រដ្ឋាភិបាលរបស់លោក ដូណាលត្រាំ បានប្រាប់ទៅរបបក្រុងព្យុះយ៉ាងថា ការចរចាកំពូលអាចធ្វើបានមកម្ដងទៀត អោយតែប្រទេសកុម្មុយនិស្តមួយនេះ ត្រៀមរៀបចំរំលាយ កម្មវិធី អាវុធនុយក្លេអ៊ែរ។ តាមទីភ្នាក់ងារសារព័ត៌មាន AP ការប្រកាសរបស់សេតវិមាន ធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្ត្រីការបរទេស Mike Pompeo មានផែនការទៅក្រុងព្យុះយ៉ាងម្ដងទៀត។
កាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោក ដូណាល់ត្រាំ បានណែនាំ ទៅលោក Pompeo អោយពន្យាពេលទៅកាន់ក្រុងព្យុះយ៉ាងព្រោះតែ លោកត្រាំមិនទាន់មើលឃើញការរីកចម្រើន របស់ទីក្រុងព្យុះយ៉ាង រំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលបានព្រមព្រៀងគ្នា កាលពីជំនួបកំពូល នៅថ្ងៃទី១២ ខែ មិថុនា នៅប្រទេសហិង្ហបុរី នៅឡើយ។
អ្នកនាំពាក្យ របស់លោក Pompeo លោកស្រី Heather Nauert បានបដិសេធ ថា មានការប៉ះទង្កិចគ្នា តាមរយៈលិខិតរវាងលោក គីម ជុងអ៊ុន និង ត្រាំ។ ប្រសិនបើលោក Pompeo ទៅកាន់ក្រុងព្យុះយ៉ាង ម្ដងទៀត គឺជាលើកទី៤ ហើយ ដែលរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានជាន់ទឹកដី របបកុម្មុយនិស្ត មួយនេះ។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis បាននិយាយថា កងទ័ពអាមេរិក និងកូរ៉េខាងត្បូង អាចធ្វើសមយុទ្ធយោធាជាថ្មីទៀត នៅចុងឆ្នាំនេះ។ លោកថា លោក នឹងពិនិត្យ ផែនការធ្វើសមយុទ្ធនេះឡើងវិញ ទោះជាបានផ្អាកក៏ដោយ។
ជាការកត់សម្គាល់ ចាប់តាំងពីមានកិច្ចព្រមព្រៀង រវាងលោកត្រាំ និងលោក គីម ជុងអ៊ុន កាលពីខែមិថុនា គេសង្កេតឃើញថា កូរ៉េខាងជើង បានសម្របសម្រួលតិចតួច ជាមួយអាមេរិក ដោយការប្រគល់អដ្ឋិធាតុកងទ័ពអាមេរិក ដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាម កូរ៉េ ១៩៥០-៥៣ ទៅឲ្យសេតវិមានវិញ ហើយក្រៅពីនេះ មិនមានអ្វីដែលរីកចម្រើននោះទេ បើទោះជា ទីក្រុងព្យុះយ៉ាង បិទការដ្ឋាន បាញ់កាំជ្រួចក៏ដោយ។ តែផ្ទុយទៅវិញ របបក្រុងព្យុងយ៉ាង បានសុំឲ្យអាមេរិក ចាប់ផ្ដើមដកទណ្ឌកម្មលើខ្លួនជាមុនសិន។ រហូតមកដល់ពេលនេះ ហាក់ជាប់ទ្រឹងនៅឡើយទេ ចំពោះការធ្វើសកម្មភាព រំលាយអាវុធនុយក្លែអ៊ែរ៕