en     km
en     km

វិភាគ៖ តើ«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»​មានសក្តានុពលកម្រិតណា?

Share

ប​ន្ទាប់ពីការបោះឆ្នោតជាតិបានបញ្ចប់ លទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានឈ្នះលើគណបក្សទាំង១៩ ផ្សេងទៀតដោយទទួលបានអសនៈក្នុងរដ្ឋសភាទាំងអស់តែម្តង គឺ១២៥ លើ១២៥។ ប្រការនេះនាំឱ្យសម្តេច ហ៊ុន សែន បង្កើត«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» មួយឡើងដែលក្រុមប្រឹក្សានេះមានសមាសភាពមកពីបក្សចាញ់ឆ្នោត។ ក្រុមប្រឹក្សាដែលបង្កើតឡើងដោយនាយករដ្ឋមន្រ្តីនេះ នឹងមានសិទ្ធចូលរួមយោបល់ ផ្តួចផ្តើមគំនិត និងរិះគន់ កែលំអររដ្ឋាភិបាល។ បញ្ហាគឺការបើក ចំហរបេះដូងទទួលមតិរិះគន់។

តើរដ្ឋាភិបាលហ៊ានបើកបេះដូង ស្តាប់មតិយោបល់ និងការទិតៀនរបស់«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» កម្រិតណាឬមួយក្រុមប្រឹក្សានេះ បង្កើតឡើងដើម្បីតែកំដរឆាកនយោបាយរបស់បក្សកាន់អំណាចឬយ៉ាងណា?

 

រូបភាពសមាជិកសភាដែលភាគច្រើនមកពីគណបក្សកាន់អំណាចលើកដៃយល់ព្រមអនុម័តច្បាប់នាពេលកន្លងមក។

 

កម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជាតិនីតិកាលទី៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ដែលមានគណបក្សចំនួន ២០បានចូលរួមការប្រកួតប្រជែង។ លទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ដែលកាន់អំណាចជាង ៣០ឆ្នាំនោះ បានបន្តយកជ័យជម្នះលើគណបក្សទាំង១៩ផ្សេងទៀត ហើយក្រសោបយកអសនៈក្នុងរដ្ឋសភាទាំងអស់តែម្តង គឺ១២៥ លើ១២៥។

ជ័យជម្នះដ៏កម្រមាននេះ ធ្វើឱ្យគណបក្សកាន់អំណាចចាស់វស្សាមួយនេះ ហាក់ស្ថិតក្នុងប្រព័ន្ធដឹកនាំរដ្ឋមួយបែបឯកបក្ស ខណៈការបោះឆ្នោតលើកនេះគ្មានវត្តមានគណបក្សប្រឆាំងដ៏ធំ។

ចំពោះមជ្ឈដ្ឋានទូទៅ យល់ថាប្រព័ន្ធដឹកនាំរដ្ឋបែបឯកបក្សបែបនេះគឺមិនឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិបតេយ្យឡើយ ហើយអាចបណ្តាលឱ្យបក្សឈ្នះឆ្នោតធ្វើអ្វីបានតាមតែអំពើចិត្តតែម្តង។

ដើម្បីបញ្ជៀសនូវរាល់ការរិះគន់ ប្រមុខរដ្ឋាភិបាលបានសម្រេចផ្តួចផ្តើមគំនិតបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»ដែលមានសមាសភាពប្រធាន ឬអនុប្រធានគណបក្សចំនួន១៦ ដែលគ្មានអសនៈក្នុងរដ្ឋសភា។

បើតាមនាយករដ្ឋមន្រ្តី ការបង្កើត«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»នេះឡើងគឺដើម្បីប្រមូលធាតុចូលផ្សេងៗចូលរួមជាគំនិត យោបល់ រិះគន់​ និងស្ថាបនាជាតិរួមគ្នា ពិសេសគឺទិតៀនភាពអសកម្មរបស់រដ្ឋាភិបាល ដើម្បីកុំឱ្យរដ្ឋាភិបាលជិះសេះលែងដៃ។

«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»ដែលកើតចេញពីគំនិតសម្ដេចនាយករដ្ឋមន្រ្តីនេះ ក៏ត្រូវបានផ្តល់សិទ្ធិចូលរួមផ្តល់គំនិត យោបល់លើកការរៀបចំគោលនយោបាយដល់រដ្ឋាភិបាល និងលើសេចក្តីព្រាងច្បាប់​របស់រដ្ឋាភិបាលមុនគណៈរដ្ឋមន្រ្តីអនុម័ត។ ក្រុមប្រឹក្សានេះ ក៏មានសិទ្ធិរិះគន់ពីភាពអសកម្ម ភាពខ្វះចន្លោះរបស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ និងបញ្ហាដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។

ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ហើយសមាជិកក្នុងក្រុមនេះនឹងត្រូវបានចាត់តាំងជាទីប្រឹក្សារដ្ឋាភិបាល ឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។

ជាការពិតក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ការបើកចិត្តទូលាយស្តាប់មតិយោបល់ ការរិះគន់ ទិតៀនពីមជ្ឈដ្ឋានសាធារណៈ គឺជារឿងគាប់ប្រសើរខ្លាំងណាស់ ព្រោះមានតែការទិតៀននោះទេ ដែលអាចធ្វើឱ្យអ្នកមានសិទ្ធិធ្វើសេចក្តីសម្រេច អាចមើលឃើញពីកំហុសឆ្គង ហើយធ្វើការកែប្រែបានទាន់ពេល។

ប្រសិនបើរដ្ឋាភិបាលអាណត្តិថ្មីពិតជាបើកបេះដូង​ ស្តាប់មតិយោបល់ ការទិតៀន ពីគូភាគីម្ខាងទៀតមែននោះ ប្រហែលជាទំព័រប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជា ឈានទៅរកការអភិវឌ្ឍជាតិ។

​តែចំណោទបញ្ហានៅត្រង់ថា តើ«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»​ដែលបង្កើតឡើងដោយប្រមុខរដ្ឋាភិបាលនេះ អាចមានឥទ្ធិពលកម្រិតណាមកលើរដ្ឋាភិបាល ។ចុះរដ្ឋាភិបាលខ្លួនឯងនឹងអាចទទួលយកការរិះគន់ក្រុមនេះបានកម្រិតណា។

បើក្រឡេកមកមើលអតីតកាលបន្តិច យើងឃើញថា អតីតសមាជិកសភារបស់អតីតគណបក្សសង្គ្រោះជាតិ ពួកគេតែងតែជំទាស់ ឬធ្វើពហិការមិនចូលរួមប្រជុំអនុម័តលើច្បាប់ណាមួយដែលពួកគេយល់ថា ធ្វើឱ្យខូចផលប្រយោជន៍ជាតិ។ តួយ៉ាងសមាជិករដ្ឋសភារបស់អតីតគណបក្សសង្គ្រោះជាតិទាំង ៥៥រូប បានពហិការមិនចូលរួមអនុម័តច្បាប់មួយចំនួនដូចជា ច្បាប់ស្តីពីការគ្រប់គ្រងអង្គការ ច្បាប់ស្តីពីសហជីព ជាដើម ព្រោះពួកគេយល់ថា ច្បាប់នេះនឹងបំបិទសេរីភាពបញ្ចេញមតិរបស់សង្គមស៊ីវិល និងក្រុមសហជីព។ បើទោះបីជាសមាជិករដ្ឋសភារបស់អតីតគណបក្សប្រឆាំង តំណាងឱ្យប្រជាជនជិតពាក់កណ្តាលមិនពេញចិត្ត ខំដើរចេញពីសភាយ៉ាងណា​ ក៏ច្បាប់ទាំងនោះត្រូវបានយកអនុវត្តដដែល ព្រោះសមាជិករដ្ឋសភាគណបក្សកាន់អំណាចដែលមាន ៦៨សំឡេងបានលើកដៃគាំទ្រ។

នេះឆ្លុះបញ្ចាំងឱ្យឃើញថា  សំឡេងជំទាស់មិនមែនជាឧបគ្គសសម្រាប់បក្សកាន់អំណាចឡើយ។ ទាញចេញពីករណីជាក់ស្តែងកាលពីអតីតកាលនេះ តើគេអាចរំពឹងបានទេ ពីប្រសិទ្ធភាពនៃសំឡេងរបស់«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»​ថាអាចមានឥទ្ធិពលទៅលើរដ្ឋាភិបាល ខណៈដែលក្រុមប្រឹក្សានេះមិនមានអសនៈក្នុងរដ្ឋសភាសម្បីតែមួយអសនៈនោះ។

មកដល់ត្រង់នេះ មានចម្ងល់ជាច្រើនបានចោទជាសំនួរថា តើប្រមុខរដ្ឋាភិបាលចាំបាច់បង្កើត«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»​ដើម្បីទទួលយកយោបល់ពីគណបក្សតូចៗធ្វើអ្វី ខណៈនៅក្បែរខ្លួននាយករដ្ឋមន្រ្តីសម្បូរទៅដោយអ្នកចេះដឹង និងទីប្រឹក្សាយ៉ាងសម្បូរបែបហើយនោះ។

មជ្ឈដ្ឋានទូទៅ និងអ្នកវិភាគមួយចំនួនយល់ថា ការបង្កើតឱ្យមាន«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»ឡើង គឺគ្រាន់តែដើម្បីលម្អភ្នែកមហាជនឱ្យមើលឃើញថា រដ្ឋាភិបាលមានសំឡេងពហុបក្សតែប៉ុណ្ណោះ ខណៈអសនៈទាំងអស់កំពុងស្ថិតក្នុងដៃបក្សកាន់អំណាច។

សរុបជារួម ប្រសិនបើរដ្ឋាភិបាលពិតជាមានឆន្ទៈទទួលយកមតិ យោបល់ ការទិតៀន ដើម្បីស្ថាបនានិងអភិវឌ្ឍន៍ជាតិពិតប្រាដកមែននោះ រដ្ឋាភិបាលគួរតែចាប់យកដៃគូបន្ថែមទៀតដូចជាសង្គមស៊ីវិល  ក្រុមអ្នកវិភាគឯករាជ្យ អ្នកឯកទេសបរទេស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម ព្រោះថាពួកគេកន្លងមកបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាល ទោះបីក្នុងទំហំធំ ឬតិចតួចក្តី។ រដ្ឋាភិបាលត្រូវចេះឱ្យតម្លៃ និងចាត់ទុកពួកគេដូចជាកញ្ចក់ ដើម្បីឱ្យពួកមាឱកាសស្វែងរកការពិត លើកយកការពិតមកបង្ហាញឱ្យរដ្ឋាភិបាលធ្វើការកែប្រែ៕

Share

ព័ត៌មានទាក់ទង

Image