ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមក្នុងសំណុំរឿងផលិតករភាពយន្តជនជាតិអូស្ត្រាលី លោក James Ricketson នៅព្រឹកថ្ងៃ សុក្រ សប្តាហ៍នេះ។ លោក James ផលិតករអូស្ត្រាលីរងការចោទប្រកាន់ពីបទចារកម្ម។
ផលិតករលោក James Ricketson អាយុ ៦៩ ឆ្នាំ ត្រូវបានជាប់ចោទពីបទចារកម្មពាក់ព័ន្ធនឹងការបង្ហោះយន្តហោះ Drone ផ្តិតយករូបភាពការធ្វើក្បួនរបស់អតីតគណបក្សសង្គ្រោះជាតិត្រូវបានរំលាយការពីឆ្នាំមុន។ យោងតាមច្បាប់កម្ពុជា លោក James អាចប្រឈមមុខជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ។
សវនាការមានរយៈពេលមួយថ្ងៃ លោក គង់ សំអុន មេធាវីការពារលោក James បញ្ជាក់ថា តុលាការនឹងប្រកាសសាលក្រមសំណុំរឿងកូនក្តីរបស់លោកនៅព្រឹកថ្ងៃ សុក្រ ទី ៣១ ខែ សីហានេះ។ លោកមេធាវី បង្ហាញក្តីសង្ឃឹមថា កូនក្តីរបស់លោកនឹងទម្លាក់ចោលការចោទប្រកាន់ ព្រោះគ្មានភស្តុតាំងដាក់បន្ទុកលើកូនក្តីលោកនោះទេ។
លោក គង់ សំអុន៖ «គេមិនទាន់បានសម្រេចទេថ្ងៃ ៣១ មកស្តាប់ចុះពេលព្រឹក សម្រាប់ខ្ញុំសង្ឃឹមព្រោះការងារអញ្ចឹង ប៉ុន្តែគ្រាន់តែថាពិបាក់យល់ដែរ។ប៉ុន្តែគ្រាន់ថាបើនិយាយពីបទល្មើសរកមិនបានវាមិនមានភស្តុតាងប្រឆាំងគាត់»។
បុរសវ័យ ៦៩ ឆ្នាំ ជនជាតិអូស្ត្រាលី រូបនេះ ត្រូវបាននគរបាលកម្ពុជាចាប់ខ្លួន នៅថ្ងៃទី៣ មិថុនា ឆ្នាំ ២០១៧ បន្ទាប់ពីលោកបង្ហោះយន្តហោះ Drone ថតយករូបភាព នៃការហែក្បួនឃោសនានយោបាយរបស់អតីគណបក្សសង្គ្រោះជាតិ។ គិតចាប់ពីការចាប់ខ្លួនលោក James ស្ថិតនៅក្នុងការឃុំខ្លួនជាងមួយឆ្នាំមកហើយ៕