ភ្នំពេញ ៖ គ្រោះធម្មជាតិ បានបណ្ដាលឲ្យប្រជាពលរដ្ឋក្នុងខេត្ដក្រចេះជាង ១ពាន់គ្រួសារ ត្រូវផ្លាស់ប្ដូរទីជម្រក ហើយប៉ះពាល់ដល់សន្ទួងវស្សាប្រមាណជាង ៣០១២ហិចតា។ នេះបើយោងតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
គិតរហូតមកដល់ថ្ងៃទី២៩ ខែសីហានេះ ខ្យល់កន្ដ្រាក់ បានវាយប្រហារផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរលំអស់ជាច្រើនខ្នង ហើយមិនតែប៉ុណ្ណោះទឹកជំនន់បានឆក់យកជីវិត មនុស្ស ០៦នាក់ទៀតផង។ ទឹកជំនន់បានបន្ដលិចក្នុងស្រុកចំនួន ០៥ និងក្រុងមួយ របស់ខេត្ដក្រចេះ ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ជិត ១ម៉ឺនគ្រួសារ។
ប្រជាពលរដ្ឋប្រមាណជាង ១ពាន់គ្រួសារដែលត្រូវជម្លៀសទៅរកទីទួលសុវត្ថិភាព បានបង្ហាញពីក្ដីបារម្ភ ពីជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ខណៈទឹកបានជន់លិចរយៈពេល ស្របពេលដែលពួកគាត់មួយចំនួនធំ បានធ្លាក់ខ្លួនឈឺជាបន្ដបន្ទាប់។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ថា ស្រូវវស្សាចំនួន ៣០១២ហិចតា បានរង់ផលប៉ះពាល់ ហើយបានខូចខាតចំនួន ១៥៣២ហិចតា ខណៈដំណាំរួមផ្សំខូចខាតជាង ៧០០ហិចតា។ បន្ថែមពីនេះ លំនៅឋានប្រជាពលរដ្ឋ ៩១៥៤ខ្នង បានរងផលប៉ះពាល់ ហើយប្រជាពលរដ្ឋ ១៣០៣គ្រួសារ ត្រូវជម្លៀសចេញ ខណៈសាលារៀន ៨១កន្លែង មិនអាចបន្ដការសិក្សាបាន និងមណ្ឌលសុខភាព ៣កន្លែងត្រូវបិទដំណើរការ។
យោងតាមការព្យាករណ៍ពីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែសីហានេះ បានបញ្ជាក់ថា កម្ពស់ទឹកនៅទន្លេមេគង្គខេត្ដក្រចេះ មានកម្ពស់ ២២,១៧ម៉ែត្រ ដែលជាកម្ពស់ទឹកស្ថិតក្នុងកម្រិតប្រកាសអាសន្ន។ ជាមួយគ្នានេះក្រសួងធនធានទឹក ក៏បញ្ជាក់ដែរថា ស្ថានភាពទឹកនៅទន្លេមេគង្គខេត្ដក្រចេះនេះ នឹងនៅតែបន្ដកើនឡើងថែមទៀត សម្រាប់ថ្ងៃទី៣០ ខែសីហា។ ដោយឡែកថ្ងៃទី៣១ ខែសីហា ទឹកនឹងស្រកចុះបន្ដិចវិញ ក៏ប៉ុន្ដែនៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្ននៅឡើយ។
យោងតាមការព្យាករណ៍នេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ ក៏ដូចជាប្រពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថា ហេតុ៕