ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ ប្រធានសមាគប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ឲ្យចូលបំភ្លឺ ក្នុងនាមជាសាក្សី ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិនៅសបា្តហ៍ក្រោយ។
យោងតាមដីកាកោះហៅ ផ្សព្វផ្សាយនៅថ្ងៃទី ៣ កញ្ញា បានឱ្យដឹងថា លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក វន់ ពៅ ប្រធានសមាគប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ឲ្យចូលមកបំភ្លឺនៅព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨នៅពេលព្រឹក។
តុលាការកោះហៅលោក វន់ ពៅ មកសាកសួរក្នុងនាមជាសាក្សី ក្នុងសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារក្រោមបទចោទអំពើក្បត់ជាតិ។ លោក វន់ ពៅ ប្រធានសមាគ (IDEA) ប្រាប់វិទ្យុស្ត្រីថា លោកនឹងចូលខ្លួនទៅបំភ្លឺតាមដីកា របស់តុលាការ។ ប៉ុន្តែលោកមិនយល់ថា ហេតុអ្វីតុលាការកោះហៅលោក ក្នុងនាមជាសាក្សីពាក់ព័ន្ធនឹងសំណុំអតីតប្រធានគណបក្សប្រឆាំងនោះទេ ព្រោះលោកគ្មានជាប់ពាក់ព័ន្ធនឹងលោក កឹម សុខា ឡើយ។
លោក វន់ ពៅ៖«ពិបាកឆ្លើយ គ្រាន់ថា គេហៅអញ្ចឹងគ្រាន់យល់ថា គេភ្ជាប់ខ្ញុំទៅនឹងរឿងនយោបាយជាមួយឯកឧត្តម កឹម សុខា ជាសម្ពាធស្មារតីមកលើរូបខ្ញុំ។ ខ្ញុំក៏មិនយល់រឿងនឹងដែរ ព្រោះខ្ញុំអត់ដែលពាក់ព័ន្ធជាមួយគាត់ផង»។
ករណីនេះ តុលាការបានកោះហៅ មន្ត្រីសង្គមស៊ីវិលជាច្រើនរូប ឱ្យឡើងតុលាការក្នុងនាមជាសាក្សី ដូចលោក វន់ ពៅ ផងដែរ។ ក្នុងនោះរួមមានលោកស្រី នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទិ្ធមនុស្ស កម្ពុជា លោក មាស គឹមសេង ប្រធានសមគមធាងត្នោត និង លោក សៀ ភារម្យ អតីតប្រធានអង្គការសិទិ្ធលំនៅដ្ឋាន។
កាលពីថ្ងៃទី ៣០ សីហា លោក កឹម សុខា ត្រូវបានតុលាការសម្រេចបន្តឃុំខ្លួនរយៈពេល៦ខែទៀត ដើម្បីស៊ើបអង្កេតបន្ថែមទៀត។ គិតតាំងពីការចាប់ខ្លួនលោក កឹម សុខា ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារមានរយៈពេលមួយឆ្នាំគត់ មកត្រឹមថ្ងៃទី ៣ កញ្ញានេះ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាមក្រោមការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។
សហគមន៍អន្តរជាតិ ដែលភាគច្រើន ប្រទេសប្រកាន់របបប្រជាធិបតេយ្យ មានដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានទាមទារឱ្យដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញ ដោយពួកគេ ចាត់ទុកថា នេះជារឿងនយោបាយ៕