ភ្នំពេញ៖ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថាល្ខោនខោលខ្មែរបានដាក់ទៅអង្គការយូនីស្កូជាសម្បត្តិវប្បធម៌ជាតិ ហើយចំណែកថៃវិញគេដាក់ដែរប៉ុន្តែ រឿងផ្សេង តែជាសម្បត្តិវប្បធម៌របស់គេ មិនមែនជារឿងតែមួយដូចកម្ពុជានោះទេ។ លោកសង្ឃឹមថា អង្គការយូនីស្កូ នឹងផ្ដល់កិតិ្តយសឲ្យមកកម្ពុជា។ ករណីនេះ លោកសូមឲ្យមហាជនមានភាពស្ងប់ស្ងាត់។
លោក សោម លាភ ជូនសេចក្ដីរាយការណ៍ ៖
លោក ថៃ នរសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី ៣១ សីហានេះថា លោកមានការខកចិត្តចំពោះការរិះគន់មួយចំនួន ដោយសារតែការយល់ខុសរបស់ពួកគេចំពោះការដាក់ស្នើទៅអង្គការយូនីស្កូសុំទុកជាសម្បតិ្តវប្បធម៌របស់ពិភពលោក។
សម្រាប់លោក ថៃ នរសត្យា សង្ឃឹមថា អង្គការយូនីស្កូនឹងទទួលស្គាល់វប្បធម៌ល្ខោនខោលខ្មែរជាសម្បត្តិវប្បធម៌ពិភពលោក។ អ្វីដែលនាំអោយមន្ត្រីក្រសួងវប្បធម៌ ទទូចអោយមហាជនស្ងប់ស្ងាត់ ដោយសារតែ មានការប្រកូសប្រកាសគ្នាតវ៉ាតាមបណ្ដាញសង្គមជួយសម្ដែងការភ័យព្រួយខ្លាចពីការខកខានដែលវប្បធម៌ល្ខោនខោលខ្មែរ ចាញ់ប្រទេសថៃព្រោះឮថាថៃបានដាក់ល្ខោនខោលរបស់គេទៅអង្គការយូនីស្កូ។
លោកពន្យល់ថា បញ្ហាសម្បត្តិវប្បធម៌របស់ប្រទេសនីមួយៗមិនថានៅអាស៊ី ឬនៅអឺរ៉ុប និងពិភពលោក មានភាពស្រដៀង និងដូចគ្នាមិនអាចកំណត់បានថាជារបស់តែមួយ ឬជារបស់យើងនោះទេឬគ្រាន់តែដូចរបស់យើងថាជារបស់យើង ឬក៏របស់យើងដូចជារបស់គេ ថាជារបស់គេនោះទេ។ លោក បន្ថែមថា មិនមែនតែវប្បធម៌នោះទេ ដែលមានភាពស្រដៀងគ្នានោះ ផ្ទុយទៅវិញអក្សសាស្ត្រទៀតសោត ក៏នៅតែស្រដៀងគ្នាដែរ។
លោក បង្ហាញថា ប្រទេសនីមួយៗ មានសិទ្ធិស្នើទៅអង្គការយូនីស្កូដើម្បីដាក់សម្បតិ្តវប្បធម៌របស់ខ្លួនទាំងរូបី និងអរូបីទៅចុះបញ្ជីបេតិកភណ្ឌពិភពលោក ហើយវាមិនពាក់ព័ន្ធទៅនឹងវប្បធម៌បេតិកភណ្ឌរបស់ប្រទេសខ្មែរយើងនោះទេ។ យ៉ាងណាមិញ លោក ថៃ នរសត្យា បញ្ជាក់ម្ដងហើយម្ដងទៀតថា កម្ពុជា និងថៃដែលស្នើទៅអង្គការយូនីស្កូឱ្យដាក់សម្បត្តិវប្បធម៌របស់ខ្លួនដាក់ជាសម្បត្តិបេតិកភណ្ឌជាតិនោះគឺជារឿងពីរផ្សេងគ្នា។ នេះគឺជាការឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលអ្នកលែងតាមបណ្ដាញសង្គមហ្វេសបុក ក៏ដូចជាអ្នកដែលរិះគន់ផ្សេងៗដោយសារតែការយល់ខុស។
ជាក់ស្ដែងគេឃើញ រយៈពេលថ្មីៗនេះមានគណបក្សតូចៗពីរដែលមិនទទួលបានអាសន្នៈក្នុងរដ្ឋសភា គឺគណបក្សខ្មែរក្រោក និងគណបក្សយុវជនកម្ពុជា បានប្រតិកម្មខ្លាំងៗចំពោះរឿងរ៉ាវប្រទេសថៃទាមទារឱ្យអង្គការយូនីស្កូដាក់ល្ខោនខោលជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយថានេះជាការទទួលខុសត្រូវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោក សុខ សុវណ្ណវឌ្ឍនាសាពង្ស ដែលគេស្គាល់ថា លោក វីល្លាម ហ្កាំង បានសរសេរក្នុងទំព័រហ្វេសបុករបស់លោក កាលពីថ្ងៃទី៣០ ម្សិលមិញថា ប្រសិនជាល្ខោនខោលត្រូវបាន UNESCO កាត់ទៅអោយថៃគឺយើងនឹងអាម៉ាស់យ៉ាងខ្លាំង ។លោកថាបើដូច្នេះមែន ក្រសួងវប្បធម៌នឹងវប្បធម៌និងវិចិត្រសិល្បៈត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ លោកបន្ថែមថា ក្រសួងវប្បធម៌ មានតួនាទីស្រាវជ្រាវឯកសាពាក់ព័ន្ធ តឹកតាងនានា នឹងពង្រីកវិស័យសិល្បៈវប្បធម៌បូរាណនេះ។
លោក វីល្លាម ថានឹងនាំយកបញ្ហានេះទៅទៅដេញដោលក្នុងក្រុមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ ព្រោះថាវប្បធម៌ជាតិជាព្រលឹងជាតិ មិនជារឿងតូចតាចនោះទេ។
នៅថ្ងៃដដែលនោះ លោក ពេជ្រ ស្រស់ ក៏បានបង្ហាញពីជំហរថា នឹងនាំប្រជាពលរដ្ឋខ្មែរធ្វើបាតុកម្មលើសេចក្ដីសម្រេចរបស់អង្គការយូនីស្កូ ប្រសិនបើអង្គការនេះកាត់សេចក្ដីថា ឱ្យល្ខោនខោលជារបស់ថៃ។ លោក ពេជ្រ ស្រស់ បានសរសេរសារតាមរយៈហ្វេសបុករបស់លោកថា បើសិនជាអង្គការយូនីស្កូកាត់សេចក្តីដូចនេះគឺជាការរំលោភវប្បធម៌ខ្មែរដោយយកល្ខោនខោលឲ្យក្លាយជារបស់ថៃ។
ចំណែកឯមតិរបស់អ្នកលេងហ្វេសបុកមួយចំនួនបានសរសេរថា បើសិនជាថៃមិនដាក់ស្នើ ល្ខោនខោលទៅអង្គការយូនីស្កូនោះទេ ប្រហែលជាខ្មែរភ្លេចល្ខោនខោលបាត់ហើយ ដល់ពេលថៃស្នើទៅ ទើបខ្មែរប្រវេប្រវាតាមក្រោយ។ គួររំឮកថា ការប្រកាសផ្លូវការរបស់អង្គការយូណេស្កូលើការស្នើសុំចុះបញ្ជីល្ខោនខោលចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងត្រូវសម្រេចជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ៕