ភ្នំពេញ ៖ គ្មានទេការដោះលែង ពិរុទ្ធជនដោយត្រូវរង់ចាំការកាត់ទោសសិនហើយ អតីតទណ្ឌិត ដែលមិនបានសងលុយអោយគណបក្សប្រជាជនត្រូវតែសង បើពុំនោះទេ នាំទៅដេកគុកវិញ។ នេះជាការព្រមានរបស់សម្ដេច ហ៊ុន សែន ដែលទំនងសំដៅលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងលោក គឹម សុខអ្នកឃ្លាំមើលបញ្ហាសង្គម ដែលទើបចេញពីពន្ធនាគារ។
លោក រឿន ឬទី្ធរាយការណ៍!
ទំនងទប់ចិត្តមិនបាន នឹងការថ្លែងចំអក ថា ការដោះលែងទណ្ឌិតនយោបាយដោយសារក្រោមសម្ពាធសហគមន៍អន្តរជាតិ និង ខកចិត្ត ដែលអ្នកវិភាគ គឹម សុខ នៅតែបន្តរិះគន់ លើបក្សកាន់អំណាច នៅថ្ងៃពុធ ទី២៩ សីហានេះ សម្ដេចនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការព្រមាន ក្រុមណា ឬជនណា មានបំណង ទៅទទួលលោក កឹម សុខា ដែលសម្ដេចថា ពិរុទ្ធជននេះ មិនអាចលើកលែងទោសបានទេ ព្រោះជននេះស្ថិតក្នុងដំណើរការស៊ើបអង្កេត។
សម្ដេចបានសម្ដែងកំហឹងដូចនេះ នៅក្នុងពិធីជួប សំណេះសំណាលជាមួយ កម្មករ កម្មការិនី នៅព្រឹកថ្ងៃពុធទី២៩ សីហានេះ។
ក្នុងឱកាសនោះសម្ដេចនាយករដ្ឋមន្ត្រីបាន ព្រមានចាប់ខ្លួនចំពោះបុគ្គលម្នាក់ ឈ្មោះ ណុប ប៊ុនហ៊ល ដែលសម្ដេចចោទថា បានរៀបចំ កម្លាំងទៅទទួលលោក កឹម សុខា។ សម្ដេចសង្កត់ធ្ងន់ថា បទចោទករណីក្បត់ជាតិ គឺធ្ងន់ណាស់ ដែលមិនងាយដោះលែងទេ។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបាន តុលាការកំពូលរំលាយ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ កំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុក ខេត្តត្បូងឃុំ។ លោក ត្រូវឡើងសវនាការ លើករណី បន្តការឃុំខ្លួន ឬក៏ត្រូវដោះលែង ព្រោះលោកស្ថិតក្នុងការឃុំខ្លួន ក្រោមការស៊ើបអង្កេត មានរយៈពេលជិត ១២ខែហើយ បើរាប់ពីការចាប់ខ្លួនលោកនៅថ្ងៃទី៤ កញ្ញា ឆ្នាំ២០១៧។ ចៅក្រមស៊ើមសួរនៃតុលាការរាជធានីភ្នំពេញ នឹងទៅបើកសវនាការដោយផ្ទាល់នៅក្នុង បរិវេណពន្ធនាគារ ត្រពាំងផ្លុង នៅថ្ងៃទី៣០ សីហា ឆ្នាំ២០១៨នេះ។
ក្នុងរយៈពេល ចុងក្រោយនេះ បន្ទាប់ពីដោះលែង អ្នកទោសនយោបាយ ដែលជាសកម្មជន អតីតបក្សសង្គ្រោះជាតិ សកម្មជនដីធ្លី អ្នកឃ្លាំមើលសង្គម លោក គឹម សុខ មកឃើញថា មជ្ឈដ្ឋានមួយចំនួន រំពឹងថា លោក កឹម សុខា អាចត្រូវបានដោះលែង។ មជ្ឈដ្ឋានមួយចំនួនថា ដោយសារមានការដោះលែងអ្នកទោស មនសិការទ្រង់ទ្រាយធំនេះ នាំឲ្យកម្ពុជា មានដំណោះស្រាយព្រោះការដោះលែងនេះ ដោយសារតែសម្ពាធរបស់អន្តរជាតិ។ ប៉ុន្តែសម្រាប់សម្ដេច ហ៊ុន សែន បានបដិសេធ។
ខណៈ មានកំហឹងនឹងអ្នកចំអកថា ដោយសារសម្ពាធអន្តរជាតិផង សម្ដេចក៏នឹកឃើញ ដល់អ្នករួចទោសម្នាក់ទៀត ដែលមិនបានសងជំងចិត្តទៅបក្សរបស់សម្ដេច។ ទំនងបុរសនោះ គឺអ្នកឃ្លាំមើលសង្គម គឹម សុខ ដែលត្រូវបានតុលាការ បង្គាប់ឲ្យបង់ប្រាក់ ៨០០លានរៀល ទៅឲ្យដើមបណ្ដឹងគឺគណបក្សប្រជាជនកម្ពុជា ។ សម្ដេចថា ជននេះមិនរៀងចាល់ទេ ចេញពីគុកវិញ នៅតែនិយាយដៀមដាក់ ថាអ្វីដែលគេហៅនីតិមាត់ ។
តាមគំរោងលើកលែងទោស គឺនៅថ្ងៃបុណភ្ជុំបិណ្ឌ ។ តែសម្ដេចថា មិនរង់ចាំយូរទេ ព្រោះជាពេលវេលាមួយដែលសម្ដេចថា សមស្រប ក្នុងការបង្ហាញពីការសាមគ្គីជាតិមួយដែរ។
សម្រាប់អ្នកសង្កេតការណ៍ក៏មើលឃើញពីតម្លៃនៃការសាមគ្គីជាតិ តាមរយយៈការលើកលែងទោស អ្នកទោសមនសិការទាំងជិត២០នាក់នេះដែរ។ តែអ្នកវិភាគព្រមានថា បើគ្មានមានដំណោះស្រាយដោយភាគីខ្មែរដូចគ្នា គឺងាយរលាយទៅវិញ គឺត្រូវមានសហគមន៍អន្តរជាតិ ជាអ្នកសម្របសម្រួល និងជាសាក្សី៕