ភ្នំពេញ ៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានប្រកាសឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ម្សៅទឹកដោះគោ Dumex Mamil Gold Infant Milk Formula-Step1ដែលផលិតនៅប្រទេស ម៉ាឡេស៊ី ពីព្រោះតែម្សៅទឹកដោះគោប្រភេទនេះ ត្រូវបានរកឃើញថា មានផ្ទុកបាក់តេរី ដែលបង្កឲ្យគ្រោះថ្នាក់ដល់ទារក អាចឈានទៅដល់ស្លាប់។
សេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល ដែលផ្សព្វផ្សាយកាលពីថ្ងៃទី២៩ សីហា ម្សិលមិញបញ្ជាក់ថា អាជ្ញាធរ កសិម្ហូបអាហារ និងបសុពេទ្យ នៃ ប្រទេសសិង្ហបុរី បានរកឃើញបាក់តេរី Cronobacter sakazakii នៅក្នុងផលិតផលម្សៅងទឹកដោះគោសម្រាប់ទារក Dumex Mamil Gold Infant Milk Formula-Step1។ ម្សៅទឹកដោះគោប្រភេទនេះ ត្រូវបាននាំចូលមកកម្ពុជា ដោយក្រុមហ៊ុន Danone Dumex។
បាក់តេរី ដែលមានក្នុងម្សៅទឹកដោះគោសម្រាប់ទារកនេះ នឹងបណ្ដាលឲ្យ កើតជំងឺរលាកពោះវៀនធំ រលាកពោះវៀនតូច និងរលាកស្រោមខួរក្បាលជាដើម។ លើសពីនេះ បាក់តេរីនេះ នឹងបណ្ដាលឲ្យទារកអាយុតិចជាង ២ខែ ប្រឈមអត្រាស្លាប់ពី ១០ ទៅ ៨០ភាគរយ។ ហេតុដូច្នេះ ទើបអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ស្នើឲ្យអាណាព្យាបាលគ្រប់រូប បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ម្សៅទឹកគោប្រភេទនេះ។
អគ្គនាយកដ្ឋានកាំកុងត្រូល បញ្ជាក់ថា ពេលនេះអាជ្ញាធរបានផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំ ចូល អាជីវករ លក់ដុំ និងរាយទាំងអស់ ឲ្យបញ្ឈប់ការចរាចរផលិតផលនេះ លើទីផ្សារ ហើយអាជ្ញាធរក៏នឹងចុះត្រួតពិនិត្យនៅតាមផ្សារ ទាំងធំ ទាំងតូច ក៏ដូចជាតាមបណ្ដាផ្សារទំនើបផងដែរ ដើម្បីប្រមូលយកផលិតម្សៅទឹកដោះគោដែលមានគ្រោះថ្នាក់ដល់ទារកនេះ។
បន្ថែមពីនេះ អគ្គនាយកដ្ឋានកាំកុងត្រូល អំពាវនាវដល់សារធារណជនទាំងអស់ សូមកុំទិញផលិតផលដែលមានអត្ដសញ្ញាណដូចបានជម្រាបជូនខាងលើ និងសូមឲ្យផ្ដល់ព័ត៌មានដល់មន្ដ្រីមានសមត្ថកិច្ច ក្នុងករណីបានប្រទះឃើញ ម្សៅទឹកដោះគោ ប្រភេទ Dumex Mamil Gold Infant Milk Formula-Step1 នេះ (លេខអាជ្ញាធរ កាំកុងត្រូល 012 278 789 / 092 999 867 / 012 985 577)៕