en     km
en     km

ពលរដ្ឋ​ខ្មែរ​ ២៦​នាក់​ត្រូវ​បាន​សង្គ្រោះ​ពី​ក្រៅប្រទេស​

Share

​ភ្នំពេញ​ ៖​ ក្រសួងការបរទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ស្ថាន​តំណាង​កម្ពុជា​នៅ​ក្រៅប្រទេស​បាន​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ក្រៅប្រទេស​ចំនួន​ ២៦​នាក់​ ពី​ប្រទេស​ចំនួន​ ០៣​ ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​នេះ​។​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​ បាន​ជួយ​ស្ដ្រី​ខ្មែរ​ចំនួន​ ១៧​នាក់​ ឲ្យ​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ បន្ទាប់​ពី​រក​ឃើញ​ថា​ ពួក​គេ​ត្រូវ​បាន​ពួក​មេខ្យល​បោក​បញ្ឆោត​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​ដោយ​ខុសច្បាប់​។​ ស្ដ្រី​ទាំង​ ១៧​នាក់​នេះ​ មាន​អាយុ​ចន្លោះ​ពី​ ១៩​ ដល់​ ៣៤​ឆ្នាំ​។​

​ទន្ទឹម​គ្នា​នេះ​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​នៅ​ប្រទេស​ ម៉ា​ឡេ​ស៊ី​ ក៏​បាន​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ ចំនួន​ ០៧​នាក់​ ដែល​បាន​ទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​នេះ​ ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​ផង​ដែរ​។​ ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​ ០៧​នាក់​នេះ​ មាន​ម្នាក់​ជា​ស្ដ្រី​។​ ជាមួយ​គ្នា​នេះ​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​នៅ​ឥណ្ឌូ​នេ​ស៊ី​ ក៏​បាន​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​ ០២​នាក់​ផង​ដែរ​ ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។​ បន្ទាប់​ពី​ពួក​គេ​ ត្រូវ​បាន​អាជ្ញាធរ​ ឥណ្ឌូ​នេ​ស៊ី​ចាប់ខ្លួន​ ហើយ​រក​ឃើញ​ថា​ ពួក​គេ​លួច​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​នេះ​។​

​សូម​ជម្រាប​ថា​ ពលរដ្ឋ​ខ្មែរ​ទាំង​អស់នេះ​ ត្រូវ​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ជា​បន្ដបន្ទាប់​ ហើយ​គិត​មក​ដល់​ថ្ងៃ​ទី​២៨​ ខែសីហា​នេះ​ ពួក​គេ​បាន​មក​ដល់​កម្ពុជា​អស់ហើយ​៕

Share

ព័ត៌មានទាក់ទង

Image