ភ្នំពេញ៖ រយបាយការណ៍ក្រុមប្រឹក្សាអាជ្ញាកណ្តាលបង្ហាញថាសំណុំរឿងវិវាទការងាររវាងនិយោជក និងនិយោជិកក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែងជើងធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីការដាក់អនុវត្តន៍ច្បាប់ស្តីពីសហជីពនៅពាក់កណ្តាលឆ្នាំ ២០១៦។ ប៉ុន្តែក្រុមសហជីពការពារផលប្រយោជន៍កម្មករបង្ហាញទស្សនៈថា ចាប់តាំងពីអនុម័តច្បាប់សហជីពកម្មករហាក់បាត់បង់តំណាងក្នុងការពារសិទ្ធិរបស់ពួកគេ។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្ងៃចន្ទសប្តាហ៍នេះ ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបានសំណុំរឿងវិវាទការងាររវាងកម្មករ និងថៅកែ ក្នុងវិស័យកាត់ដេរមានចំនួនជាង២៦០០ករណី ក្នុងរយៈពេល២ឆ្នាំ ហើយ ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយវិវាទជោគជ័យប្រមាណ ៧៥ ភាគរយ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបង្ហាញថា ពាក្យបណ្តឹងវិវាទការងារធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីការអនុម័តច្បាប់ស្តីពីសហជីពនៅអំឡុងខែ ឧសភា ឆ្នាំ ២០១៦។
សំណុំរឿងវិវាទការងារចំនួនប្រមាណ ៣៣០ករណី នៅឆ្នាំ ២០១៥ និង សំណុំរឿងវិវាទការងារប្រមាណ ២៤០ ករណី នៅឆ្នាំ ២០១៦។ ប៉ុន្តែ សំណុំរឿងវិវាទការងារធ្លាក់ចុះមកត្រឹម ៥០ ករណីនៅឆ្នាំ ២០១៧ និងបន្តធ្លាក់ចុះមកត្រឹម ៣២ ករណីនៅពាក់កណ្តាលឆ្នាំ ២០១៨នេះ។ នេះតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា សង្កេតឃើញថា មុនការអនុម័តច្បាប់ស្តីពីសហជីពសំណុំវិវាទការងារហាក់មានចំនួនច្រើនរាប់រយ ប៉ុន្តែចាប់តាំងពីការអនុវត្តច្បាប់សហជីពសំណុំរឿងវិវាទការងារធ្លាក់ចុះប្រមាណ១០ដង បើធៀបទៅនឹងមុនការអនុម័តច្បាប់សហជីព។
លោក អាត់ ធន់ បន្ថែមថា ភាពស្មុកស្មាញនៃច្បាប់ស្តីពីសហជីពជាឧបសគ្គសម្រាប់សហជីពក្នុងការស្វះស្វែងរកសំឡេងគាំទ្រ ដើម្បីធ្វើជាដំណាងឱ្យកម្មកររោងចក្រពាក់ព័ន្ធនឹងវិវាទការងាររបស់ពូកគេ។
លោក អាត់ ធន់៖ «ដែលធ្លាប់រាប់រយក្នុងមួយឆ្នាំវាចុះមកដបដង បានន័យថា តំណាងឱ្យកម្មករ ឬវិវាទដែលកើតឡើងជាវិវាទរួមដែលដោះស្រាយនៅក្នុងក្រុមប្រឹក្សាអាជ្ញាធរកណ្តាលមានធ្លាក់ចុះ ប៉ុន្តែចំនួនដែលចំពេលជាមួយគ្នាវិវាទបុគ្គលមានការកើនឡើង ដោយសារតែកាលណាគេមិនអាចដោះស្រាយវិវាទរួមាបានវិវាទនិងគេបំបែកទៅជាវិវាទបុគ្គលអញ្ចឹងវាធ្វើឱ្យវិវាទបុគ្គលនឹងច្រើន។ វិវាទបុគ្គលវាគ្មានប្រយោជន៍អ្វីទេដល់កម្មករច្រើនពេកទេ ប៉ុន្តែវិវាទរួមកាលណាដោះស្រាយក្រសួងមិនបានល្អ គ៏គាត់អាចស្នើទៅអាជ្ញាកណ្តាលដែរ។អាជ្ញាកណ្តាលគេរកឃើញថាមានការដោះស្រាយមានហេតុផល និងមានឥទ្ធពលផ្លូវច្បាប់ ហើយផុតពីនឹងកម្មករអាចនឹងធ្វើការតវ៉ាថែមទៀតសិទ្ធិរបស់គាត់មានឥទ្ធពល អញ្ចឹងធ្វើនិយោជកខ្លាច ប៉ុន្តែវិវាទបុគ្គលនយោជកអត់ខ្លាចទេ»។
លោក អាត់ ធន់ ដែលតំណាងឱ្យកម្មកររោងចក្រ និងសហគមជាង២០០កន្លែងនៅទូទាំង ប្រទេសមានប្រសាសន៍ថាសហជីពរបស់លោកដាក់ពាក្យបណ្តឹងតិចតួចនៅពាក់កណ្តាលឆ្នាំនេះ ពាក់ព័ន្ធនឹង ការបិទរោងចក្រ ការបង្ខំកម្មករធ្វើការលើសម៉ោងជាដើម។ លោកថា បណ្តឹងភាគច្រើនមិនត្រូវបានដោះសាយនោះទេ។
មានទស្សនៈប្រហាក់ហែលនឹងលោក អាត់ ធន់ ដែរ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្ពុជាដែលតំណាងឱ្យកម្មកររោងចក្រប្រមាណ ៤០ កន្លែងនៅទូទាំងប្រទេស បង្ហាញការយល់ឃើញ ថា ច្បាប់ស្តីពីសហជីពបានក្លាយជាឧបសគ្គក្នុងការតំណាងឱ្យកម្មករ ដើម្បីពាំនាំពាក្យបណ្តឹងទៅក្រសួងការងារនិងអ្នកពាក់ព័ន្ធ។ លោក ប៉ាវ ស៊ីណា បញ្ជាក់ថា ពាក្យបណ្តឹងរបស់សហជីពរបស់លោកជាច្រើនមិនដោះស្រាយ ព្រោះក្រសួងថា ពាក្យបណ្តឹងមិនគ្រប់តាមលក្ខខណ្ឌច្បាប់សហជីព។
លោក ប៉ាវ ស៊ីណា៖«ផ្លូវច្បាប់គេថាទាល់តែសហជីពមានសំឡេងលើសពី៣០ភាគរយឡើងទៅទើបតំណាងឱ្យកម្មករបាន អញ្ចឹងសំណុំរឿងដែលបញ្ជូនទៅមានន័យថាយើងមិនត្រឹមតែមិនអាចតំណាងឱ្យកម្មករទេ សូម្បីការពារសមាជិកខ្លួនឯងក៏អត់បានដែរ។ខ្ញុំយល់ថា បញ្ហាមកដល់ម៉ោងនេះសំណុំរឿងដែលយើងប្តឹងទៅហាក់ដូចជាត្រូវបានដោះស្រាយទេ ដោយសារច្បាប់ស្តីពីសហជីពនេះ»។
តែបែបនេះក្ដីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសរសេរនៅបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បញ្ជាក់ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបានសំណុំរឿងវិវាទការងាររវាងកម្មករ និងថៅកែ ក្នុងវិស័យកាត់ដេរមានចំនួន ២៦៥០ គិតតាំងពីឆ្នាំ ២០១៦ មក ហើយ ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយវិវាទជោគជ័យប្រមាណ ៧៥ ភាគរយ តាមរយៈការផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។
ក្រុមសហជីពទាំងពីរមើលឃើញថា ច្បាប់ស្តីពីសហជីពបានផ្តល់អំណាចខ្លាំងដល់ក្រុមមន្ត្រីដែលពួកគាត់មានសិទ្ធិច្រាន់ចោល ឬបញ្ជូនបណ្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយ។
លោក អាត់ ធន់ ពន្យល់ថា ទោះបីជាវិវាទសំណុំរឿងរួមមានអត្រាធ្លាក់ចុះ ប៉ុន្តែសំណុំរឿងវិវាទបុគ្គលមានការកើនឡើង។ លោកទទួលស្គាល់ថា ការដោះស្រាយបណ្តឹងរួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលពិតជាមានការទទួលស្គាល់ថាប្រមានប្រសិទ្ធិភាពនិងតម្លាភាពពីសហគមអន្តរជាតិ តែលោកថាការដោះស្រាយវិវាទបុគ្គលកម្មករហាក់មិនសូវទទួលបានផលប្រយោជន៍នោះទេ។
បើតាមនាយកដ្ឋានដោះស្រាយវិវាទការងារនៃក្រសួងការងារ បានទទួលចុះឈ្មោះបណ្តឹងបុគ្គលមាន៤៧៦កាលពីឆ្នាំ ២០១៧។ក្នុងនោះ ២២៨ ករណីត្រូវបានដោះស្រាយ និង ១៩១ ករណីមិនអាចដោះស្រាយបាន ហើយ ៥៧ករណី ច្រានចោល។
នាយកដ្ឋានដោះស្រាយវិវាទការងារនៃក្រសួងការងារបានឲ្យដឹងថា ករណីបណ្ដឹងបុគ្គល ៤៧៦ ត្រូវបានចុះឈ្មោះជាមួយនាយកដ្ឋាននៅឆ្នាំមុន ក្នុងនោះមាន ២២៨ ករណីត្រូវបានដោះស្រាយ ខណៈ ១៩១ ករណីមិនអាចដោះស្រាយបានហើយ ៥៧ ករណីត្រូវបានច្រានចោល។ ចំណែកវិវាទរួមនាយកដ្ឋាននេះទទួលបាន ១២៧ ករណី។ ក្នុងនោះដោះស្រាយ បាន ៥៦ ករណី។ ៧០ ករណី មិនអាចដោះស្រាយ និង ១ ករណីត្រូវបានច្រានចោល។នេះបើតាមការចុះផ្សាយរបស់ការសែតភ្នំពេញប៉ុស្ត៍ជាខេមរភាសា៕