ភ្នំពេញ៖ លោក យ៉ង់ សាំងកុមារប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានប្រាប់ទៅប្រជាពលរដ្ឋអោយ លើកទឹកចិត្តទៅរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីអនុវត្តគោលនយោបាយចំនួន ៥ ចំណុចសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេស។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសបុករបស់លោក នៅថ្ងៃទី ២៨ សីហា ម្សិលមិញនេះ។
យោងតាមការបង្ហោះជាសាធារណៈលើទំព័រហ្វេសបុករបស់លោក យ៉ង់ សាំងកុមារ គោលនយោបាយ ៥ ចំណុច មានតទៅ៖
១៖ ឱ្យមានគ្រូកសិកម្មបម្រើកសិកគ្រប់ភូមិ ក្នុងការដោះស្រាយបញ្ហាទឹក ទុន និងទីផ្សារ
២៖ ជម្រុញឱ្យយុវជនចាប់ផ្ដើមមុខរបរផ្ទាល់ខ្លួន
៣៖ រៀបចំឲ្យមានមត្តេយ្យសាលាល្អគ្រប់ភូមិ
៤៖ រដ្ឋត្រូវឧបត្ថម្ភដល់ចាស់ជរា ដោយចាប់ផ្ដើមពីចាស់ជរាគ្មានទីពឹង
៥៖ ជំរុញឲ្យសាលារៀនល្អ មន្ទីរពេទ្យល្អ និងក្រុមប្រឹក្សាឃុំសង្កាត់ល្អដោយអនុវត្តន៍តាមស្តង់ដាគ្រប់គ្រង ISO 9001 ដើម្បីផលប្រយោជន៍ទាំងអស់គ្នា។
សូមបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន របស់លោក យង់ សាំងកុមារ មិនទទួលបានអាសនៈក្នុងរដ្ឋសភាក្នុងការបោះឆ្នោតសភានីតិកាលទី ៦ កាលពីថ្ងៃទី ២៩ កក្កដានោះទេ។ ជាងនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហាញជំហរគាំទ្រ ឧត្តមក្រុមព្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ខណៈគណបក្សនេះ ធ្លាប់បានប្រកាសថា មិនចូលរួមក្នុងវេទិកានេះ៕ អត្ថបទដោយលោក សោម លាភ