ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានធ្វើការប្រៀបធៀបកម្លាំងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសវេណេហ្សូអេឡា ដែលសម្តេចថា រដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងរក្សាអតិផរណានៃថ្លៃទំនិញមិនឱ្យឡើងកប់ពពកដូចនៅប្រទេស វេណេហ្សូអេឡាឡើយ។ ការថ្លែងនេះធ្វើឡើងនៅចំពោះមុខកម្មករកាត់ដេរប្រមាណមួយម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ សីហានេះ។
ថ្លែងនៅចំពោះមុខកម្មករ កម្មាការិនីជាងមួយម៉ឺននាក់សម្តេច ហ៊ុន សែន ដែលនឹងដឹកនាំសមាជិករាជរដ្ឋាភិបាល និងសមាជិកសភាចូលកាន់តំណែងថ្មី បន្ទាប់ពីឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ក្នុងគ្រាដែលមានការរិះគន់ពីសហគមន៍អន្តរជាតិនោះ បានបង្ហាញជំហររឹងមាំនៃសេដ្ឋកិច្ចជាតិក្រោមការដឹកនាំរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។
សម្តេច ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលបានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីរក្សាបាននូវកម្លាំងសេដ្ឋកិច្ចមួយរឹងមាំ ពិសេសគឺរក្សាបានតម្លៃទំនិញលើទីផ្សារមិនឱ្យឡើងខ្ពស់ ដែលជាផ្នែកមួយនៃការទប់ស្កាត់អតិផរណា។
សម្តេច ហ៊ុន សែន បន្តថា រដ្ឋាភិបាលកំពុងតែគិតគូរពីកម្រិតប្រាក់បៀវត្តន៍របស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនានានៅឆ្នាំក្រោយ ពិសេសគឺប្រាក់ឈ្នួលកម្មករកាត់ដេរ ធ្វើយ៉ាងណាឱ្យសមាមាត្រនឹងតម្លៃទំនិញលើទីផ្សារ។ សម្តេចបានអះអាងថា អត្រាអតិផរណានៅកម្ពុជាបានរក្សានៅក្នុងកម្រិតមួយល្អជាងប្រទេសជិតខាង ហើយថាកម្ពុជាគឺមិនអាចមានហានិភ័យនៃអតិផរណាដូចនៅប្រទេស វេណេហ្សូអេឡា នោះដែរ។
ប្រទេស វេណេហ្សូអេឡា ក្រោមការដឹកនាំរបស់ប្រធានាធបតី នីកូឡាសម៉ាឌូរ៉ូ បានស្គាល់នូវវិបត្តិអតិផរណាយ៉ាងធ្ងន់ធ្ងរ គឺមាន់មួយក្បាលតម្លៃ ១៤លាន ៤សែនBolivar កាហ្វេមួយកែវតម្លៃ២លាន៤សែន Bolivar អង្ករ មួយគីឡូក្រាម តម្លៃ២លាន ៨សែន Bolivar នៅលើទីផ្សាររដ្ឋធានីការាកាស ។ តាមការចុះផ្សាយរបស់ សារព័ត៌មានIndependent Journal Review ក្រដាសអនាម័យមួយដុំក៏មានតម្លៃ ២លាន៦សែន Bolivarផងដែរ។
ដូចអ្នកសេដ្ឋកិច្ចបានព្រមានថា សេដ្ឋកិច្ចប្រទេសវេណេហ្សូអេឡា ក្រោមការដឹកនាំនៃបក្សសង្គមនិយម កំពុងដើរឆ្ពោះទៅរកការដួលក្រឡាប់នៅចុងឆ្នាំ២០១៨នេះ ក៏ដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីអាមេរិកនិងសហភាពអឺរ៉ុប បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២០ឧសភា មិនត្រូវបានទទួលស្គាល់ភាពស្របច្បាប់។
ស្របពេលអតិផរណាឡើងកប់ពពក រដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ បានប្រកាសដំឡើងប្រាក់បៀវត្ស ៣ពាន់ភាគរយលើស្ថិរភាពបៀវត្សដែលមានស្រាប់ ប្រយោជន៍ដើម្បីរត់តាមទំនិញលើទីផ្សារ។ ទំព័រសារព័ត៌មានអន្តរជាតិជាច្រើន បានបង្ហាញរូបពលរដ្ឋទៅផ្សារ ដោយអ្នកមានទ្រព្យធុនបានដឹកក្រដាសប្រាក់ Bolivar ដាក់ពេញកូនឡាន ហើយហៅអ្នកលក់មកជួយលើកយកព្រោះប្រាក់ Bolivar ទាំងនោះមានចំនួនច្រើន។
ប្រទេសវេណេហ្សូអេឡា បច្ចុប្បន្នកំពុងរងការដាក់ទណ្ឌកម្មពីអាមេរិក និងសហភាពអឺរ៉ុប បានជួបវិបត្តិសេដ្ឋកិច្ច និងនយោបាយធ្ងន់ធ្ងរ នាំឱ្យមានជនភៀសខ្លួនជាងមួយលានប្រាំសែននាក់ ភ្លៀសខ្លួនទៅនៅប្រទេសជិតខាងដើម្បីរកងារងារធ្វើ។
កាលពីសប្ដាហ៍មុន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសុំអោយជួយស្ដារស្ថានភាពជនភៀសខ្លួនជាបន្ទាន់ដោយសារពួកគេរស់នៅដោយខ្វះស្បៀង ទឹកស្អាត និងថ្នាំពេទ្យ ។ ប្រទេសដែលផ្ដល់ជំនួយ សម្រាប់ជនភៀសខ្លួនមាន អាមេរិក សហភាពអឺរ៉ុប និងប្រទេសជិតខាង។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចកម្ពុជាគិតត្រឹមខែមិថុនាឆ្នាំ២០១៨ បានឱ្យដឹងថា កំណើនសន្ទស្សន៍ថ្លៃទំនិញជាមធ្យមក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ មានអត្រា ២,៥% ទាបជាងកំណើនជាមធ្យមក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៣,៥%។
ដោយផ្អែកលើកំណើនជាមធ្យមក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ក្រសួងសេដ្ឋកិច្ចអាចសន្និដ្ឋានថា ស្ថានភាពអតិផរណាក្នុងឆ្នាំ ២០១៨ នៅតែរក្សាបានស្ថិរភាពល្អ ពោលគឺស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។ ការរក្សាបានអត្រាកំណើនទាបនេះ ដោយសារការថមថយកំណើនសន្ទស្សន៍ថ្លៃក្រុមទំនិញម្ហូបអាហារនាដើមឆ្នាំ បើទោះបីជាថ្លៃប្រេងឥន្ធនៈមាននិន្នាការងើបឡើងវិញបន្តិចក៏ដោយ។
បើក្រសួងការធ្វើចំណោលដល់ខែធ្នូ ឆ្នាំ ២០១៨ អតិផរណាប្រចាំឆ្នាំ (year on year) អាចនឹងមានអត្រា ២,៨% ឬ អតិផរណាមធ្យមប្រចាំឆ្នាំ (year average) អាចនឹងមានអត្រា ២,៧%។
អតិផរណា គឺជាការកើនឡើងនៃកំរិតថ្លៃរួម ហើយវាកើតឡើងនៅពេលដែលតម្លៃទំនិញជាច្រើនកើនឡើងព្រមៗគ្នា។ គេអាចវាស់អតិផរណាដោយពិនិត្យមើលទៅលើចំនួនជាច្រើននៃទ្រព្យ និង សេវា ហើយគណនាវាធៀបទៅលើការកើនឡើងនៃថ្លៃទំនិញក្នុងរយៈកាលណាមួយនោះ។
កម្ពុជាធ្លាប់ជួបវិបត្តិអតិផរណា កាលពីឆ្នាំ២០០៧និង២០០៨ ដែលគ្រានោះអតិផរណាបានកើនឡើងដល់២៥.៧ ភាគរយ ហើយបានធ្លាក់ចុះមកវិញត្រឹម ២២.៣ ភាគរយនៅខែកក្កដាឆ្នាំ ២០០៨។ អតិផរណាគ្រានោះ កើតឡើងស្របពេលដែលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចផងដែរ។ តែមានការរកឃើញថា វិបត្តិអតិផរណាកម្ពុជាកាលណ្ណោះ គឺកម្ពុជាបានពឹងផ្អែកលើការនាំចូលទំនិញប្រើប្រាស់ពីបរទេស ពិសេសប្រទេសជិខាងកម្ពុជាគឺវៀតណាម និងថៃ ព្រោះមុខទំនិញពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាច្រើន មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយសេដ្ឋកិច្ចរបស់ប្រទេសថៃ និងប្រទេសវៀតណាមតាមរយៈការធ្វើពាណិជ្ជកម្មដ៏ច្រើនសន្ធឹកសន្ធាប់ ៕