លោក សម រង្ស៊ី ថា ការចោទប្រកាន់ និងកាត់ទោសលោក កឹម សុខា ពីបទក្បត់ជាតិតែម្នាក់ឯង ដោយសំអាងលើវីដេអូដែលលោក កឹម សុខា ថ្លែងសន្ទរកថា នៅប្រទេសអូរស្ត្រាលីកាលពីឆ្នាំ ២០១៣ នោះគឺផ្ទុយពីនីតិវិធីច្បាប់។ លោក សម រង្ស៊ី យល់ថាសវនាលោក កឹម សុខា ត្រូវតែមានវត្តមានលោក ព្រោះកាលពីឆ្នាំ២០១៣ លោកជាមេបក្ស និងជាអ្នកទទួលខុសត្រូវធំជាងគេបង្អស់។
តាមទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានសរសេរបង្ហោះកាលពីយប់ឈានចូលថ្ងៃទី៣០ សីហាថា តុលាការក្រុងភ្នំពេញគួរតែចោទប្រកាន់ កាត់ទោស និងស៊ើបអង្កេតមកលើរូបលោកពីទោសក្បត់ជាតិជាមួយលោក កឹម សុខា ទើបត្រឹមត្រូវ បើសិនជាតុលាការពិតជាផ្អែកទៅលើវីដេអូរបស់លោក កឹម សុខា ថ្លែងនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ ២០១៣ ធ្វើជាមូលដ្ឋានក្នុងការចោទប្រកាន់មែននោះ។
លោក សម រង្ស៊ី បង្ហាញបែបនេះ ដោយសារតែកាលពីឆ្នាំ ២០១៣ លោកគឺជាប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកទទួលខុសត្រូវធំជាងគេក្នុងជួរបក្ស។
យ៉ាងណាមិញ ក្នុងឆ្នាំ២០១៣ លោក កឹម សុខា ជាអនុប្រធានបក្សដែលបានធ្វើសុន្ទរកថាមួយ នៅប្រទេសអូស្ត្រាលី ហើយអាជ្ញាធរក្រុងភ្នំពេញយកសុន្ទរកថា នោះធ្វើជាលេសដើម្បីចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ហើយរំលាយគណបក្សសង្គ្រោះជាតិ។ នេះបើតាមការគូសបញ្ជាក់បន្ថែមពីលោក សម រង្ស៊ី។ លោក សម រង្ស៊ី បន្តទៀតថា ការកាត់ទោសលោក កឹម សុខា តែម្នាក់ឯង ដោយមិនកាត់ទោសលោកជាមួយគ្នានោះ គឺមិនអាចទៅរួចទេបើតាមផ្លូវច្បាប់ និងគតិយុត្តិ។ ក្នុងន័យនេះលោក សម រង្ស៊ី ស្នើសុំឡើងតុលាការទន្ទឹមនឹងលោក កឹម សុខា ដើម្បីប្រឈមមុខការចោទប្រកាន់ពីបទក្បត់ជាតិ។ លោក សម រង្ស៊ី បញ្ជាក់ថាលោក កឹម សុខា មិនមានទោសអ្វីនោះទេ ហើយតុលាការត្រូវតែទម្លាក់ការចោទប្រកាន់ទាំងអស់ ចំណែកព្រះមហាក្សត្រក៏ពុំចាំបាច់លើកលែងទោសអ្វីដែរ ព្រោះលោក កឹម សុខា មិនមានទោសនោះទេ។
វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យតុលាការាជធានីភ្នំពេញ ឬអ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេនៅថ្ងៃនេះទាក់ទិន ការស្នើសុំរបស់លោកសមរង្ស៊ី។
គួររំលឹកថា ប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងផ្ទះរបស់លោកនៅម៉ោងជាង ១២ រំលងអធ្រាត្រចូលថ្ងៃទី៣ កញ្ញា ដោយសារវីដេអូឃ្លីបដែលលោក កឹម សុខា ថ្លែងកាលពីឆ្នាំ ២០១៣ នៅប្រទេសអូស្ត្រាលី។ យោងតាមវីដេអូនោះ លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីទោសក្បត់ជាតិ ដោយសារតែឃុបឃិតជាមួយរដ្ឋបរទេស ពោលគឺបទសន្និដ្ឋិភាពជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ ហើយវាជាបទល្មើសជាក់ស្ដែង។ នៅក្នុងសវនាការនៅព្រឹកថ្ងៃទី៣០ សីហានេះ តុលាការរាជធានីភ្នំពេញ បន្តសម្រេច ឃុំខ្លួនលោក កឹម សុខា ៦ខែទៀត៕