en     km
en     km

អវត្តមាន​សាក្សី​ស្រី​មុំ​នាំ​ឱ្យ​តុលាការ​លើក​ពេល​សវនាការ​សំណុំរឿង​មន្ត្រី​អាដហុក

Share

ភ្នំពេញ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​សម្រេច​លើក​ពេល​សវនាការ​ លើ​សំណុំរឿង​អ្នក​ការពារ​សិ​ទិ្ធ​មនុស្ស​ ដោយសារ​ អវត្តមាន​សាក្សី​នាង​ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​។​

លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

                                       មន្រ្តីការពារសិទ្ធិមនុស្សអាដហុកទំាងប្រំារូប។រូបភាព៖ Adhoc



​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​លើក​ពេល​សវនាការ​ក្នុង​សំណុំរឿង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដោយសារ​អវត្តមាន​សាក្សី​សំខាន់​ដែល​ ប្រកាស​នឹង​ធ្វើ​ឡើង​វិញ​ខែ​ក្រោយ​។​

​មន្ត្រី​អា​ដ​ហុ​ក​៤​រូប​និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ១​រូប​ ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​ ១​ ឆ្នាំ​ ក្រោម​ការ​ចោទ​ពី​បទ​ សមគំនិត​ និង​សូកប៉ាន់​សាក្សី​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ ស្រី​មុំ​ ជាមួយ​ លោក​ កឹ​ម​ សុខា​។​ អ្នក​ទាំង​៥​ រូប​ ត្រូវ​បាន​តុលាការ​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ កាលពី​ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​។​

​លោក​ យី​ សុខសាន្ត​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប​ក្នុង​ចំណោម​នោះ​ មាន​ប្រសាសន៍​ថា​ តុលាការ​សម្រេច​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ទី​ ១៨​ ខែ​ កញ្ញា​ ខាង​មុខ​នេះ​ ព្រោះ​សាក្សី​ និង​ជនជាប់ចោទ​ជា​ច្រើន​រូប​អវត្តមាន​។​

​ក្នុង​សវន​ការ​ព្រឹក​ម៉ិ​ញ​នេះ​ នាង​ខុ​ម​ ចាន់​តា​រ៉ា​ទី​ ជា​សាក្សី​សំខាន់​ត្រូវ​អវត្តមាន​ ហើយ​ជនជាប់ចោទ​ លោកស្រី​ លឹ​ម​ មុន្នី​ និង​ លោក​ នី​ ចរិយា​ ក៏​ត្រូវ​អវត្តមាន​ព្រោះ​ពួក​គាត់​ពុំ​ទទួល​បាន​ដីកា​កោះហៅ​នោះ​ទេ​។​

​មន្ត្រី​អង្គ​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ទាំង​៤​រូប​នោះ​ លោក​ ណៃ​ វ៉ង់​ដា​ លោក​ យី​ សុខសាន្ត​ លោក​ នី​ សុខា​ និង​លោកស្រី​ លឹ​ម​ មុន្នី​ ត្រូវ​បាន​តុល​ការ​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​ ៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​រីឯ​ លោក​ នី​ ចរិយា​ អតីតមន្ត្រី​អង្គ​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ដែល​ បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី​តាម​មាត្រ​២៩​ និង​ មាត្រា​ ៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​ក្នុង​សំណុំរឿង​នាង​ខុ​ម​ ចាន់​ដា​រ៉ា​ទី​ហៅ​ស្រី​មុំ​ និង​ លោក​ កឹ​ម​ សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​ អំ​ សំអាត​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លី​កាដូ​ដែល​ឃ្លាំមើល​សវនាការ​ព្រឹក​ម៉ិ​ញ​ យល់​ថា​ ការ​លើក​ពេល​សវនាការ​ជា​រឿង​ចាំបាច់​ព្រោះ​អវត្តមាន​សាក្សី​ដ៏​សំខាន់​។​ លោក​សង្ឃឹមថា​ សវនាការ​នៅ​ខែ​ក្រោយ​នេះ​នឹង​ផ្តល់​ភាព​យុត្តិធម៌​ដល់​អ្នក​ទាំង​៥​នាក់​នោះ​។​

​មុន​ចូល​សវនាការ​ លោក​ យី​ សុខសាន្ត​ ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំងអស់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ព្រោះ​កិច្ចការ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​គ្រាន់តែ​ចង់ឱ្យ​សង្គម​មានការ​គោរព​ច្បាប់​ប៉ុណ្ណោះ​។​

​សូម​រំលឹក​ថា​ សំណុំរឿង​ អ្នក​ការពារ​សិ​ទិ្ធ​មនុស្ស​ អា​ដ​ហុ​ក​ទាំង​៥​រូប​នេះ​ ដែល​ត្រូវ​ នាង​ស្រី​មុំ​ចោទ​ដាក់​នោះ​ គឺ​ពាក់ព័ន្ធ​លោក​កឹ​ម​សុខា​ហើយ​ករណី​នេះ​នាំ​អោយ​លោក​កឹ​ម​សុខា​ លាក់ខ្លួន​ នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ចាក់​អង្រែ​លើ​ រយៈពេល​៦​ខែ​ ដែល​ប្រឈម​មុខ​នឹង​ការ​មិន​ចូលខ្លួន​តាម​ដីកាកោះ​របស់​តុលាការ​។​

តែ​ក្រោយមក​លោក​កឹ​ម​សុខា​ ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែងទោស​ តាម​សំណើ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​។​ ដោយឡែក​លោក​កឹ​ម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​ថ្មី​មួយទៀត​ ក្រោម​បទ​ចោទ​ ក្បត់ជាតិ​ ៕​

Share

Image
Image
Image