ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឲ្យដឹងថា ខេត្ដចំនួនប្រាំ ក្នុងចំណោមខេត្ដដទៃទៀត នឹងមានភ្លៀងធ្លាក់ច្រើន រហូតដល់ថ្ងៃអាទិត្យ សប្ដាហ៍នេះ។ តាមសេចក្ដីជូនដំណឹងក្រសួងធនធានទឹក ផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា នេះបញ្ជាក់ថា ជ្រលងសម្ពាធទាប បាននឹងកំពុងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលនាំឲ្យអាកាសធាតុ នឹងមានភ្លៀងធ្លាក់នៅទូទាំងប្រទេស។
ក្រសួងធនធានទឹក ប្រាប់ឲ្យដឹងថា ខេត្ដមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងខេត្ដត្បូងឃ្មុំ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។ ចំណែករាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម និងខេត្ដកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ បន្ថែមពីនេះ ខេត្ដដទៃៗទៀត ភ្លៀងអាចធ្លាក់ពីតិចទៅ បង្គួរ។
យ៉ាងណាខេត្ដមួយចំនួនដែលនៅតាមបណ្ដោយដងទន្លេមេគង្គ ត្រូវតែមានការប្រុងប្រយ័ត្នពីព្រោះស្ថានភាពទឹក មិនទាន់បានធូរស្រាលនៅឡើយទេ ខេត្ដខ្លះក៏នៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្ននៅឡើយ៕