en     km
en     km

ក្រសួងសុខាភិបាល​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជំងឺផ្ដាសាយបក្សី​ ខណៈ​ផ្ទុះ​នៅ​ត្បូងឃ្មុំ​

Share

​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជំងឺផ្ដាសាយបក្សី​ H5N1​ ខណៈ​មាន​ករណី​ផ្ទុះ​ជំងឺ​នេះ​ នៅ​ខេត្ដ​ត្បូងឃ្មុំ​កាលពី​ស​ប្ដា​ហ៍​មុន​ ក៏​ប៉ុន្ដែ​មិន​មាន​ឆ្លង​មក​មនុស្ស​ទេ​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​ជំងឺផ្ដាសាយបក្សី​ H5N1​ បាន​រាតត្បាត​នៅ​ខេត្ដ​ត្បូងឃ្មុំ​ កាលពី​ថ្ងៃ​ទី​២២​ ខែសីហា​ បណ្ដាល​ឲ្យ​សត្វ​មាន់​ ចំនួន​ ៤០​ក្បាល​ បាន​ឆ្លង​ជំងឺ​នេះ​។​ ក្រោយ​មាន​ករណី​នេះ​ លោក​ លី​ សូ​វ៉ាន់​ មន្ដ្រី​នាំពាក្យ​ ក្រសួងសុខាភិបាល​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ដោយ​មិន​ត្រូវ​យក​សត្វ​មាន់​ ទា​ ឬ​សត្វ​ដទៃ​ទៀត​ ដែល​ឈឺ​ងាប់​ យក​មក​ធ្វើ​ម្ហូប​នោះ​ទេ​ ប្រសិនបើ​សង្កេត​ឃើញ​ថា​ សត្វ​ទាំងនោះ​ឈឺ​ ងាប់​ ច្រើន​ជា​បន្ដបន្ទាប់​។​

​មន្ដ្រី​នាំពាក្យ​ ក្រសួងសុខាភិបាល​ បន្ដ​ថា​ រហូត​មក​ដល់​ពេល​នេះ​ ជំងឺផ្ដាសាយបក្សី​ H5N1​ មិន​ទាន់​ត្រូវ​បាន​ទប់ស្កាត់​បាន​ទាំងស្រុង​នៅឡើយ​ទេ​ ដូច្នេះ​ជំងឺ​នេះ​ អាច​រាតត្បាត​ដោយ​កន្លែង​ ៖«​ជំងឺផ្ដាសាយបក្សី​ហ្នឹង​ គឺ​វា​មិន​ទាន់​អាច​បំបាត់​បាន​នូវឡើយ​ទេ​ ដូច្នេះ​វា​អាច​កើត​មាន​ រប៉ិករប៉ុក​នៅ​លើ​សត្វ​បក្សី​។​ ដូច្នេះ​ពេល​ដែល​ឃើញ​មាន់​ ទា​ ឈឺ​ងាប់​ មិន​ត្រូវ​យក​មាន់​ ទា​ ហ្នឹង​ យក​មក​រៀបចំ​ជា​ម្ហូប​ អាហារ​ទេ​ ត្រូវ​តែ​យក​ទៅ​ដុត​ ឬ​កប់​ចោល​ ហើយ​រាយការណ៍​ករណី​មាន់​ ទា​ ងាប់​ ហ្នឹង​មក​មន្ដ្រី​សុខាភិបាល​ដែល​នៅ​ជិត​បំផុត​ មន្ដ្រី​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​ ឬ​ការិយាល័យ​ ឬ​ទូរស័ព្ទ​មក​លេខ​ ១១៥»​។​

​បើ​ទោះជា​មាន​ករណី​សត្វ​ បក្សី​ ក្នុង​ខេត្ដ​នេះ​ ឆ្លង​ជំងឺផ្ដាសាយបក្សី​ក៏​ដោយ​ ក៏​ប៉ុន្ដែ​គិត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ករណី​ឆ្លង​ទៅ​ដល់​មនុស្ស​ទេ​។​ យ៉ាងណា​លោក​ លី​ សូ​វ៉ាន់​ បញ្ជាក់​ថា​ ក្រសួង​កំពុង​ឲ្យ​មន្ដ្រី​សុខាភិបាល​ខេត្ដ​ត្បូងឃ្មុំ​ បន្ដ​តាមដាន​តំបន់​ដែល​ផ្ទុះ​ជំងឺផ្ដាសាយបក្សី​នេះ​ រង្វង់​ពី​រស​ប្ដា​ហ៍​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ជំងឺ​នេះ​ពិតជា​ត្រូវ​បាន​ទប់ស្កាត់​។​

​សូម​ជម្រាប​ថា​ អាជ្ញាធរ​ខេត្ដ​ត្បូងឃ្មុំ​ បាន​ដុត​ចោល​នូវ​សត្វ​មាន់​ចំនួន​ ៧០​ក្បាល​ បន្ទាប់​ពី​រក​ឃើញ​សត្វ​ ៤០​ក្បាល​ឆ្លង​ជំងឺផ្ដាសាយបក្សី​។​ មន្ដ្រី​សុខាភិបាល​ខេត្ដ​បាន​ចុះ​ទៅ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ និង​ប្រមូល​កាក​សំណល់​សត្វ​បក្សី​ទាំងនោះ​ រួម​ទាំង​សម្ភារ​ផ្សេងៗ​ ដុត​កម្ទេច​ចោល​។​ ជាង​នេះ​មន្ដ្រី​សុខាភិបាល​ ក៏​បាន​ត្រួតពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ដ​នេះ​ផង​ដែរ​។​

​សូម​ជម្រាប​ថា​ ពលរដ្ឋ​ដែល​មាន​រោគ​សញ្ញា​គ្រុនក្ដៅ​ លើស​ពី​ ៣៨.៥​អង្សារ​សេ​ និង​មាន​រោគ​សញ្ញា​ ក្អក​ ឬ​ឈឺ​ក​ ឬ​ក៏​ដកដង្ហើម​ហត់​ ហើយ​មាន​ប្រវត្ដិ​ ធ្លាប់​ប៉ះពាល់​ជាមួយ​សត្វ​បក្សី​ ឈឺ​ ឬ​ងាប់​ ក្នុងអំឡុងពេល​ ៧​ថ្ងៃ​ មុន​ពេល​ចេញ​រោគ​សញ្ញា​ គឺ​ចាត់​ទុក​ថា​ ជា​ករណី​សង្ស័យ​ឆ្លង​ជំងឺផ្ដាសាយបក្សី​។​ ពលរដ្ឋ​ត្រូវ​រួត​រះ​ បញ្ជូន​អ្នកជំងឺ​ ទៅ​កាន់​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​ ដែល​នៅ​ជិត​បំផុត​ដើម្បី​ធ្វើការ​តាមដាន​ និង​ព្យាបាល​ ។​

​គួរ​រំ​ឮ​កថា​ នៅ​ចុងឆ្នាំ​២០១៧​ និង​ដើមឆ្នាំ​២០១៨​ ករណី​ជំងឺផ្ដាសាយបក្សី​ ត្រូវ​បាន​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ​ ខេត្ដកំពង់ចាម​ និង​ខេត្ដកំពង់ធំ​។​ នាយកដ្ឋាន​ប្រយុទ្ធ​និង​ជំងឺឆ្លង​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​ឆ្នាំ​ ២០០៥​ ដល់​ ២០១៤​ ជំងឺផ្ដាសាយបក្សី​បាន​ឆ្លង​មក​មនុស្ស​ ៥៦​ករណី​ ហើយ​បណ្ដាល​ ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៣៧​នាក់​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង