វេណេហ្សូអេឡា ៖ អង្គការសហប្រជាជាតិ បានអំពាវនាវស្វែងរកជំនួយពីសហគមន៍អន្ដរជាតិ ដើម្បីជួយជនភៀសខ្លួនប្រទេសវេណេហ្សូអេឡា ដែលកំពុងសម្រុកទៅនៅប្រទេសជិតខាង ហើយខ្វះស្បៀងអាហារ ថ្នាំពេទ្យ និងទឹកស្អាត។ អ្នកនាំពាក្យអគ្គលេខាអង្គការសហប្រជាជាតិ ស្ទេហ្វែន ដូចារិក បាននិយាយថា ជនភៀសខ្លួន វេណេហ្សូអេឡា បានកើតឡើងជាង ១លាន ៥០ម៉ឺននាក់ នៅរយៈពេលប៉ុន្មានខែដ៏ខ្លីនេះ ហើយការភៀសខ្លួនរបស់ពួកគេ គឺដោយសារតែរឿងសេដ្ឋកិច្ច និងយោបាយ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា ទាំងឧត្ដមស្នងការ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និងអង្គការទេសន្ដប្រវេសន៍អន្ដរជាតិ IOM បានពិនិត្យឃើញថា ជនភៀសខ្លួនទាំងនោះ កំពុងប្រឈមមុខនិងវិបត្ដិស្បៀងអាហារជាខ្លាំង ហើយពួកគេរស់នៅយ៉ាងកកកុះនៅតាមព្រំដែន ប្រទេស កូឡុំប៊ី និងប្រទេស ប៉េរ៉ូ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា លោកអគ្គលេខាធិការ អាំតូនីញូ គូទើរេស បានបញ្ជូនសាររបស់លោក ទៅកាន់ប្រទេសជិតខាង វេណេហ្សូអេឡា ដោយស្នើឲ្យបើកច្រកទ្វារទទួលយកជនភៀសខ្លួនទាំងនោះ ហើយផ្ដល់ការរស់នៅដោយក្ដីមេត្ដា និងមនុស្សធម៌។
កាលពីថ្មីៗនេះ មូលនិធិរូបិវត្ថុអន្ដរជាតិ IMF បានព្រមានថា សេដ្ឋកិច្ចវេណេហ្សូអេឡា នឹងក្រឡាប់នៅចុងឆ្នាំ២០១៨នេះ ដោយសារតែអតិផរណាឡើងកបពពក សូម្បីតែប្រាក់បូលីវ៉ា របស់ប្រទេសនេះ សឹងតែគ្មានតម្លៃទៅហើយ។
តាមសារព័ត៌មាន Sky news ស្ដ្រីជនភៀសខ្លួន វេណេហ្សូអេឡា មួយចំនួនបានធ្លាក់ខ្លួនជាស្ដ្រី រកស៊ីផ្លូវភេទ នៅប្រទេសដែលពួកគេបានទៅដល់។ លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ដែលសហគមន៍អន្ដរជាតិមិនទទួលស្គាល់ឋានៈរបស់លោកនោះ កំពុងស្ថិតនៅក្នុងស្ថានភាព រងគ្រោះដោយសារការដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។
សហរដ្ឋអាមេរិក ព្រមានថា របបលោក ម៉ាឌូរ៉ូ អាចនឹងត្រូវដូលរលំ ដោយសារតែប្រជាជនបាត់បង់ការគាំទ្រលោក ឲ្យបន្ដការដឹកនាំរដ្ឋាភិបាលទៅមុខទៀត៕