ទំនងជៀសមិនរួចទេ ការប៉ះទង្គិចគ្នារវាងកងទ័ពវេណេហ្សូអេឡា និង ប្រទេសចំនួន៣ ជាប់ព្រំដែននៃប្រទេសនេះ ដែលបានដាក់ពង្រាយកងទ័ពរួចហើយ។ តើនេះជាសកម្មភាព ឈ្លានពាន ឬក៏គំរាម ចង់បណ្ដេញលោក ម៉ាឌូរ៉ូ ពីតំណែងខណៈប្រទេសនេះរងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ?
លោក រឿន ឬទ្ធី ជូនសេចក្ដីប្រែសម្រួល ៖
ចាប់តាំងប្រទេស វេណេហ្សូអេឡា ធ្លាក់ក្នុងវិបត្តិនយោបាយនិងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ តាំងពី ខែមិថុនា មក គេសង្កេតឃើញប្រទេសជិតខាងដែលមានព្រំដែន ជាប់ជាមួយប្រទេសនេះ បាន ចល័តងទ័ព ទៅដាក់ពង្រាយតាមព្រំដែន ក្រោមហេតុផលការពារសន្តិសុខ ខណៈជនភៀសខ្លួនវេណេហ្សូអេឡាបានសម្រុកមកកាន់ប្រទេសទាំងនេះ។
នៅអង្គារម្សិលមិញ(២៨ សីហា ) ប្រធានាធិបតី ប្រេស៊ីល បានបញ្ជាអោយកងទ័ព ទៅឈរជើងតាមព្រំដែននៃប្រទេសវេណេហ្សូអេឡា ដែលលោកថា ដើម្បីការពារសន្តិសុខតាមព្រំដែន។ លោកថា ការដាក់ពង្រាយកងទ័ពនេះ គឺដើម្បីទប់ស្កាត់ហិង្សា ដែលអាចប៉ះទង្កិច ខណៈជនភៀសខ្លួនវេណេហ្សូអេឡា រត់មកជ្រកកោន ប្រទេសនេះ។
កាលពី សប្ដាហ៍មុន ប្រទេសកូឡំប៊ី ប្រទេសប៉េរូ បានដាក់ពង្រាយទ័ពរួចហើយ តាមព្រំដែនជាមួយ ប្រទេសវេណេហ្សូអេឡា ។ ការដាក់ពង្រាយកងទ័ពរបស់ប្រទេសនេះ ក៏មិនខុសនឹងប្រទេសប្រេស៊ីលដែរ។ ស្របពេលដែល ប្រទេសជិតខាងខ្លួន ដាក់ពង្រាយកងទ័ព ប្រទេសវេណេហ្សូអេឡា មិនបាន ធ្វើដូចនេះទេ។តែប្រទេសនេះ បានពង្រឹងសន្តិសុខផ្ទៃប្រទេស កាន់តែខ្លាំងជាងមុន ព្រោះខ្លាច មានផ្ទុះរដ្ឋប្រហារ ហើយ កងទ័ពប្រទេសជិតខាងនឹងចូលអន្តរគមន៍ជួយបញ្ចប់ អំណាចរបស់លោក ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ។ លោក ម៉ាឌូរ៉ូ បានចោទប្រទេសជិតខាងរបស់លោក ជាពិសេស ប្រទេសកូឡំប៊ី ថា កំពុងរៀបចំទ័ព វាយលុកប្រទេសលោក ក្រោមរូបភាព រំដោះប្រជាជនចេញពីការរំលោភសិទ្ធិមនុស្ស ។
មូលហេតុការធ្វើចំណាកស្រុក
នៅរយៈពេលចុងក្រោយនេះ ពលរដ្ឋប្រទេសវេណេហ្សូអេឡា ដែលរត់ភៀសខ្លួន ទៅនៅប្រេទេសជិតខាង ដោយសារប្រទេសពួកគេ ជួប វិបត្តិសេដ្ឋកិច្ច និង នយោបាយ។ វិបត្តិនយោបាយ ដែលនាំអោយមានវិបត្តិសេដ្ឋកិច្ចនេះ បានបណ្ដាលអោយ ប្រទេសផ្ទុះអតិផរណា កប់ពពក។ គេបានរាយការណ៍ថា មាន់មួយក្បាល តំលៃ ជាង១៤លានបូលីវ៉ា ខណៈ ក្រដាសអនាម័យ មួយដុំតម្លៃ ២លាន៤សែន បូលីវ៉ា។ ការហក់ឡើងកប់ពពកនៃទំនិញទីផ្សារ បានធ្វើអោយពលរដ្ឋកាន់តែធ្វើចំណាកស្រុក ស្របពេល មូលនិធី IMF ព្រមានថាសេដ្ឋកិច្ចប្រទេសនេះ នឹងក្រឡាប់នៅចុងឆ្នាំ២០១៨។ ដោយសាររឿងនេះពលរដ្ឋ ពលរដ្ឋជិត២លាននាក់បានទៅសុំការងារធ្វើ់នៅប្រទេសជិតខាង។
លោក ម៉ាឌូរ៉ូ ប្រឈមមុខនឹងរដ្ឋប្រហារ
ចាប់តាំងពីប្រទេសនេះ ធ្លាក់ក្នុងវិបត្តិនយោបាយនៅចុងឆ្នាំ២០១៦មក មានការប៉ុនប៉ង ធ្វើឃាតលោកម៉ាឌូរ៉ូមិនតិចជាង ៤ដងនោះទេ ។ ផែនការនេះ ធ្វើលោកម៉ាឌូរ៉ូ ចាប់អ្នកប្រឆាំងលោក ជាច្រើនរយនាក់ ហើយ វាយបង្ក្រាបបាតុកម្ម បណ្ដាលអោយមនុស្ស ជាង១០០បានស្លាប់។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បាន ថ្កោលទោស យ៉ាងខ្លាំង។ មូលហេតុនៃការបះបោរហើយត្រូវបានរដ្ឋអំណាចបង្ក្រាបនេះ ដោយសាតែ លោកម៉ាឌូរូរំលាយ សមាជិកសភាក្រុមប្រឆាំងហើយរៀបចំបោះឆ្នោតដែលគ្មានគូប្រកួតកាលពីថ្ងៃទី២០ឧសភា ដែលនាំអោយអាមេរិក សហភាពអឺរ៉ុប មិនទទួលស្គាល់លោកម៉ាឌូរ៉ូជាប្រធានាធិបតីស្របច្បាប់។ ករណីនេះ នាំអោយអាមេរិកនិងសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម។ សហរដ្ឋអាមេរិកព្រមានថា របបលោកម៉ាឌូរ៉ូអាចនឹងដួលរំលំដោយ ការធ្វើប្រហារ នៅថ្ងៃណាមួយ៕