en     km
en     km

ក្រុមសហជីពពិចារណាដាក់ខ្ទង់តម្លៃ២០០ដុល្លារសម្រាប់ការចរចាប្រាក់ឈ្នួលឆ្នាំ២០១៩

Share

ភ្នំពេញ៖ បន្ទាប់ពីក្រសួងការងារបានប្រកាសឱ្យគ្រប់ភាគីពាក់ព័ន្ធពិភាក្សាផ្ទៃក្នុងដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករឆ្នាំ២០១៩មក សហជីពមួយចំនួនគ្រោងដាក់ខ្ទង់តម្លៃប្រមាណ២០០ដុល្លារសម្រាប់ដាក់ការចរចា នៅខែក្រោយជាលក្ខណត្រីភាគីជាមួយក្រុមថៅកែ និងអ្នកពាក់ព័ន្ធ។

 

                                                                                ​រូបកម្មករកាត់ដេរកំពុងដើរចេញពីធ្វើការ។

 

ក្រុមសហជីពការពារផលប្រយោជន៍កម្មករបានពិចារណាតត្រឹមកម្រិតប្រាក់ឈ្នួលអប្បបរមាប្រមាណជា២០០ដុល្លារអាមេរិក យកទៅដាក់លើតុចរចាជាមួយក្រុមថៅកែ ក្រុមការងារនៃក្រសួង និងអ្នកពាក់ព័ន្ធមួយចំនួននៅខែកញ្ញាក្រោយនេះ ក្នុងជំនួបត្រីភាគីពិភាក្សាលើប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០១៩ខាងមុខ។ នេះបើតាមការឱ្យដឹងពីលោក អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​(ស៊ីខៅឌូ) នៅថ្ងៃទី៣១ ខែសីហានេះ។

លោក អាត់ ធន់ បានប្រាប់វិទ្យុស្រ្តីថា ការដាក់តម្លៃខ្ទង់២០០ដុល្លារសម្រាប់ទៅចរចាជាមួយភាគីពាក់ព័ន្ធនេះ ដោយលោកយល់ឃើញថា ប្រាក់ឈ្នួលគោលចំនួន១៧០ដុល្លាររបស់កម្មករកាលពីឆ្នាំ២០១៧ គឺពុំទាន់មានភាពសមស្របឆ្លើយតបនឹងការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃរបស់កម្មករនៅឡើយទេ។ លោកបន្តថា បើផ្អែកតាមកត្តាវិនិច្ឆ័យផ្អែកលើសង្គម និងសេដ្ឋកិច្ចបច្ចុប្បន្ន ប្រាក់ឈ្នួលគោលរបស់កម្មករគួរតម្លើងឱ្យដល់២០០ដុល្លារទើបសមាមាត្រតម្លៃទំនិញលើទីផ្សារ។

                                                                          លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា

 

ក្រសួងការងារកាលពីដើមខែសីហានេះ បានចេញសេចក្តីជូនដំណឹងស្តីពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយណភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩។ ក្រសួង បានជូនដំណឹងដល់ក្រុមសហជីព ក្រុមថៅកែឱ្យចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈផ្ទៃក្នុងនៅអំឡុងខែសីហានេះ។ ចំណែកអំឡុងខែកញ្ញា ជាការចាប់ផ្តើមពិភាក្សាជាលក្ខណត្រីភាគី។

បើតាមក្រសួងគឺគ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម ពោលគឺវិនិច្ឆ័យលើស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ។ មួយវិញទៀតគ្រប់ភាគីក៏ត្រូវពិភាក្សាលើលក្ខណៈបែបសេដ្ឋកិច្ចផងដែរ គឺផ្អែកលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យនេះ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។

លោក ធន់ ពិសិដ្ឋ កម្មករផ្នែកម៉ាស៊ីនដេរនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ បានទទូចដល់រដ្ឋាភិបាលពិចារណាតម្លើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០១៩ ដល់កម្មករឱ្យដល់២០០ដុល្លារយ៉ាងតិច។ លោកបន្តថា ប្រាក់ឈ្នួលបូករួមនឹងប្រាក់ថែមម៉ោងដែលមានបច្ចុប្បន្នគឺពុំទាន់ឆ្លើយតបទៅនឹងការចំណាយប្រចាំថ្ងៃនៅឡើយទេ។

លោក ធន់ ពិសិដ្ឋ បន្ថែមថា លោកតែងមានក្តីបារម្ភចំពោះហានិភ័យក្នុងចិត្ត ប្រសិនបើសមាជិកគ្រួសារជួបបញ្ហាគ្រោះថ្នាក់អ្វីមួយ ឬមានបញ្ហាសុខភាព ព្រោះលោកពុំមានប្រាក់គ្រប់គ្រាន់សម្រាប់គ្រប់គ្រងស្ថានភាពនេះឡើយ។

នៅរយៈពេលចុងក្រោយពិសេសនៅមុនការបោះឆ្នោតជាតិនីតិកាលទី៦នេះ និងក្រោយការបោះឆ្នោត គេសង្កេតឃើញថា ប្រមុខរដ្ឋាភិបាលនិងជាប្រធានគណបក្សកាន់អំណាចដែលទើបឈ្នះឆ្នោតក្រសោបយកទាំងអស់ក្នុងរដ្ឋសភាអសនៈ១២៥ លើ១២៥ បានយកចិត្តទុកដាក់ដល់កម្មករយ៉ាងខ្លាំង ជាមួយនឹងការផ្តល់ការគាំពារយ៉ាងច្រើន។

                                                                        ​ទិដ្ឋភាពក្នុងរោងចក្រមួយនារាជធានីភ្នំពេញ។

 

យ៉ាងណាក្នុងជំនួបសំណេះសំណាលជាមួយកម្មករខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពេលថ្មីៗនេះ សម្តេច ហ៊ុន សែន បានអះអាងថា ប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំ២០១៩នេះ អាចនឹងត្រូវតម្លើងក្នុងកម្រិតមួយ ដែលធានាដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ សម្តេចថា រដ្ឋាភិបាលបានប្រឹងប្រែងទប់ស្កាត់មិនឱ្យមានអតិផរណាថ្លៃទំនិញលើទីផ្សារឡើយ ប្រយោជន៍ដើម្បីប្រាក់ឈ្នួលកម្មករសមាមាត្រនឹងតម្លៃទំនិញលើទីផ្សារ។

សម្តេចក៏បានរំលឹកថា រដ្ឋាភិបាលបានអន្តរាគមន៍ដល់ក្រុមថៅកែរោងចក្រ ដោយរដ្ឋាភិបាលត្រូវបង់ខាតប្រមាណ៤០លានដុល្លារ លើការព្យួរពន្ធកាត់ទុក និងសេវានាំចេញ ដើម្បីជាថ្នូរឱ្យថៅកែតម្លើងប្រាក់ឈ្នួលដល់១៧០ដុល្លារ។

សម្រាប់លោក អាត់ ធន់ ការលុបបំបាត់ឱ្យបានការិយាធិបតេយ្យ ពោលគឺការផ្តល់ប្រាក់ក្រោមតុអាចលុបបំបាត់បាន នោះលទ្ធភាពនៃការតម្លើងប្រាក់ឈ្នួលរបស់កម្មករគឺមិនមែនជាបញ្ហាចោទនោះទេ។

វិស័យវាយណភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ជាវិស័យស្នូរមួយជួយជំរុញសេដ្ឋកិច្ចជាតិឱ្យមានការកើនឡើងក្នុងរង្វង់៧%នាប៉ុន្មានឆ្នាំជាប់គ្នា ជាមួយវិស័យទេសចរណ៍ និងវិស័យស្រូវអង្ករ ព្រមទាំងសេវា។កម្មករក្នុងវិស័យកាត់ដេរបច្ចុប្បន្នមានប្រមាណ៨០ម៉ឺននាក់ ចំណែករោងចក្រកាត់ដេរវិញមានប្រមាណជាងមួយពាន់រោងចក្រនៅទូទាំងប្រទេស៕

 

Share

Image
Image
Image