ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៩ សីហា បានសម្ដែងការខកចិត្ត ដែលលោកថា អាមេរិកមិនចង់ចំណាយពេលវេលានិង ថវិកាដើម្បីចាយទៅលើល្បែងសង្គ្រាមជាមួយកូរ៉េខាងត្បូងនោះទេ។
តាមទីភ្នាក់ងារសារព័ត៌មាន AFP អ្វីដែលលោក ត្រាំ បានបង្ហាញជំហរជាថ្មីទៀតនេះ បន្ទាប់ពី លោកបានបង្ហើបថា អាមេរិកនិងកូរ៉េខាងត្បូងគួរចាប់ផ្ដើមធ្វើសមយុទ្ធយោធាជាមួយគ្នាឡើងវិញ ដែលលោកមើលឃើញថា កូរ៉េខាងជើង មិនបានធ្វើឲ្យរីកចម្រើនអ្វីទេ ចំពោះការរំលាយអាវុធនុយក្លេអ៊ែរ។
កាលពីថ្ងៃម្សិលមិញ លោក ត្រាំ បានណែនាំឲ្យលោករដ្ឋមន្ត្រី Mike Pompeo លើកពេលទៅកាន់កូរ៉េខាងជើង ដែលលោកថា ក្រុងព្យុះយ៉ាងហាក់ដើរកាន់តែឆ្ងាយពីការប្ដេជ្ញារបស់ខ្លួន ក្នុងរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ។ តែយ៉ាងណា លោក ត្រាំ បានហៅល្បែងសង្គ្រាមជាមួយកូរ៉េខាងត្បូង ជាដើមចមនៃការបង្កជំលោះ។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបញ្ឈប់ការធ្វើសមយុទ្ធយោធារួមជាមួយគ្នា គឺភ្លាមៗបន្ទាប់ពី លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងនិង លោក ត្រាំ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីថ្ងៃទី១២ មិថុនា ក្នុងជំនួបកំពូលនៅប្រទេសសិង្ហបុរី ។ ក្នុងកិច្ចព្រមព្រៀងនេះ កូរ៉េខាងជើងសន្យារំលាយ អាវុធនុយក្លេអ៊ែរ ដោយការធ្វើឲ្យឧបទ្វីបមានសន្តិសុខភាពពេញលេញ។
យ៉ាងនេះក្ដី ក្រុងព្យុះយ៉ាងបានដាក់លក្ខខណ្ឌជាឯកតោភាគី ដោយសុំឲ្យអាមេរិក លុបចោលការដាក់ទណ្ឌកម្មជាមុន ទើបក្រុងព្យុងយ៉ាងអាចចាប់គោរពកិច្ចសន្យារបស់ខ្លួន។ តែសម្រាប់អាមេរិក មិនអាចទទួលយកលក្ខខណ្ឌនេះបានឡើយ៕