ភ្នំពេញ៖ តំណាងរាស្ត្រមណ្ឌលសៀមរាប របស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះមហាក្សត្រ ចេញរាជក្រឹត្យប្រទានកាលើកលែងទោស តាមសំណើររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៥ សីហានេះ។ លោក អ៊ុំ សំអាន ត្រូវបានតុលាការផ្តន្ទាទោសក្រោមបទចោទញុះញង់ ពាក់ព័ន្ធការអត្ថាធិប្បាយផែនទី សន្ធិសញ្ញាកម្ពុជា-វៀតណាម កាលពីពីរឆ្នាំមុន។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ លើកលែងទោស ឱ្យមានសេរីភាព លោក អ៊ុំ សំអាន តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំមុន។
លោក អ៊ុំ សំអាន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ ខែ និងពិន័យជាប្រាក់ ៤ លានរៀល ក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង «ញុះញង់ឱ្យមានការរើសអើង» តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
លោក កើតនៅឆ្នាំ១៩៧៣ នៅរាជធានីភ្នំពេញ ក្នុងគ្រួសារមួយដែលមានឪពុកជាប៉េអឹម កាលពីសម័យលន់នល់ លោក អ៊ុំ សំអាន បានធំធាត់នៅឃុំដើមពោធិ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។ ពេលនៅកុមារភាព ជាក្មេងឃ្វាលក្របីម្នាក់ កំពុងសិក្សាថ្នាក់បឋមសិក្សា លោក អ៊ុំ សំអាន មានសេចក្តីប្រាថ្នា ចង់ក្លាយជាតំណាងរាស្ត្រមួយរូប នៅពេលអនាគត។ លោក អ៊ុំ សំអាន ជាសិស្សពូកែមួយរូប ដែលតែងតែទទួលចំណាត់ថ្នាក់លេខ១ តាំងនៅថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។ ក្រោយពីបានបញ្ចប់ថ្នាក់បាក់ឌុប ឆ្នាំ១៩៩៣ លោកបានចាកចេញពីខេត្តកំពត មករាជធានីភ្នំពេញ ដើម្បីបន្តបរិញ្ញាប័ត្រផ្នែក សង្គមវិជ្ជា (ជំនាន់ទី២ ឆ្នាំសិក្សា ១៩៩៥-១៩៩៩) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ២ ជានិស្សិតទទួលបានអាហាររូបករណ៍ របស់អ៊ីតាលី ឲ្យសិក្សានៅសាកលវិទ្យាល័យ។ លោក អ៊ុំ សំអាន នៅតែជានិស្សិតពូកែ ហើយលោកត្រូវបានគេទទួលស្គាល់ថា ចេះនិយាយភាសាអង់គ្លេសបានល្អ។ ប៉ុន្តែលោកក៏ល្បីឈ្មោះ ចេញធ្វើបាតុកម្មប្រឆាំងនឹង វៀតណាម ពេលដែលថ្នាក់ដឹកនាំ វៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកនិយាយថា សាកលវិទ្យាល័យ មិនពេញចិត្តនឹងការចេញមុខតវ៉ារបស់លោក តែមិនអាចហាមឃាត់លោកបានទេ ពីព្រោះលោកជានិស្សិតពូកែ នៅក្នុងសាលា។
លោក អ៊ុំ សំអាន បានចាប់ផ្តើមតវ៉ាលើ បញ្ហាព្រំដែន ឆ្នាំ២០០១ នៅពេលដែលលោក ត្រូវបានជ្រើសរើសជាប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ក្រោយពីបានធ្វើជា អគ្គលេខាធិការ និង អនុប្រធាន ជាច្រើនឆ្នាំ។ លោក បានសរសេរលិខិត និងរបាយការណ៍ជាច្រើន ទៅព្រះមហាក្សត្រ នរោត្តម សីហនុ ពីបញ្ហាព្រំដែន ជាមួយប្រទេសវៀតណាម ដែលចាប់ពីពេលនោះមក សម្ដេច ហ៊ុន សែន បាស្គាល់ឈ្មោះលោក តាមរយៈលិខិតរបស់ព្រះមហាក្សត្រេ ផ្ញើទៅសម្ដេច ហ៊ុន សែន ស្តីពីការព្រួយបារម្ភរបស់យុវជន រឿងព្រំដែន ជាមួយប្រទេសវៀតណាម។
ឆ្នាំ២០០៣ លោក អ៊ុំ សំអាន បានលាឈប់ពីប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ លេខរៀងទី៤ ខេត្តសៀមរាម នៃគណបក្ស សម រង្ស៊ី ប៉ុន្តែមិនបានជាប់ឆ្នោតទេ។ នៅឆ្នាំ២០០៤ លោក អ៊ុំ សំអាន បានទៅរស់នៅសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០១៣ ទើបលោកវិលមកឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រជាថ្មី ខេត្តសៀមរាបដដែល ក្នុងអតីតគណបក្សសង្គ្រោះជាតិ ក្រោយពេល គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បានរួមបញ្ចូលគ្នាជាមួយ គណបក្ស សម រង្ស៊ី នៅឆ្នាំ២០១២ រួចមក។ លើកនេះ លោកបានជាប់ឆ្នោតជា តំណាងរាស្ត្រ ជាស្ថាពរ។ ក្នុងនាមជាអ្នកតំណាងរាស្ត្រ លោក អ៊ុំ សំអាន បានបន្តឧត្តមគតិរបស់លោក តាំងពីលោកនៅជានិស្សិត ក្នុងដោះស្រាយទំនាស់ព្រំដែន រវាងកម្ពុជា និង វៀតណាម ជាបន្ត។ លោកបានដឹកនាំនិស្សិត ព្រះសង្ឃ និងសកម្មជនគណបក្សប្រឆាំងផង ចុះទៅពិនិត្យបញ្ហាព្រំដែន និងការបោះបង្គោលព្រំដែនថ្មី ជាហូរហែរ នាឆ្នាំ២០១៥។ ជាមួយគ្នានេះ លោកបានទៅស្រាវជ្រាវផែនទីព្រំដែនខ្មែរ នៅអង្គការសហប្រជាជាតិ រដ្ឋសភាអាមេរិក និង នៅទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ។
លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនទាំងនៅមាន អភ័យឯកសិទ្ធិតំណាងរាស្ត្រ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ក្រោយពេលប៉ុន្មានម៉ោង បន្ទាប់ពីលោក វិលត្រឡប់ពីសហរដ្ឋអាមេរិក។ មតិជាតិ និងអន្តរជាតិ បានធ្វើការថ្កោលទោសចំពោះការចាប់ខ្លួននេះថា ជាការរំលោករដ្ឋធម្មនុញ្ញ មាត្រា៨០ និងច្បាប់។ លោក ត្រូវបានតុលាការ កាត់ទោសឲ្យជាប់គុណ ២ឆ្នាំ ៦ខែ និងបង់ពិន័យជាទឹកប្រាក់ ៤ លានរៀល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦៕