en     km
en     km

លោក ​សួន​ សេរីរ​ដ្ឋា ​ថា ​លោក​ទទួល​បានការ​ដោះ​លែង​មិនមែន​ដោយសារ​អន្តរជាតិ​ទេ​

Share

​ភ្នំពេញ​៖​ លោក​ សួន​ សេរីរ​ដ្ឋា​ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ថា​ ការ​ដោះ​លែង​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ មិនមែន​ដោយសារ​អង្គការសិទ្ធិមនុស្ស​ ឬ​រដ្ឋាភិបាល​អន្តរជាតិ​នោះ​ទេ​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេ​សរប​ស់លោក​ នៅ​ថ្ងៃ​ទី​ ៣១​ ខែសីហា​នេះ​។​ ក្នុង​សារ​ដែល​ចុះ​ផ្សាយ​នេះ​ បញ្ជាក់​ទៀត​ថា​ នៅ​ពេល​ដែល​លោក​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​រយៈពេល​ ១​ឆ្នាំ​ និង​១០​ ថ្ងៃ​នោះ​ ពុំ​មាន​អង្គការសិទ្ធិមនុស្ស​ជាតិ​ និង​អន្តរជាតិ​ ណាមួយ​ មក​សួរសុខទុក្ខ​ សួរនាំ​លើកទឹកចិត្ត​លោក​នោះ​ទេ​។​

​លោក​ សួន​ សេរីរ​ដ្ឋា​ ថា​ អង្គការ​លី​កាដូ​ ដែល​ចូល​ទៅ​ក្នុង​ពន្ធនាគា​រៀង​រាល់​អាទិត្យ​ យក​ថ្នាំពេទ្យ​ទៅ​ចែក​គ្រូពេទ្យ​ ទៅ​ជួយ​ពិនិត្យ​សុខភាព​ ក៏​មិន​ដែល​ហៅ​លោក​ មក​ជួប​ មក​សួរ​ មក​ពិនិត្យ​សុខភាព​ ឬ​ឲ្យ​ថ្នាំ​លោក​សូ​ម្បី​តែ​មួយ​គ្រាប់​។​ យ៉ាងណា​លោក​បន្ថែម​ថា​ មន្ត្រី​ស្ថានទូត​អា​មេ​រិ​ក​ បាន​ទៅ​ជួប​លោក​បាន​ ៣​ដង​ កាកបាទក្រហម​អន្តរជាតិ​ ទៅ​ជួប​បាន​ ២​ ដង​,​ ក្រុម​គ្រូពេទ្យ​ពី​ស្ថានទូត​ថៃ​ ជួយ​ពិ​ត្យ​សុខភាព​ឲ្យ​លោក​បាន​ម្តង​ និង​ក្រៅពី​នេះ​ មាន​តែ​ប្រពន្ធ​កូន​គ្រួសារ​របស់​លោក​ មិត្តភក្តិ​ អ្នកគាំទ្រ​របស់​លោក​តែ​ប៉ុណ្ណោះ​ ដែល​បាន​ចូល​ទៅ​ជួប​សួរសុខទុក្ខ​ខ្ញុំ​ ដល់​ពន្ធនាគារ​។​

​លោក​បញ្ជាក់​ថា​ មាន​តែ​ក្រុមការងារ​ និង​ក្រុម​គ្រួសារ​របស់​លោក​ទេ​ ដែល​ព្យាយាម​តាម​លទ្ធភាព​ជាក់ស្តែង​តាម​ផ្លូវ​តុលាការ​ និង​តាម​ផ្លូវ​ដំណោះស្រាយ​នយោបាយ​ ក្នុង​ស្មារតី​ខ្មែរ​ជាតិ​សាសន៍​តែ​មួយ​ ទើប​លោក​អាច​ត្រូវ​បាន​ដោះ​លែង​មាន​សេរីភាព​បែប​នេះ​។​

​សូម​បញ្ជាក់​ថា​ លោក​ សួន​ សេរីរ​ដ្ឋា​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៧​ ក្រោយ​ពេល​ដែល​លោក​បាន​បង្ហោះ​សារ​មួយ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ដែល​មាន​លក្ខណៈ​វាយប្រហារ​ដល់​កងទ័ព​កម្ពុជា​។​ ករណី​នេះ​ លោក​ត្រូវ​បាន​តុលាការ​កម្ពុជា​ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​ ពី​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់​ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​។​

​លោក​ សួន​ សេរីរ​ដ្ឋា​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​កាលពី​ថ្ងៃ​ទី​ ២៤​ ខែសីហា​ ឆ្នាំ​ ២០១៨​ តាម​រយៈ​ការ​លើកលែងទោស​ពី​ ព្រះមហាក្សត្រ​៕ អត្ថបទដោយលោក សោម លាភ

Share

ព័ត៌មានទាក់ទង

Image