ភ្នំពេញ ៖ មន្ដ្រីនាំពាក្យបក្សកាន់អំណាច បានអះអាងថា កម្ពុជា នៅតែរក្សាជំហរ កណ្ដាល ដោយមិនងាកទៅរកប្រទេសណាមួយផ្ដាច់មុខឡើយ។ តែកម្ពុជា ក៏ពិចារណាដែរ ចំពោះប្រទេសដែលនៅតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ សម្រាប់អ្នកឃ្លាំមើលស្ថានការណ៍សង្គម ឃើញថា កម្ពុជានៅមិនទាន់ច្បាស់ថាត្រូវ ទៅរកប្រព័ន្ធគ្រប់គ្រងណា ជាក់លាក់នោះទេ ប៉ុន្ដែត្រូវធ្វើយ៉ាងណារកដំណោះស្រាយដើម្បីងាយសហការជាមួយគ្រប់ប្រទេសប្រយោជន៍លំនឹងនយោបាយ និងសេដ្ឋកិច្ច។
លោក លៀ ស៊ីណា រាយការណ៍ ៖
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ រាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតកាលពីចុងខែកក្កដា ឆ្នាំ២០១៨ នឹងត្រូវបង្កើតឡើង។ នេះគឺជាការរៀបចំឋានុក្រុមប្រព័ន្ធគ្រប់គ្រងជាថ្មី និងការដាក់ផែនការនានា ដើម្បីអភិវឌ្ឍន៍ និងដឹកនាំប្រទេស រយៈពេល ៥ឆ្នាំទៅមុខទៀត។
ទន្ទឹមនឹងរដ្ឋាភិបាលថ្មីកំពុងត្រៀមបង្កើតឡើង លោក សុខ ឥសាន មន្ដ្រីនាំពាក្យ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានឈ្នះការបោះឆ្នោតទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់នោះ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលអាណត្ដិថ្មី នៅតែរក្សាជំហរ អនុវត្ដន៍គោលនយោបាយការបរទេស ស្របទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ លោកថា រដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្ដកសាង និងពង្រឹងទំនាក់ទំនងជាមួយគ្រប់ប្រទេសទាំងអស់លើពិភពលោក ដោយមិនប្រកាន់និន្នាការនយោបាយ ឬក៏មនោគមន៍របស់ប្រទេសណាមួយឡើយ។ កម្ពុជានៅតែឈរលើគោលការណ៍ ស្មើភាព និង គោរពដែនអធិបតេយ្យ ទៅវិញទៅមក។
កន្លងមកកម្ពុជា ត្រូវបានគេគិតថា បានងាកខ្លួនទៅរកចិនស្ទើរទាំងស្រុងទៅហើយ ដើម្បីឲ្យចិនគាំទ្ររដ្ឋាភិបាលក្នុងការដឹកនាំប្រទេស។ ករណីនេះមន្ដ្រីនាំពាក្យបក្សប្រជាជនកម្ពុជា បដិសេធ ដោយបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាស្វាគមន៍គ្រប់ប្រទេស ដែលចូលមកចងមេត្រីជាមួយកម្ពុជា។ ក៏ប៉ុន្ដែកម្ពុជា មិនស្វាគមន៍ប្រទេសណាមួយដែលចូលមក មានបំណងជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។
លោក សុខ ឥសាន បន្ដថា ជាការពិតកម្ពុជាហាក់មានទំនាក់ទំនងល្អជាមួយចិន ពីព្រោះតែចិនជាប្រទេសដែលតែងតែជួយកម្ពុជា ដោយមិនដាក់លក្ខខណ្ឌ ឬក៏គាបសង្កត់កម្ពុជាឲ្យធ្វើតាម។ ករណីនេះ លោកស្នើឲ្យប្រទេសដែលតែងតែជ្រៀតជ្រែកកិច្ចការនានារបស់កម្ពុជា ពិសេសគឺកិច្ចផ្ទៃក្នុង គួរពិនិត្យមើលសកម្មភាពរបស់ខ្លួនឡើងវិញ ៖«អញ្ចឹងមិនអាចចោទថា កម្ពុជាហ្នឹងលំអៀងទៅរកខាងណេះខាងណោះបានទេ ហើយសុំឲ្យបណ្ដាប្រទេសដែលមានចរិតចូលចិត្ដជ្រៀកជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា សូមឲ្យពិនិត្យមើលបញ្ហានេះផង»។
មន្ដ្រីនាំពាក្យ គណបក្សប្រជាជនកម្ពុជា អះអាងថា កម្ពុជានឹងពិចារណាឡើងវិញចំពោះ ប្រទេសមួយចំនួនដែលនៅតែបន្ដជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ជុំវិញជំហររបស់រដ្ឋាភិបាលកម្ពុជានេះ លោក គឹម សុខ អ្នកតាមដានស្ថានការណ៍សង្គម ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ពិតជាមិនបានបង្ហាញជំហររបស់ខ្លួនជាក់លាក់ ងាកទៅរកប្រទេសណាមួយនៅឡើយទេ គឺសូម្បីប្រទេសចិន ។ តែលោកថា នៅពេលនេះ រដ្ឋាភិបាលកំពុង ព្យាយាមបន្ធូរស្ថានការណ៍ ដើម្បីឲ្យអន្ដរជាតិទាំងសេរី និងកុម្មុយនីស ទទួលស្គាល់ដូចគ្នា អំពីកិច្ចការដែលកម្ពុជាកំពុងធ្វើ និងភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោត។
យ៉ាងណា លោក គឹម សុខ គិតថា ទំនងមិនបានផលនោះទេ បើកាលណាអន្ដរជាតិនៅតែប្រកាន់ជាប់ ថា កម្ពុជា មិនទាន់បានធ្វើអ្វីដែលឆ្លើយតបពិតប្រាកដស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ៖«ខ្ញុំគិតថា ការប្រឹងប្រែងទាំងឡាយណាដែលមិនមានភាពស្មោះត្រង់តាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ ជាអ្វីដែលសហគមន៍អន្ដរជាតិជួយជ្រោមជ្រែងតាមរយៈកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយសមិទ្ធផលទាំងឡាយដែលកើតចេញពីកិច្ចព្រមព្រៀងហ្នឹង វាមិនទាន់បានឃើញជាផលផ្លែដល់សង្គមជាតិ តែវាឃើញតែដើរថយក្រោយវិញនោះ។ រដ្ឋាភិបាលថ្មីនេះ ពុំមានមូលដ្ឋានឯណា ដែលនឹងអាចទទួលស្គាល់ពីសហគមន៍អន្ដរជាតិបានទេ»។
កម្ពុជា មានសន្តិភាព ក្រោមការទទួលស្គាល់ពីសហគមន៍អន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីស ២៣តុលា ១៩៩១។ ក្រោមស្មារតីនេះ កម្ពុជា ទទួលបានជំនួយរាប់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ប្រទេស សំដៅកាត់បន្ថយភាពក្រីក្រ។ តាមរយៈ កិច្ចព្រមព្រៀងសន្តិភាពក្រុងបារីស កម្ពុជា ត្រូវបានបង្ខំអោយអនុវត្តន៍ការគោរសិទិ្ធមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យមួយដ៏រឹងមាំ។ តែការបោះឆ្នោតសភាលកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលអវត្តមាន បក្សប្រឆាំងធំមួយ បាននាំឲ្យមានការចោទសួរ ពីគុណតម្លៃ ប្រជាធិបតេយ្យនៅកម្ពុជា ខណៈពួកលោកសេរី មើលមកឃើញថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងជួបគ្រោះថ្នាក់។ តែបែបនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាច នៅតែអះអាងថា ប្រជាធិបតេយ្យនៅតែត្រូវបានលើកតម្កើង ដោយមិនស្ថិតនៅកក្រោម ចំណាប់ខ្មាំងរបស់ក្រុមប្រឆាំង និងប្រទេសណាមួយឡើយ៕