ភ្នំពេញ ៖ ក្រសួងធនធានទឹក បានប្រាប់ឲ្យដឹងថា ទឹកទន្លេមេគង្គ ហក់ឡើងជាថ្មីចាប់ពីថ្ងៃទី២៣ ខែសីហា ដោយសារតែតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ មានប្រព័ន្ធសម្ពាធទាបមួយកំពុងកើតឡើងនៅទីនោះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលផ្សព្វផ្សាយលើបណ្ដាញសង្គមកាលពីថ្ងៃទី២៤ ខែសីហា។
ក្រសួងធនធានទឹក បញ្ជាក់ថា ប្រទេសកម្ពុជា តំបន់ខ្ពស់រាបភាគឦសាន និងបណ្ដាខេត្ដដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម អាចនឹងបន្ដមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន។ ចំណែកបណ្ដារាជធានី ខេត្ដ ដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
ដោយឡែកតំបន់អាងទន្លេមេគង្គ ចាប់ពីតំបន់ស្ថានីយ៍តម្រងទឹកភ្លៀង ជលសាស្ដ្រ នគរភ្នំ (ខ្សែវ័ណ្ឌទី ១៧ នៃរយៈទទឹងខាងជើង) ទៅទិសខាងជើង អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅច្រើន។ ការធ្លាក់ភ្លៀងនេះ នឹងនាំឲ្យទឹកទន្លេមេគង្គហក់ឡើងជាថ្មីម្ដងទៀត ចាប់ពីថ្ងៃទី២៣ ខែសីហា តទៅ។
ក្រសួងធនធានទឹក និងឧតុនិយម ស្នើឲ្យក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ជាប់ទន្លេមេគង្គ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕