en     km
en     km

តុលាការ​សម្រេចផ្តន្ទាទោសផលិតករភាពយន្ដអូស្ត្រាលីឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ​

Share

ភ្នំពេញ៖ នៅទីបំផុតតុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសលោក James Ricketson ជាផលិតករភាពយន្តជនជាតិអូស្ត្រាលី ឱ្យជាប់ពន្ធនាគាររយៈ ៦ឆ្នាំក្នុងបទចោទប្រកាន់ពី«បទចារកម្ម»។

សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសក្រមក្នុងសំណុំរឿងផលិតករភាពយន្តជនជាតិអូស្រ្តាលី លោក James Ricketson នៅព្រឹកថ្ងៃ សុក្រ ទី ៣១ សីហា ឆ្នំា ២០១៨។ រូបភាព៖ Facebook

 

ក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ ឈរក្នុងរង្វង់ក្រចកសេះពីមុខអង្គចៅក្រមនៅក្នុងបន្ទាប់សវនាការសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣១ សីហានេះ ​ផលិតករ​ជនជាតិអូស្ត្រាលីលោក​ James​ Ricketson​ វ័យ ៦៩​ ឆ្នាំ​ ត្រូវ​បាន​ចៅក្រមលោក សេង លាងប្រកាសសាលក្រមផ្តន្ទាទោសឱ្យជាប់គុក ៦ឆ្នាំ ពី​បទ​ចារកម្ម​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​យន្តហោះ​ Drone​ ផ្តិត​យក​រូបភាព​ការ​ធ្វើ​ក្បួន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុងយុទ្ធនាការឃោសនាបឡឆ្នាំឃុំសង្កាត់ឆ្នាំ២០១៧។

ភ្លាមៗក្រោយចៅក្រមប្រកាសសាលក្រមឱ្យលោកជាប់គុករយៈពេល ៦ឆ្នាំ លោក James​ Ricketson បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលហើយលោកលាន់មាត់ថា«ខ្ញុំស្ទើរមិនជឿថា តុលាការសម្រេចទោសខ្ញុំបែបនេះទេ»។ ភ្លាមៗនោះដែល លោក Ricketson បាន​ចោទសួរទៅ​ចៅក្រមវិញថា៖ «​តើ​លោក​ធ្វើជាចារកម្ម​ឲ្យប្រទេសណា?» ប៉ុន្តែ​​​ ចៅក្រមមិន​បាន​ឆ្លើយតប​​នោះទេ។

បុរស​វ័យ​ ៦៩​ ឆ្នាំ​ ជនជាតិ​អូស្ត្រាលី​ រូប​នេះ​ ត្រូវ​បាន​នគរបាល​កម្ពុជា​ចាប់ខ្លួន​ នៅ​ថ្ងៃ​ទី​៣​ មិថុនា​ ឆ្នាំ​ ២០១៧​ បន្ទាប់​ពី​លោក​បង្ហោះ​យន្តហោះ​ Drone​ ថត​យក​រូបភាព​ នៃ​ការ​ហែ​ក្បួន​ឃោសនា​នយោបាយ​របស់​អ​តី​គណបក្ស​សង្គ្រោះ​ជាតិ​។​ គិត​ចាប់ពី​ការ​ចាប់ខ្លួន​លោក​ James​ ស្ថិត​នៅ​ក្នុង​ការ​ឃុំខ្លួន​ជាង​មួយ​ឆ្នាំ​មក​ហើយ​។

​កាលពី​ដើមខែកក្កដា​លោក James​ Ricketson​ ធ្លាប់បាន​សរសេរ​លិខិត​សុំ​ទោស​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោយសារ​ភាព​កំហុស​អំពី​ការ​អត្ថាធិប្បាយ​របស់​ខ្លួន​។​

​លោក​ Ricketson​ ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​ថា​ ជា​អ្នក​សារព័ត៌មាន​ និង​ជា​អ្នកជំនាញ​ខាង​ថតរូប​ផលិត​ខ្សែភាពយន្ត​។​ ជាងនេះទៀតលោកចាប់ផ្តើមអាជីពជាអ្នក​សារព័ត៌មាន​តាំងពី​ទស​វត្ស​១៩៧០​មកម្ល៉េះ។​ លោក​ចាប់ផ្ដើម​បញ្ចេញ​រូបភាព​ រឿង​ទុរគត​នៃ​ប្រទេស​កម្ពុជា​ ទៅ​ក្រៅប្រទេស​ គឺ​នៅ​ពេល​លោក​ផ្ដោត​អំពី​សកម្មភាព​របស់​អតីត​ប្រធាន​គណបក្សប្រឆាំង​របស់លោក​ សម​ រ​ង្ស៊ី​។​

លោក Ricketson បាន​តាម​ប្រមាញ់​ផ្ដិត​រូបភាព​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ​ស្ទើរ​គ្រប់​វេទិកា​ នៅ​ពេល​លោក​ សម​ រ​ង្ស៊ី​ វិល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០១៣​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង