ភ្នំពេញ៖ ក្រោយពេលទទួលដំណឹងមរណភាពរបស់ លោក John McCainសមាជិកព្រឹទ្ធសភាអាមេរិក លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចំអកថា លោក John McCain អ្នកនិយមសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក៏ត្រូវតែស្លាប់ដែរ ហើយលោក John McCain ស្លាប់ទាំងមិនទាន់បានដាក់ទណ្ឌកម្មមកលើកម្ពុជាផង។ ផ្ទុយទៅវិញ សកម្មជនអតីតគណបក្សសង្គ្រោះជាតិចូលរួមសោកស្ដាយចំពោះមរណភាពនេះ។
យោងតាមបណ្ដាញសង្គមតេលេក្រាមរបស់លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ បានលើកឡើងថា មរណភាពរបស់លោក John McCain គឺជាក្រិតក្រមធម្មជាតិ មិនអាចប្រកែកបានជាដាច់ខាត តែជាការមួយគួរឱ្យសោកស្ដាយខ្លាំងណាស់ ដែលការស្លាប់នេះស្របពេលដែលមិនទាន់សម្រេចលទ្ធផលដាក់ទណ្ឌកម្មមកលើកម្ពុជានៅឡើយ។
យ៉ាងណាក្ដី លោក សុខ ឥសាន្ត បន្ថែមទៀតថា លោក John McCain បានលាចាកលោកក្នុងជន្មាយុ ៨១ឆ្នាំ ដោយជម្ងឺមហារីក ខួរក្បាល ដែលមិនអាចរកគ្រូពេទ្យ ពូកែនៃប្រទេសមហាអំណាច មកជួយយិតយោងជីវិតលោកបានឡើយ ។ លោក សុខ ឥសាន្ត ក៏បួងសួងឱ្យលោក John McCain បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
តាមរយៈការស្លាប់របស់លោក John McCainនេះ លោកសុខ ឥសាន្ត បង្ហាញទៀតថា អ្នករស់នៅក្នុងសហរដ្ឋអាមេរិក មិនខុសពីការរស់នៅលើបណ្ដាប្រទេសក្រីក្រនោះទេ ពោលគឺស្លាប់ដូចតែគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែល John McCain ទន្ទិញចាំមាត់នោះ ក៏មិនអាចជួយបន្តនិងស្រោចស្រង់អាយុជីវិតលោកបានដែរ ។
ផ្ទុយទៅវិញ គេក៏ឃើញមានសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើន បានចូលរួមរំលែកទុក្ខនិងសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់លោក John McCain។ ជាក់ស្ដែង លោកស្រី មួ សុខហួរ បានសរសេរក្នុងទំព័រហ្វេសបុករបស់លោកស្រីថា «ខ្ញុំ និងប្រជាពលរដ្ឋខ្មែរទាំងអស់សូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់រូបលោក John McCain ព្រឹទ្ធសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ហើយលោកជាវីរៈបុរសពិតក្នុងការ ការពារលិទ្ធប្រជាធិបតេយ្យ ពិសេសជូនពលរដ្ឋខ្មែរយើង។ សូមវិញ្ញាណក្ខន្ធលោក បានទៅកាន់សុគតិភព»។
ជុំវិញការស្លាប់របស់លោក John McCain គេសង្កេតឃើញថា អ្នកគាំទ្រខាងគណបក្សកាន់អំណាចនៅកម្ពុជាបានចំអកចំពោះការស្លាប់នេះ ដោយបង្ហាញតាមរយៈហ្វេសបុកផ្ទាល់ខ្លួនស្រដៀងៗគ្នាថា មនុស្សតាមឈ្នានីសខ្មែរត្រូវបានស្លាប់ហើយ។ ផ្ទុយពីនេះ ចំពោះអ្នកគាំទ្រអតីតគណបក្សប្រឆាំង បានសរសេរក្នុងន័យមិនពេញចិត្តនឹងការបង្ហាញរបស់បមន្ត្រីគណបក្សប្រជាជនថា លោក John McCain ស្លាប់ក្នុងអាយុ៨១ ឆ្នាំ តែមិនដឹងថាមនុស្សក្នុងបក្សប្រជាជនកម្ពុជាបានរស់ដល់អាយុរបស់លោក John McCain ដែរឬក៏អត់។
ផ្សេងពីនេះ មរណភាពរបស់លោក John McCain ត្រូវបានអ្នកនយោបាយនៅអាមេរិកពីគ្រប់មជ្ឈដ្ឋាន ចាត់ទុកថា ជាការបាត់ បង់ដ៏ធំធេង។ ជាក់ស្ដែងអតីតប្រធានាធិបតី Barack Obama ដែលបានឈ្នះលោក John McCain នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៨ បានលើកឡើងថា លោកនិងអ្នកដទៃទៀតជំពាក់គុណលោក John McCain ។
គួររំលឹកថា លោក McCain បានទទួលមរណភាពនៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងនេះ គឺត្រូវនឹងថ្ងៃសៅរ៍ ម៉ោងនៅសហរដ្ឋ អាមេរិក។ លោក McCain ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថា មានជំងឺដុះដុំសាច់ក្នុងខួរក្បាលតាំងពីឆ្នាំ២០១៧។ លោកជាប្រធាន គណះកម្មការកិច្ចការបទេស ទទួលបន្ទុកសេវាកម្មអាវុធ។ លោកជាអ្នកផ្ដួចផ្ដើមគំនិតពង្រាងច្បាប់អោយព្រឹទ្ធសភាអាមេរិក ដាក់ទណ្ឌកម្ម មន្ត្រីជាន់ខ្ពស់កម្ពុជា ដែលវិធានការនេះ ត្រូវគេរំពឹងថាសេតវិមានរបស់ប្រធានាធិបតីដូណាល់ត្រាំយល់ព្រមអនុវត្តឆាប់ៗនេះ។តែបែបនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាចនៅកម្ពុជា សម្ដែងការមិនចាប់អារម្មណ៍ឡើយ៕