភាមាន ៥៣០៥នាក់ ,ខែមិថុនាមាន៥២២៩នាក់, ខែកក្កដាមាន ៥០០៨នាក់ និងក្នុងខែសីហាមាន ៥៦៣២នាក់ ។

ស្របពេលជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលបានអះអាងការពីការការពារអតិផរណាតម្លៃទំនិញនៅលើទីផ្សារមិនឱ្យឡើងខ្ពស់ ដែលជាផ្នែកមួយធានាដល់ការរស់នៅរបស់ពេលរដ្ឋពិសេសកម្មករ កម្មការនីក្នុងវិស័យវាយនភ័ណ្ឌ។ សម្តេច ហ៊ុន សែន ក៏បានបង្ហើបពីកិច្ចអន្តរាគមន៍មួយចំនួនដែលអាចជាផ្លូវមួយនាំឱ្យប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៩ខាងមុខអាចនឹងមានការកើនឡើង។

ស្របពេលជាមួយគ្នានេះផងដែរ ក្រសួងការងារបានជូនដំណឹងដល់ក្រុមសហជីប ក្រុមថៅកែនយោជក ឱ្យកោះប្រជុំលក្ខណផ្ទៃក្នុង និងលក្ខណត្រីភាគីដើម្បីពិភាក្សាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៩។ ក្រុមសហជីបការពារផលប្រយោជន៍កម្មករបានប្រាប់វិទ្យុស្រ្តីថា ក្រុមខ្លួនអាចនឹងកំណត់ខ្ទង់តម្លៃប្រមាណ ២០០ដុល្លារសម្រាប់ដាក់លើតុចរចាជាមួយក្រុមថៅកែសម្រាប់ប្រាក់ឈ្នួលកម្មករឆ្នាំ២០១៩។

វិស័យវាយណភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ជាវិស័យស្នូលមួយជួយជំរុញសេដ្ឋកិច្ចជាតិឱ្យមានការកើនឡើងក្នុងរង្វង់៧%នាប៉ុន្មានឆ្នាំជាប់គ្នាជាមួយវិស័យទេសចរណ៍ និងវិស័យស្រូវអង្ករ ព្រមទាំងវិស័យសេវាកម្ម។ កម្មករក្នុងវិស័យកាត់ដេរបច្ចុប្បន្នមានប្រមាណ៨០ម៉ឺននាក់ ចំណែករោងចក្រកាត់ដេរវិញមានប្រមាណជាងមួយពាន់រោងចក្រនៅទូទាំងប្រទេស៕

Share

Image
Image
Image